ពោធិ៍សាត់ៈ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការផ្ទាល់ និងប្រយោលចំនួន២នាពេលថ្មីៗនេះ ដើម្បីជួយដល់កសិផលរបស់ពលរដ្ឋទាំងអស់ ជាពិសេស គឺរក្សាតម្លៃស្រូវ នៅក្នុងពេលបុណ្យចូលឆ្នាំចិនវៀតណាមខាងមុខនេះ ដែលការបញ្ជាទិញអាចកាត់បន្ថយ។
វិធានការទាំងនេះត្រូវបានដាក់ចេញ បន្ទាប់ពីតម្លៃស្រូវOMនៅដើមឆ្នាំនេះ បានធ្លាក់រហូតដល់ទៅ ខ្ទង់៨០០រៀលនាពេលបច្ចុបប្បន្ន ខណៈដែលតម្លៃស្រូវសែនក្រអូបរបស់ខ្មែរ មានតម្លៃប្រហាក់ប្រហែលទៅនឹងឆ្នាំទៅមិញដែរ គឺតម្លៃចន្លោះពី១ ២០០រៀល ទៅ១ ៣០០រៀលក្នុង១គីឡូក្រាម។
ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករានេះ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតមានប្រសាសន៍ថា វិធានការផ្ទាល់ កន្លងមក នៅចន្លោះពីខែតុលា ដល់ខែវិច្ឆិកា ២០២៤ ហើយខែមេសា និងឧសភា ២០២៥នេះ រដ្ឋាភិបាលបានបញ្ចេញថវិកា៤០លានដុល្លារ ដើម្បីឱ្យទៅរោងម៉ាស៊ីនកិនស្រូវ ជាទុនបង្វិលទិញកសិកផលពីប្រជាពលរដ្ឋ។
លោកបន្តថា ហើយដើម្បីត្រៀម ផ្តល់សម្រាប់ពីខែមករា ដល់ខែមិនា ថវិកាចំនួន៣០លានដុល្លារទៀតត្រូវបានន្ថែម ជាទុនបង្វិលដល់ម៉ាស៊ីនកិនស្រូវ ឱ្យជួយប្រមូលទិញ កសិកផលពីប្រជាកសិករ ជាពិសេសនៅខែ មករានេះ ដែលជាពេលចូលឆ្នាំ ចិនវៀតណាម ដែលការប្រមូលទិញ អាចនឹងថយចុះ
ប្រមុខរដ្ឋាភិបាលមានប្រសាសន៍ថា៖« អញ្ចឹងអាចជួយដោះស្រាយបាន។ នេះគឺជាការជួយបង្វិលមួយចំនួន។ ទុនត្រូវការធំជាងនេះ តែអ្វីដែលយើងអាចជួយបាន នេះជាវិធានការមួយ ដើម្បីបង្កើននូវការទិញ កុំឱ្យកសិផល ច្រូតហើយមិនសូវមានអ្នកទិញ»។
លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា មួយវិញទៀត ក៏មានយន្តការធានាឥណទាន សម្រាប់ការនាំចេញអង្ករ ដែលមានទំហំគម្រោងពី៣០លានដុល្លារ ឡើងទៅដល់១៥០លានដុល្លារ ដែលត្រូវបានឯកភាពកាលពីសប្តាហ៍មុន ក្រោយពីមានជំនួបជាមួយនឹងសហព័ន្ធស្រូវអង្ករ។
រោងម៉ាស៊ីនកិនស្រូវ ត្រូវការថវិកាជួយ ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ហើយរដ្ឋាភិបាលមានវិធានការគ្រោង ១៥០លានដុល្លារ សម្រាប់កសិកផលទូទៅ។ ក្នុងនោះ រដ្ឋាភិបាលបានប្រើប្រាស់ចំនួន៤០លានសម្រាប់ផលិតផលស្រូវ ហើយបានបន្ថែម៣០លានដុល្លារទៀត។
លោកមានប្រសាសន៍ដូច្នេះថា៖«យើងថែម ១៥០លាន ដុល្លារ។ ១៥០លាននេះ ទៅឱ្យអ្វី? គឺដើម្បីយើងធានាទៅដល់រោងម៉ាស៊ីនកិនស្រូវ មានលទ្ធភាពទៅខ្ចី លុយពីធនាគារឯកជន ដើម្បីយកមកជាទុន យកមកបង្វិល បានរាប់រយលានតទៅទៀត យកមកទិញស្រូវ ដើម្បីបង្វិលពីកសិករ»។
លោកនាយកដ្ឋមន្រ្តីបន្តថា៖«ប្រសិន បើអត់មានលុយ១៥០លាន សម្រាប់ដាក់ធានា ឱ្យម៉ាស៊ីនកិនស្រូវទេ ម៉ាស៊ីនកិនស្រូវ ទៅខ្ចីលុយធនាគារមិនបានទេ។ បានន័យថា រដ្ឋជួយធានាពីសុវត្ថិភាពរបស់ធនាគារឯកជន អញ្ជឹងធនាគារឯកជននឹងបញ្ចេញលុយ រាប់រយលានទៀត បន្ថែមទៅលើថវិកា ៤០ បូក៣០លានរបស់រដ្ឋនេះ ដើម្បីជាទុនបង្វិលទិញស្រូវពីកសិករ នៅក្នុងរយៈពេលប៉ុន្មានខែទៅមុខនេះទៀត ជាពិសេសរដូវច្រូតនេះ រហូតដល់ចុងខែ៣»។
លោកបញ្ជាក់ថា នេះជាវិធានការ ដែលរដ្ឋាភិបាលបាននឹងកំពុងតែធ្វើ និងបន្តធ្វើតទៅនាពេលអនាគតទៀត ដើម្បីធានាចរន្ត ការទិញកសិកផល ក៏ដូចជាទិញស្រូវពីកសិករ។
ក្រៅពីរោងម៉ាស៊ីនកិនស្រូវ ក៏មាន សប្បុរសជនមួយចំនួន ក៏បានកំពុងតែចុះជួយទិញស្រូវរបស់កសិករផងដែរ ទៅតាមលទ្ធភាពដែលខ្លួនមាន។
