ក្រសួងព័ត៌មាន​នឹង​បន្ត​ធានា​បរិយាកាស​ការងារ​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​កា​ប្រកប​វិជា្ជជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា អភិវឌ្ឍ​មូលធន​មនុស្ស ​ធានា​សន្តិសុខ​ព័ត៌មាន បន្ត​លើក​កម្ពស់​ការគោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ ទេព អស្នារិទ្ធ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន។

លោក​បាន​ថ្លែង​នៅ​ក្នុង​សំណេរ​អំពី​ស្ថានភាព​សារព័ត៌​មាន​នៅ​កម្ពុជា នៅ​ឆ្នាំ​២០២៤ ​ថា ការ​លើក​កម្ពស់​វិស័យ​សារព័ត៌មាន​នេះ​ ឈរ​លើ​មូលដ្ឋាន​សមភាព គ្មាន​ការ​រើសអើង គ្មាន​ការ​គំរាម​កំហែង និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ។

លោក​ថ្លែង​ថា៖ «សូម​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ទាំង​អស់ ​ក្នុង​ការ​អនុវត្ត​ការងារ សូម​ប្រកាន់​ជំហរ​ស្មោះត្រង់ សុចរិត មិន​លម្អៀង រក្សា​ភាព​ថ្លៃថ្នូរ សណ្តាប់​ធ្នាប់​ល្អ ដោយ​មនសិកា​ការពារ​ផលប្រយោជន៍​សាធារណៈ ឈរ​លើ​មូលដ្ឋាន​ក្រមសីលធម៌ និង​និយាម​វិជ្ជា​ជីវៈ​សារព័ត៌មាន ដើម្បី​ចូលរួម​លើក​កម្ពស់​គុណ​តម្លៃ​វិជ្ជាជីវៈ គុណភាព​សារព័ត៌មាន និង​និរន្តរភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា»។

លោក​រំឭក​ថា  អ្នក​សារព័ត៌មាន​ត្រូវ​អនុលោម​តាម​ច្បាប់​និង​លិខិត​បទដ្ឋាន​ជាធរមាន និង​ត្រូវ​អនុវត្ត​ការងារ​ដោយ​គោរព​សិទ្ធិ តួនាទី និង​ករណីយកិច្ច​របស់​ខ្លួន​ជា​អ្នកសារព័ត៌មាន។

យោង​តាម​លោក អស្នារិទ្ធ បច្ចុប្បន្ន​នេះ កម្ពុជា​មាន​អង្គភាព​សារព័ត៌មាន​ចំនួន ១៦២០ អង្គភាព សមាគម​សារព័ត៌មាន​ចំនួន​២៦ អ្នកសារព័ត៌មាន​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​និង​ទំនើប​សរុប​ចំនួន​ជាង ៨ពាន់​នាក់ ដោយ​ពួក​គេ​បាន​និង​កំពុង​បំពេញ​ការងារ​របស់​ខ្លួន​បាន​យ៉ាង​ពេញ​លេញ មាន​សុវត្ថិភាព ដោយ​ឈរ​លើ​មូលដ្ឋាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មាន។

បច្ចុប្បន្ន​នេះ អ្នកសារព័ត៌មាន​កាសែត និង​សារព័ត៌មាន​អនឡាញ​ដែល​ជា​អ្នក​ជាប់​ពន្ធ​តូច បាន​ទទួល​អត្ថប្រយោជន៍​នៃ​ការ​លើកលែង​ពន្ធ​ប៉ាតង់ ចំនួន​ ៥ឆ្នាំ គឺ​ពី​ឆ្នាំ២០២៣ ដល់ ២០២៨ ខណៈ​ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ក្នុង​ការ​បង្កើត​អង្គភាព​សារព័ត៌មាន​ថ្មី​នៅ​ក្រសួងព័ត៌មាន ទទួល​បាន​ការ​កាត់​បន្ថយ​កម្រៃ​សេវា ចំនួន ៥០ភាគរយ​ ផងដែរ។

នៅ​ឆ្នាំ​២០២៤ ​ក្រសួងព័ត៌មាន​បាន​សម្រប​សម្រួល និង​ដោះស្រាយ​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​វិជ្ជាជីវៈ​ចំនួន ​៤៣​ករណី។ យ៉ាងណា​ក៏ដោយ មាន​អាជ្ញាបណ្ណ​អាជីវកម្ម​ព័ត៌មាន​អនឡាញ​ចំនួន ៥ ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី ដោយសារ​អង្គភាព​បាន​បំពាន​ក្រមសីលធម៌​ធ្ងន់ធ្ងរ។

សម្រាប់​លោក ណុប វី នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា)  លោក​ចង់​ឃើញ​មាន​ភាព​ប្រសើរ​ឡើង​នៃ​សេរីភាព​សារព័ត៌មាន​តាម​រយៈ​ការ​ពិនិត្យ​លើ​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ពាក់​ព័ន្ធ​ឲ្យ​មាន​សង្គតិភាព​ជាមួយ​គ្នា ដូចជា​ក្រមព្រហ្មទណ្ឌ ច្បាប់​ស្ដីពី​ទូរគមនាគមន៍ និង​ច្បាប់​ស្ដី​ពី​របប​សារព័ត៌មាន។

លោក​ជំរុញ​ឲ្យ​ច្បាប់​ស្ដី​ការ​ទទួល​បាន​ព័ត៌មាន​ ត្រូវ​បាន​អនុម័ត​ឲ្យ​បាន​ឆាប់ ខណៈ​ដែល​ក្រសួង​គួរ​ពិចារណា​លើ​ការ​បារម្ភ​នានា​ដែល​ត្រូវ​បាន​លើក​ឡើង​អំពី​ធម្មនុញ្ញ​សារព័ត៌មាន។ សម្រាប់​ការ​ពង្រឹង​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន លោក​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​អនុវត្ត​ច្បាប់ ជាជាង​ពង្រឹង​តែ​វិជ្ជាជីវៈ​ពី​ខាង​អ្នក​សារព័ត៌មាន។

លោក​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ច្បាប់​សារព័ត៌មាន​ នៅ​ពេល​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ប្រព្រឹត្ត​ខុស​ក្រម​វិជ្ជាជីវៈ​ក្នុង​ពេល​បំពេញ​ការងារ ហើយ​ការ​បៀតបៀន​លើ​អ្នក​សារព័ត៌មាន​ដែល​ស៊ើប​អង្កេត​បទ​ល្មើស​ណា​មួយ​គួរ​ត្រូវ​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់។

លោក​បន្ត​ថា៖ «សម្រាប់​បង​ប្អូន​អ្នក​សារព័ត៌មាន​ក៏​គួរ​តែ​ឈរ​នៅ​លើ​វិជ្ជាជីវៈ​ឲ្យ​បាន​រឹង​មាំ​ជាង​ពេល​អ្វី​ដែល​ធ្លាប់​បាន​ធ្វើ​ក្នុង​ការ​បំពេញ​ការងារ​កន្លង​មក ដើម្បី​ជំរុញ​ការ​លើក​កម្ពស់​វិជ្ជាជីវៈ និង​រក្សា​កិត្តិនាម​របស់​អ្នកសារព័ត៌មាន​ផង និង​ដើម្បី​ជា​ខែល​នៅ​ពេល​មាន​ការ​ប្ដឹង​ផ្ដល់​លើ​អ្នក​សារព័ត៌មាន»៕