មណ្ឌលគិរីៈ ស្រ្តីអាយុ៤៩ឆ្នាំម្នាក់ ត្រូវបានសត្វឃ្មុំទិចជិត៧០កន្លែង រហូតដល់ស្លាប់ ខណៈកំពុងតែដេកលើអង្រឹង ក្រោមដើមប័រមួយដើម ស្ថិតនៅភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ។ 

ស្រ្តីរងគ្រោះមានឈ្មោះ អឹម វណ្ណេត ជាមនុស្សញៀនស្រា ហើយសត្វឃ្មុំ ដែលទិចគាត់រហូតដល់ស្លាប់នោះ គឺជាប្រភេទឃ្មុំចង្អេរ។ គ្មានអ្នកណាម្នាក់ដឹងថាសត្វឃ្មុំមួយហ្វូងនោះហើរ មកពីទីកន្លែងណានោះទេ ដែលត្រូវបានគេចាត់ទុកឧបទ្ទេវហេតុនេះថា ជារឿងមួយចម្លែក កម្រកើតមានណាស់។នេះបើយោងតាម នគរបាលជាតិ នៅថ្ងៃទី១៦ ខែមករានេះ។

នគរបាលមូលដ្ឋានបានធ្វើការសាកសួរសាក្សីជាច្រើននាក់ ពាក់ព័ន្ធនឹងករណីនេះ។ តាមការឆ្លើយបំភ្លឺរបស់សាក្សី ​លោកឈាង បូរ៉ា អាយុ ២៤ឆ្នាំ ដែលត្រូវ​ជា កូនធម៌ របស់ស្រ្តីរងគ្រោះ បានឱ្យដឹងថា នៅរសៀល ថ្ងៃកើតហេតុ លោក កំពុង​តែ​ដេកលើអង្រឹងក្រោមផ្ទះ ហើយពេលនោះ លោកបាន​ឮសំឡេងស្រែករបស់ស្រ្តីរងគ្រោះ ដែលអ្នកជិតខាងរបស់លោក។

ពេលនោះ លោកក៏បានរត់ទៅមើល ហើយឃើញស្រ្តីរងគ្រោះកំពុងតែលើកដៃបក់ឃ្មុំ ដែលកំពុងរោម ទិចគាត់ជាច្រើនមេ ស្ថិតនៅក្រោមដើមប័រ ដោយពុំដឹងថាសត្វឃ្មុំនោះ ហើរមកពីណានោះទេ។

លោកបានប្រាប់នគរបាលដូច្នេះថា៖«ឃើញសភាពបែបនោះ ខ្ញុំក៏រត់ទៅជួយគាត់ ដោយយកភួយក្រោបពីលើគាត់ រួមទាំងខ្ញុំផងដែរ។ ខ្ញុំក៏ប្រាប់គាត់ថា តស់រត់ចេញពីទីនេះ ហើយគាត់ក៏តបថា រត់មិនរួចទេ ពេលនោះមីងឈ្មោះ អឹម វណ្ណេត ក៏ដួល​សន្លប់ឃើញសភាពបែបនេះ ខ្ញុំក៏រត់ ចេញមក ដើម្បីរកគេជួយ»។

លោកបន្តថា លោករត់ដល់ផ្ទះ ស្រ្តីម្នាក់ទៀត ឈ្មោះមុំ តែមិនមានមនុស្សនៅ ហើយក៏រត់បន្តទៅផ្ទះស្រ្តីឈ្មោះសីមា ក៏ឃើញ ឈ្មោះស្រីមា និងកូន ប្រុសរបស់គាត់ កំពុងត្រូវបានសត្វឃ្មុំទិចដូចគ្នា។ លោកបានហៅគាត់ ទៅជួយមើល​ម៉ែធម៌គាត់ដែរ។ 

លោកបញ្ជាក់ថា៖«ដោយឃើញ​ឃ្មុំហើរចេញអស់ ខ្ញុំក៏លើកគាត់ដាក់លើម៉ូតូ ដឹកគាត់មកមណ្ឌលសុខភាព ឃុំស្រែអំពូល ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះគាត់ តែពេទ្យបាន ប្រាប់ថាគឺគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ មូលហេតុ ស្លាប់ គឺដោយសារតែ សត្វឃ្មុំ​ចង្អេរ​ទិច»។

មណ្ឌលសុខភាពក៏បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះពិនិត្យសាកសព។ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការត្រួតពិនិត្យ លើផ្ទៃមុខ និងដងខ្លួន ហើយបានបញ្ជាក់ថា មានត្រនិច ឃ្មុំចង្អេរ ជាច្រើនបានទិចទៅលើដងខ្លួន និងផ្ទៃមុខរបស់ស្រ្តីរងគ្រោះសរុប៦៧កន្លែង ។ 

នគរបាលជាតិបញ្ជាក់ថា៖«សាកសពផ្នែកក្បាល ផ្នែកដងខ្លួន និង ផ្នែកអវយវៈ ពុំមានស្លាកស្នាម ដាច់ ឬរលាត់ ឡើយ ។ តបតាមការស្រាវជ្រាវ និងពិនិត្យជុំវិញកន្លែងកើតហេតុ និងប្រមូលព័ត៌មានបានបញ្ជាក់ឱ្យ ឃើញថាពុំមាន អ្វីគួរឱ្យកត់សម្គាល់ឡើយ ទៅលើសាក​សពរបស់ស្រ្តីជាជនរងគ្រោះ [ក្រៅពីឃ្មុំទិច]។ កម្លាំងជំនាញ សន្និដ្ឋានថា សពខាងលើពិត ជាបានស្លាប់ ដោយសារឃ្មុំចង្អេរទិច ពិតប្រាកដមែន»។

អ្នកដែលចូលរួមពិនិត្យនោះរួមមាន លោកមាស វៃ  នាយប៉ុស្តិ៍ ស្រែអំពូម, លោកតូ មេង នាយរងប៉ុស្តិ៍, លោកសំ ស៊ីធាន មន្ត្រី ប៉ុស្តិ៍,លោក ចេវ សុភាព មន្ត្រី មណ្ឌលសុខភាព ស្រែអំពូម, លោក ស្រៀន ពិសិទ្ធ ជំទប់ទី២ ឃុំស្រែអំពូម, លោកយី អឿន ត្រូវជា ប្តីរបស់ស្រ្តីរងគ្រោះ និងពីឈ្មោះ ឈាង បូរ៉ា ដែលត្រូវជាកូនធម៌របស់ស្រ្តីរងគ្រោះផងដែរ៕