លោកថ្លែងថា៖«នេះគឺជាវិធានការអន្តរាគមន៍ជាក់ស្តែងមួយចំនួន គឺបញ្ចេញទុកថវិកា អញ្ជឹងសរុបទាំងអស់រាប់រយលាន ហើយខ្ញុំសូមអំពាវនាវឱ្យធនគារឯកជន ជួយផ្តល់ឥណទានដល់វិស័យកសិកម្ម នៅក្នុងអត្រាការប្រាក់មួយដ៏សមរម្យ ជាពិសេសនៅក្នុងដំណាក់កាលនេះ»។
ក្រៅពីការជួយអន្តរាគមន៍ដោយផ្ទាល់ តាមរយៈការបញ្ចេញសាច់ប្រាក់ធានានេះ រដ្ឋាភិបាល ក៏បានគិតគូពីការមិនយកពន្ធលើថ្លៃដីកសិកម្ម ខណៈដែលប្រទេសភាគច្រើនលើពិភពលោក មិនមានការលើកលែងនោះទេ។ បន្ថែមពីនោះ រដ្ឋាភិបាល ក៏បានគិតគូពីការលើកលែង ការមិនយកពន្ធអាករ លើការនាំចូលឧបករណ៍កសិកម្ម ជី និងចំណីសត្វជាដើម។
ប្រមុខរដ្ឋាភិបាលបានក៏បានលើកទឹកចិត្តឱ្យមានការផលិតជីសម្រាប់ដំណាំកសិកម្ម ដោយខ្លួនឯងបន្ថែមទៀត ជាពិសេសគឺការផលិតជីសរីរាង្គ ដែលអាចជួយកសិករឱ្យសន្សំថវិកា ពីការចំណាយលើជី ដែលនាំចូលពីបរទេស។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោកកៅ ថាច មិនអាចទាក់ទងសុំអត្ថាធិប្បាយពីការបញ្ចេញថវិកាធានានេះទេ។
ទោះយ៉ាងណា កាលពីសប្តាហ៍មុន លោកបានថ្លែងថា រាជរដ្ឋាភិបាលបានបញ្ចេញថវិកា សរុបជា២០៨លានដុល្លារអាមេរិកចាប់តាំងពីឆ្នាំ២០១០មក ដើម្បីទ្រទ្រង់វិស័យកសិកម្មនេះ ក៏ដូចជាធានា ស្ថេរភាពថ្លៃស្រូវផងដែរ។
លោកនាយករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់ប្រជាកសិករ ឱ្យចូលរួមនៅក្នុងសហគមន៍កសិកម្មទំនើបផងដែរ ដើម្បីទទួលបានការធានាថ្លៃស្រូវ និងការកាត់បន្ថយការចំណាយលើថ្លៃដើម ក្នុងការផលិត។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា និងថ្នាក់ដឹកនាំ បាន ជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩ ខែមករានេះផងដែរ។
លោករដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាមធ្យោបាយដ៏សំខាន់ក្នុងការជួយដល់ប្រជាកសិករទូទាំងប្រទេស។ សហគមន៍កសិកម្មទំនើប មានផែនការផលិតកម្មច្បាស់លាស់ ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។
លោករដ្ឋមន្រ្តីក៏បាន លើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយការដាំនូវពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុងស្រុកដូចជា សែនក្រអូប ផ្ការំដួល និងចំប៉ីស៧០ជាដើម ដែលមានតម្រូវការតាមរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងមានតម្លៃខ្ពស់ក្នុងទីផ្សារ។
លោកមានប្រសាសន៍ថា៖«សហគមន៍កសិកម្មថ្មីនេះពិតជាផ្តល់ផលចំនេញជាច្រើនដល់ប្រជាកសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិត ទទួលបានការណែនាំពីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម និងមានហានិភ័យទាបពីការប្រែប្រូលអាកាសធាតុ»។
លោករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់ប្រជាកសិករផងដែរ ពីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមខាងមុខនេះ ដែលអាចមានការផ្អាកប្រមូលទិញស្រូវពីសំណាក់ឈ្មួញវៀតណាម។ ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម ជាសេនាធិការលើរឿងនេះ បានសហការជាមួយវិស័យឯកជនដូចជារោងម៉ាស៊ីកិនស្រូវ ជួយអន្តរាគមន៍ដល់ប្រជាកសិករទាំងអស់ អាចលក់ផលស្រូវបាន និងទទួលបានការសង្គ្រោះទាន់ពេលវេលា៕