អ្នកបើកបររថយន្តដឹកដំឡូងមីម្នាក់បានស្លាប់ក្រោយពេលបើកបរដឹកដំឡូងនៅចម្ការដំឡូង ប៉ះចំមីនតោនបណ្ដាលឲ្យផ្ទុះ នៅភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទៅ១៧ ខែមករា។
បើតាមអាជ្ញាធរមីន ជនរងគ្រោះមានឈ្មោះ ថៃ សឿន ភេទប្រុស អាយុ ៤២ឆ្នាំ បានរងរបួសជើងទាំងសងខាង និងក្បាល។ ក្រោយពេលឧបទ្ទវហេតុកើតឡើង ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ប៉ុន្តែ បើតាមលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជនរងគ្រោះបានស្លាប់ហើយ។
នេះជាករណីផ្ទុះមីនតោនលើកទី២ ហើយក្នុងឆ្នាំ២០២៥នេះ បន្ទាប់ពីជនរងគ្រោះ២នាក់ដែលជាបុគ្គលិកដោះមីនរបស់ CMAC បានស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះមីនតោនស្លាប់ក្នុងពេលបំពេញការងារ នៅស្រុកងត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៦ ខែមករា។
អាជ្ញាធរមីនអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំឲ្យចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ៕