ភ្នំពេញ៖ នៅក្នុងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ នៃព្រឹត្ដិការណ៍ប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥ ដែលរៀបចំនៅប្រទេសថៃ កម្មវិធីឌីជីថលចំនួនពីររបស់កម្ពុជាបានឈ្នះមេដាយមាស និងប្រាក់ក្នុងចំណោមបេក្ខជនសំខាន់ៗ ១២០នាក់។
កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ (Machine Translation for Khmer Braille) ដែលអភិវឌ្ឍដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃ ក.ប.ទ. ទទួលបានជ័យលាភី មេដាយមាស (លេខ១) ក្នុងផ្នែកបរិយាប័ន្នឌីជីថល (Digital Inclusivity) ខណៈឥណ្ឌូនេស៊ីពីរក្រុមទទួលបានមេដាយប្រាក់ និងសំរិទ្ធិ។
ចំណែកកម្មវិធី Tenbox ដែលអភិវឌ្ឍដោយក្រុមហ៊ុន Wave Asia Co., Ltd. ទទួលបានជ័យលាភី មេដាយប្រាក់ (លេខ២) ផ្នែកធុរកិច្ចឌីជីថល (Digital Start-up) ខណៈមេដាយមាសបានទៅលើក្រុមមកពីប្រទេសឥណ្ឌូនេស៊ី និងមេដាយសំរិទ្ធិ បានទៅលើម្ចាស់ផ្ទះថៃ។
យោងតាម ASEAN Insights បានឱ្យដឹងថា៖ ពានរង្វាន់ឌីជីថលអាស៊ានត្រូវបានប្រារឰឡើងដើម្បីអបអរសាទរសមិទ្ធផលឌីជីថលឆ្នើមនៅក្នុងតំបន់ ដោយទទួលស្គាល់អង្គការ អាជីវកម្ម និងបុគ្គលដែលជំរុញការច្នៃប្រឌិតជាមួយនឹងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជា AI និងទិន្នន័យ»។
យោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានឱ្យដឹងថា៖ «ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ដែលបានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៥ ថ្ងៃទី១៦-១៧ ខែមករា នៅប្រទេសថៃ បានចូលរួមក្នុងកម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៥ (ASEAN Digital Awards 2025)»។
លោកបានសម្ដែងនូវមោទកភាពរបស់កម្ពុជា ដែលបានឈ្នះមេដាយចំនួន ២ ពីព្រឹត្ដិការណ៍ពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៥ (ASEAN Digital Awards 2025)។
កញ្ញា យ៉ាន់ គីមហួយ assistant lecturer researcher ដែលសមាជិកក្រុមអភិវឌ្ឍកម្មវិធី បកប្រែភាសាខ្មែរប្រៃយ៍ បានឱ្យដឹងកាលពីទទួលពានរង្វាន់ «ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ» ក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា២០២៤ ថា ក្រុមនិស្សិតធ្វើកម្មវិធីបកប្រែភាសាខ្មែរទៅភាសាស្ទាប ប្រៃយ៍ ដែលជំនួយដល់គ្រូក្នុងការផ្ដល់ឯកសារសិក្សាដល់សិស្សពិការភ្នែក។
កញ្ញាបាននិយាយថា៖ «ដូច្នេះ system របស់យើងចេះបកប្រែភាសាខ្មែរទៅភាសាស្ទាប ប្រៃយ៍ ដែលផ្ដល់ភាពងាយស្រួលដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតពិការភ្នែក»។
កញ្ញា គីមហួយ បានឱ្យដឹងថា ដំណាក់កាលដំបូង កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរនេះមានសមត្ថភាពបកប្រែភាសាសរសេរសិន។ ដំណាក់កាលបន្ទាប់ ក្រុមការងារនឹងអភិវឌ្ឍការបកប្រែភាសាសញ្ញាក្នុងវិស័យគណិតវិទ្យា រូបវិទ្យា និងភូមិវិទ្យាជាដើម។
និស្សិត CADT រូបនេះបានបន្ដថា៖ «នេះជាកម្មវិធីលើកកម្ពស់អ្នកអភិវឌ្ឍផ្នែកឌីជីថលផ្សេងទៀតឱ្យមានការខិតខំប្រឹងប្រែងបង្កើនសមត្ថភាពបន្ថែមទៀត»។
