ភ្នំពេញៈ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទ​បញ្ជា​ឱ្យកម្លាំងនគរ​បាល ត្រូវតែបង្កើនសកម្មភាពទ្វេរដង ក្នុងការបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបក្រុមក្មេងទំនើង សម្រាប់ឆ្នាំ២០២៥នេះ។

ផែនការ ដែលលោកបានដាក់ចេញ ក្នុងសកម្មភាពទប់ស្កាត់ក្រុមក្មេងទំនើង ទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បី​ធានាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនោះ មានទាំងការងារផ្សព្វផ្សាយអប់រំនៅតាមមូលដ្ឋាន នៅ​ក្នុងវេទិកាសាធារណៈ ការពង្រឹង​អនុវត្តវិធាន​ការ​ជំនាញ និងរឹងបន្ដឹងវិធានការច្បាប់ជាដើម។

លោកឧត្តមសេនីយ៍ឯក ក៏បានដាក់បទបញ្ជាដល់ស្នងការរងទទួលការងារព្រហ្មទណ្ឌ ជាពិសេសទទួល​ដឹកនាំការងារ​បង្ក្រាបទប់ស្កាត់ ក្រុមក្មេងទំនើង ត្រូវចុះធ្វើបច្ចុប្បន្នភាពនៅតាមមូលដ្ឋានទាំងមុខសញ្ញាបង្ហោះម៉ូតូ ឬកែច្នៃមធ្យោបាយ​នានា​ដើម្បីជា​ចំណែកក្នុងការ​អនុ​វត្ត​បទ​បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត។

លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត កាលពីសប្តាហ៍មុន បានបញ្ជាឱ្យគណៈអភិបាល ស្នងការនគរបាលរាជធានីខេត្ត អគ្គស្នងការដ្ឋាននគរ​បាលជាតិ និងកម្លាំងអាវុធហត្ថបន្តសកម្មភាព បង្រ្កាបក្រុមក្មេងទំនើងឱ្យអស់ ដោយមិនត្រូវ​ដោះ​លែងពួកគេបន្ទាប់ពីឃាត់ខ្លួន ប៉ុន្តែ​ត្រូវ​ដាក់​ទោ​សឱ្យបានធ្ងន់​ធ្ងរ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់​ធ្នាប់​សា​ធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ នាថ្ងៃទី៣១ ខែធ្នូ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស សុខាក៏បាន ជំរុញឱ្យ​សមត្ថ​កិច្ច​ចំណុះ​ក្រសួ​ងម​ហា​ផ្ទៃ​បន្ត​រៀបចំផែនការបង្ការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ដោយសហការជាមួយនឹងភាគីពាក់ព័ន្ធផងដែរ ជាពិសេស គឺនៅតាមបណ្តាខេត្តទេសចរណ៍មួយចំនួន។ 

លោកបានណែនាំថា៖«កម្លាំងសមត្ថកិច្ចទាំងអស់ត្រូវតែប្រមូលផ្តុំកម្លាំងរួមដើម្បីបង្រ្កាបឱ្យបាននូវក្មេងទំនើងនេះ ដែលយើងឃើញថា នៅតែមានសព្វថ្ងៃនេះ។ ខ្ញុំសូមឱ្យរឹតបន្តឹងទៅលើកិច្ចការងារនេះឡើងវិញ»។ 

លោកឧបនាយករដ្ឋមន្ត្រីក៏បានឯកភាពទៅលើវិធានការចុះពិនិត្យនៅតាមផ្ទះសំណាក់ ដើម្បីរកក្រុមក្មេងទំនើងផងដែរ ព្រោះ​ថា ពួកគេមួយចំនួនបានជួលបន្ទប់ដេករួមគ្នា​ ក្រោយពីបានដើរដាច់យប់។ លោកក៏បានអំពាវនាវ សុំឱ្យមានកិច្ច​សហ​ការពីម្ចាស់ផ្ទះសំណាក់ ឪពុកម្តាយ អាណាព្យាបាល និងលោកគ្រូអ្នកគ្រូផងដែរ។ 

លោកជួន ណារិន្ទ បានលើកឡើងថា គ្រប់ហេតុការណ៍ ដែលកើតឡើង គឺ​សមត្ថកិច្ច​ជំនាញ​ តែង​តែធ្វើ​កា​រប​ង្ក្រាប​បាន​ជាបន្ដបន្ទាប់ បើទោះបីទប់ស្កាត់មិនទាន់បានទាំងស្រុងយ៉ាងណាក៏ដោយ។

លោកបានឱ្យដឹងថា សកម្មភាពរបស់ក្រុមក្មេងទំនើងមានដូចជា ការកាប់ចាក់គ្នា ការប្លន់ អំពើឃាត់កម្ម និង​អំពើ​លួ​ច។ ក្នុង រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាប​បា​នក្រុ​ម​ក្មេង​ទំ​នើ​ង​២៦នាក់ ដែលពាក់ព័ន្ធនឹង១៤ករណី។

លោកឧត្តមសេនីយ៍ឯកក៏បានលើកឡើងផងដែរថា វត្ថុតាង ដែលមានមធ្យោបាយប្រើសម្រាប់ធ្វើសកម្មភាព ដូចជា ដាវ និងកាំបិតជាដើមនោះ គឺសុទ្ធតែជាសម្ភារ​​ ដែលត្រូវបានកែច្នៃដោយក្រុមក្មេងទំនើងនោះផ្ទាល់តែម្ដង។

លោកក៏បានដាក់បទបញ្ជាឱ្យនគរបាលជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច ឱ្យ​បន្ដយកចិត្ត​ទុ​កដាក់​តាម​ដា​ន​ពិនិ​ត្យទីតាំ​ង​លក់វត្ថុអនុស្សាវរីយ៍ ព្រោះថា មានសម្ភារមួយចំនួនត្រូវបានយកទៅកែច្នៃ ជាដាវ ឬកាំបិតបាន ដើម្បីជាចំណែកបង្ការ និងទប់ស្កាត់កុំឱ្យធ្លាក់ទៅដល់ដៃក្រុមក្មេងទំនើង។

តុ​លាការរាជធានីខេត្តបានចាត់ការ លើសំណុំរឿងក្មេងទំនើងចំនួន២ ១១៥​ករណី ក្នុង​នោះ ​​ក្មេងទំនើងចំនួន​៣ ៣​០០​នាក់​ត្រូវបានឃាត់ខ្លួនក្នុងរយៈពេល​ជាង៧ខែមកនេះ។ រាជធានីភ្នំពេញមាន​ករណី​ក្មេង​ទំ​នើង​ច្រើ​នជា​ង​ប​ណ្តា​ខេត្ត​ផ្សេ​ងៗ​ទៀត៕