លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលមិនពាក់ព័ន្ធនឹងឃាតកម្មលើលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំងដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី៧ ខែមករា នៅប្រទេសថៃនោះទេ។ បើរដ្ឋាភិបាលនៅពីក្រោយឃាតកម្មនេះ ម្លេះរដ្ឋាភិបាលមិនចាប់ឃាតករបញ្ជូនទៅឲ្យអាជ្ញាធរថៃនោះទេ។
ថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានានៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែមករានេះ លោក ហ៊ុន ម៉ាណែត បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់អ្នកវិភាគនៅក្រៅស្រុកដែលថា ឪពុករបស់លោក គឺលោក ហ៊ុន សែន ឬ ថា រដ្ឋាភិបាលនៅពីក្រោយឃាតកម្មនេះ។
លោកថ្លែងថា៖ «ផុតពីរឿងកោះគុត ឥឡូវម្ង៉ៃៗចោទរឿងឃាតកម្មលើលោក លិម គិមយ៉ា ចោទសម្ដេចតេជោ ចោទគ្រួសារ ចោទរដ្ឋាភិបាលថាជាអ្នកធ្វើ។ ខ្ញុំសួរថា រដ្ឋាភិបាលល្ងង់ដល់ថ្នាក់ហ្នឹង? បើរដ្ឋាភិបាលអ្នកចាត់ចែង អ្នកនៅពីក្រោយ ចាំបាច់ចាប់ឃាតករបញ្ជូនទៅឲ្យថៃស៊ើបធ្វើអី?»។
លោក លិម គិមយ៉ា អាយុ ៧៤ ឆ្នាំ អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានខ្មាន់កាំភ្លើងជនជាតិថៃ ឈ្មោះ Ekkalak Phaenoi បាញ់សម្លាប់កាលពីថ្ងៃទី៧ ខែមករា នៅទីក្រុងបាងកក ប្រទេសថៃ។ ក្រោយពេលបាញ់ប្រហារ ជនសង្ស័យ Ekkalak Phaenoi បានរត់គេចមកកម្ពុជា ហើយត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងចាប់បញ្ជូនទៅឲ្យសមត្ថកិច្ចថៃ។
ជនជាតិខ្មែរ២នាក់ក៏ជាជនសង្ស័យក្នុងរឿងនេះដែរ រួមមានឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលសង្ស័យថាជាអ្នកចង្អុលបង្ហាញ និងឈ្មោះ លី រតនរស្មី ដែលជាអ្នកបញ្ជា។ អ្នកទាំងពីរស្ថិតក្រោមដីកាចាប់ខ្លួនរបស់អាជ្ញាធរថៃ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយពេលឃាតកម្មបានកើតឡើង អ្នកវិភាគ និងអ្នកប្រឆាំងនៅក្រៅស្រុកបានកាត់សេចក្ដីរួចហើយថា លោក ហ៊ុន សែន គឺជាអ្នកបញ្ជា ដែលជាការចោទប្រកាន់ខុសពីការពិត។ លោកបន្តថា រដ្ឋាភិបាលថ្កោលទោសការបាញ់ប្រហារនេះ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព។
លោកថ្លែងបន្តថា៖ «បើរដ្ឋាភិបាលជាអ្នកធ្វើ ត្រឹមតែជនដៃដល់ម្នាក់បាញ់នៅថៃ ហើយរត់ចូលដីខ្មែរ តើរដ្ឋាភិបាលគ្មានលទ្ធភាពលាក់បំបាំងម្នាក់ហ្នឹងឬទេ? យើងមានលទ្ធភាពគ្រប់បែបយ៉ាង ប៉ុន្តែ សួរថា ហេតុអីបានជាចូលមកភ្លាមរដ្ឋាភិបាលឲ្យកម្លាំងសមត្ថកិច្ចយើងត្រូវចាប់ជនដៃដល់ហ្នឹងភ្លាម ហើយបញ្ជូនទៅឲ្យថៃតាមការស្នើសុំរបស់គេ ដើម្បីធ្វើការស៊ើបអង្កេតបន្ត? យើងចង់ដឹងថាតើរឿងនេះវាយ៉ាងម៉េចផងដែរ ព្រោះរដ្ឋាភិបាលត្រូវបានគេចោទប្រកាន់ដោយអយុត្តិធម៌រួចហើយ»។
លោកបន្តថា នៅពេលនេះក្រុមអ្នករិះគន់នៅក្រៅប្រទេសបន្តរិះគន់ទៅលើអាជ្ញាធរថៃផងដែរ នៅពេលសមត្ថកិច្ចថៃបានស្រាវជ្រាវលើអ្នកផ្ដើមគំនិតដែលជួលឃាតករឲ្យបាញ់ ហើយរកឃើញថា ឃាតកម្មនេះកើតចេញពីរឿងគំនុំផ្ទាល់ខ្លួន ហើយមិនមែនជារឿងនយោបាយនោះទេ។ លោកចាត់ទុកការវិភាគ និង ការចោទប្រកាន់របស់អ្នកប្រឆាំង និង អ្នកវិភាគនៅក្រៅស្រុកថាជាការកេងចំណេញនយោបាយ។
លោកបញ្ជាក់ថា ការបញ្ជូនជនសង្ស័យទៅឲ្យថៃ គឺដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងតម្លាភាពលើរឿងនេះ ហើយរដ្ឋាភិបាលកម្ពុជាក៏ចង់ដឹងផងដែរ ថាតើឃាតកម្មនេះកើតឡើងដោយសារអ្វី៕