ទោះ​បី​ជា​គ្មាន​ករណី​ប្រើប្រាស់​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​ត្រូវ​បាន​រាយការណ៍​នា​ពេល​ថ្មីៗ​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្រើន​រំឭក​ដល់​សាធារណជន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​ចូលរួម​ការ​ទប់ស្កាត់​ការ​ចរាចរ​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ។

បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ធនាគារ​ជាតិ​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ ការ​ក្រើន​រំឭក និង​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​ចូល​រួម​នេះ​ ក៏​តាម​សំណើ​របស់​ភ្នាក់ងារ​សម្ងាត់​អាមេរិក ​ផង​ដែរ ខណៈ​ដែល​ប្រាក់​ដុល្លារ​អាមេរិក​នៅ​តែ​កំពុង​ធ្វើ​ចរាចរ​នៅ​កម្ពុជា។

ធនាគារ​ជាតិ​បាន​ស្នើ​ឲ្យ​​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ដក​ហូត​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ក្លែងក្លាយ ពី​អតិថិជន​ដោយ​គ្មាន​សំណង រួច​បញ្ជូន​ទៅ​ភ្នាក់ងារ​សម្ងាត់​អាមេរិក​ជាមួយ​នឹង​របាយការណ៍​ដើម្បី​ភ្នាក់​ងារ​សម្ងាត់​អាមេរិក​ស៊ើប​អង្កេត​បន្ត។

សេចក្ដី​ជួន​ដំណឹង​បន្ត​ថា៖ «គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ត្រូវ​រក្សា​ទុក​ព័ត៌មាន​អំពី​អត្តសញ្ញាណ​អតិថិជន​​ដែល​ចរាចរ​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ក្លែង​ក្លាយ ហើយ​ផ្តល់​ព័ត៌មាន​ទាំង​នេះ​មក​ធនាគារជាតិ​នៃ​កម្ពុជា។​ សាធារណជន​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ពិនិត្យ​ពិច័យ​ឱ្យ​បាន​ហ្មត់ចត់​មុន​នឹង​ទទួល​យក​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក ហើយ​ក្នុង​ករណី​មាន​ការ​សង្ស័យ​ថា​ ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​នោះ​ក្លែង​ក្លាយ សូម​ផ្តល់​ព័ត៌មាន​ជូន​ធនាគារជាតិ​នៃ​កម្ពុជា»។

ធនាគារជាតិ​នៃ​កម្ពុជា​ក៏​លើក​ទឹក​ចិត្ត​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំង​អស់ ណែនាំ​អតិថិជន​របស់​ខ្លួន អំពី​របៀប​កំណត់​អត្តសញ្ញាណ​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ពិត​ដើម្បី​ចូល​រួម​ការ​ទប់​ស្កាត់​ការ​ប្រើប្រាស់ ក្រដាស​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ។

ខណៈ​ដែល​គ្មាន​ករណី​រាយការណ៍​អំពី​ប្រាក់​ដុល្លារ​ក្លែងក្លាយ​នា​ពេល​ថ្មីៗ​នេះ​នៅ​កម្ពុជា អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ក៏​បាន​បញ្ចេញ​មតិ​យោបល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ធនាគារ​ជាតិ ដោយ​លើក​ទឹក​ចិត្ត​ឲ្យ​ធនាគារ​ជាតិ​បង្ហាញ​ពី​របៀប​កំណត់​ថា​តើ​ប្រាក់​ដុល្លារ​បែប​ណា​ជា​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ អ្នក​ខ្លះ​ក៏​បាន​លើក​ទឹកចិត្ត​ឲ្យ​សាធារណៈ​ជន​ប្រើ​ប្រាស់​ប្រាក់​រៀល​វិញ៕