ការអភិវឌ្ឍកម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ចាប់ផ្ដើមនៅឆ្នាំ២០២២ ដោយមានកិច្ចសហការជាមួយវិទ្យាស្ថានជាតិអប់រំពិសេស។ ជាមួយទម្លាប់ធ្វើការបកប្រែការសរសេរដោយដៃ កម្មវិធីបកប្រែស្វ័យប្រវត្ដិបានសម្រួលដល់ការងាររបស់គ្រូបង្រៀន និងអ្នកសិក្សាបានច្រើន។
នៅក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ នេះ ប្រទេសសមាជិកអាស៊ានទាំង១០ បានសម្រិតសម្រាំងផលិតផល និងសេវាឌីជីថល (Digital Products and Services) ល្អៗចំនួន ១២០ មកធ្វើការប្រកួតប្រជែង ដោយត្រូវបែងចែកជា ៦ផ្នែក ដែលមានអ្នកឈ្នះ ១៨ក្រុម។
ការប្រកួតទាំងនោះ រួមមាន ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាវិស័យឯកជន ដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថល ដំណោះស្រាយសម្រាប់មាតិកាឌីជីថល ដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថល និង ដំណោះស្រាយសម្រាប់នវានុវត្តន៍ឌីជីថល។
យោងតាមក្រសួង ក្រោយបានឆ្លងកាត់វគ្គជម្រុះជាច្រើនលើក គម្រោងទាំងពីរ ត្រូវបានជ្រើសរើសដើម្បីប្រកួតប្រជែងជាមួយបេក្ខភាពផ្ដាច់ព្រាត់ផ្សេងទៀត ហើយជាលទ្ធផល «កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍» ទទួលបានជ័យលាភី មេដាយមាស លើដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថលល្អបំផុតរបស់អាស៊ាន និង «Tenbox» ទទួលបានជ័យលាភី មេដាយប្រាក់ លើដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតរបស់អាស៊ាន។
គូសបញ្ជាក់ថា កន្លងមក «កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍» ក៏ធ្លាប់បានឈ្នះពានរង្វាន់ទាំងក្នុងថ្នាក់ជាតិនិងអន្តរជាតិ ដូចជាជ័យលាភី «Best Digital Research and Innovation of the Year» ក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤ និងទទួលជ័យលាភី “Best Accessibility Award” ក្នុងកម្មវិធី «AI for Good» នៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World AI Conference) ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។
ចំពោះ «កម្មវិធី Tenbox» ជាផលិតផលនវានុវត្តន៍ឌីជីថល សម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យម្ហូបអាហារនិងបដិសណ្ឋារកិច្ច ប្រើប្រាស់ដើម្បីស្វែងរក ជ្រើសរើស និងធ្វើការបញ្ជាទិញនូវផលិតផលពីអ្នកផ្គត់ផ្គង់ដោយស្វ័យប្រវត្តិ ងាយស្រួល និងឆាប់រហ័ស។
«កម្មវិធី Tenbox» ក៏ជាម្ចាស់ជ័យលាភីធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ ក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៣ ផងដែរ។
កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) គឺជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវិស័យឌីជីថល ឬ ICT នៃតំបន់អាស៊ាន ដែលមានគោលដៅសំខាន់ធ្វើឱ្យអាស៊ានក្លាយជាសហគមន៍ឌីជីថលឈានមុខគេ និងជាប្លុកសេដ្ឋកិច្ច ដំណើរការដោយសេវាកម្មឌីជីថល បច្ចេកវិទ្យា និងប្រព័ន្ធអេកូឡូស៊ី ដែលមានសុវត្ថិភាព និងបរិវត្តកម្ម ស្របតាមផែនការមេឌីជីថលអាស៊ាន៕