ភ្នំពេញ៖ ការតាំង​ពិ​ពរណ៍ «​យើង​ទាំង​អស់​គ្នា​យកចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក​»​ ​​រៀបចំ​ដោយអង្គការ​ Douleurs Sans Frontières (DSF) សហការ​​ជាមួយ​វិទ្យាស្ថាន Recherche pour le Développement (IRD) បាន​ផ្ដល់​ការ​គាំទ្រ​ដល់​​​​អ្នក​ជំងឺ​មហារីក និង​ទទួល​ជំនួយ​តាម​រយៈ​​គម្រោង​សិល្បៈ​​​។​

​ការតាំង​ពិ​ព័រ​ណ៍​សិល្បៈ និង​សុខុលមាលភាព​ ​​បំផុស​ក្តីសង្ឃឹម និង​ជំរុញ​ការយល់ដឹង​អំពី​បញ្ហា​ប្រឈម​ផ្នែក​ថែទាំ​សុខភាព​នៅ​កម្ពុជា ដែល​ចាប់​បើក​ពី​ថ្ងៃទី ១៦ ខែមករា ដល់​ថ្ងៃទី ១៦​ ខែកុម្ភៈ នៅ F3 (Friends Futures Factory)​។​

យោងតាម​អ្នករៀបចំ​កម្មវិធី​ បានឱ្យ​ដឹង​ថា៖ «​គោល​បំណង​​​នៃ​ការតាំង​ពិព័រណ៍​​គឺជាការ​បង្ហាញ​​រូបថត​ដែល​បំផុសគំនិត​ដោយអ្នក​ថត​រូប​ជនជាតិ​ព័រទុយហ្គាល់​ លោក​ Miguel Jeronimo ​​ផ្ដិត​យក​រូបភាព​ពេលវេលា​នៃ​សេចក្តី​រីករាយ ​និង​គ្រា​ដ៏​លំបាក​របស់​អ្នក​ជំងឺ​»​។​

គិត​ត្រឹម​ខែកញ្ញា ឆ្នាំ២០២៣​ អ្នកស្រី​ សុ​ផៃ បាន​រក្សា​នូវ​តុល្យភាព​ជីវិត​រវាង​ការបំពេញ​វិជ្ជាជីវៈ និង​ការចំណាយ​ពេលវេលា​ក្នុង នាម​ជា​ម្តាយ​សម្រាប់​កូនស្រី​តែ​ម្នាក់​​បាន​យ៉ាង​ល្អ​។ 

ប៉ុន្តែ​អ្វីៗ​ទាំងនេះ​បាន​ផ្លាស់ប្តូរ នៅពេល​អ្នកស្រី​បាន​រកឃើញថា​ខ្លួន​មាន​ជំងឺមហារីក​ស្បូន​ដំណាក់កាល​ទី៤​​។ ភ្លាមៗ​នោះ អ្នកស្រី​បាន​ប្រញាប់​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ តែ​​ជំងឺមហារីក​​​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​រហូត​មិនអាច​ព្យាបាល​ជាសះស្បើយ​បានឡើយ​។ 

យោង​តាម​អង្គការ DSF បាន​ឱ្យដឹងថា​៖ «ដើម្បី​ព្យាយាម​ប្រយុទ្ធ​នឹង​ជំងឺ​នេះ អ្នកស្រី​​បាន​ឈប់​បរិភោគ​សាច់ ដោយ​សង្ឃឹមថា​អាច​ពន្លឺ​ត​ការវិវត្ត​របស់​ជំងឺ​។ យ៉ាងណាមិញ កម្លាំង​របស់អ្នកស្រី​​បាន​ថយចុះ និង​កាន់តែ​មានការ​ឈឺចាប់​ខ្លាំង​ឡើង​»។​

បន្ទាប់ពីនោះ អ្នកស្រី​ សុ​ផៃ ត្រូវបាន​បញ្ជូនទៅ​កម្មវិធី​ថែទាំ​តាម​ផ្ទះ​របស់​អង្គការ DSF ដែល​ផ្តល់​សេវា​គ្រប់គ្រង​ការឈឺចាប់ ព័ត៌មាន​អំពី​ជំងឺមហារីក និង​ដំណើរ​វិ​វត្ត​របស់​ជំងឺ និង​ការគាំទ្រ​ផ្នែក​ចិត្តសាស្ត្រ​។ 

បច្ចុប្បន្ន អ្នកស្រី​​កំពុង​រៀន​សម្រប​ខ្លួន​ទៅនឹង​ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​​តាមរបៀប​ថ្មី​។ ដោយមាន​ការជួយជ្រោមជ្រែង​ពី​អ្នក​មើលថែ​ អ្នកស្រី សុផៃ កំពុង​ផ្លាស់ប្តូរ​ការយល់ដឹង​អំពី​សុខភាព សុខុមាលភាព និង​ភាព​ធន់ ដែល​ជួយ​ធ្វើឱ្យ​គាត់​បាន​ស្ងប់ចិត្ត​។​

ព្រះ​តេជគុណ​ ណុប ប្រុស​ ព្រះ​ជន្ម ៦០​វស្សា​ មាន​សង្ឃ​ដិកា​ថា​៖​ «​​មនុស្ស​គ្រប់រូប​មាន​កម្មផល ហើយ​គ្រប់​កាលៈទេសៈ ទោះ​លំបាក​យ៉ាងណាក៏ដោយ សុទ្ធ​តែមាន​ហេតុផល​»។​

ក្រោយ​វះកាត់ ព្រះ​តេជគុណបានជ្រើសរើស​ការ​បួស​​ជា​ព្រះសង្ឃ ដោយ​មិន​វិលត្រឡប់​ទៅ​គ្រួសារ​វិញ​។ ភាពស្ងប់ស្ងាត់​របស់​វ​ត្ត​ផ្តល់ឱ្យ​ព្រះ​អង្គ​នូវ​ស្ថេរភាព ​និង​ភាពច្បាស់លាស់​។​

អ្នកស្រី សឿង ជាអ្នករស់រានមានជីវិតពីជំងឺមហារីកសុដន់ មានកម្លាំងពីកូនស្រីតូច នៅពេលដែលអ្នកស្រីប្រឈមមុខការមាក់ងាយជុំវិញការរកឃើញជំងឺមហារីក។ រូបថត Miguel Jeronimo

អ្នកស្រី ​សឿង ​ជា​អ្នក​រស់រានមានជីវិត​ពី​ជំងឺមហារីក​សុដន់ មាន​កម្លាំង​ពី​កូនស្រី​តូច​​ នៅពេលដែលអ្នកស្រី​​ប្រឈមមុខ​ការ​មាក់ងាយ​ជុំវិញ​ការ​រក​ឃើញ​ជំងឺមហារីក​។ អ្នកស្រី​ទទួល​បាន​​​ការគាំទ្រ​ឥតឈប់ឈរពី​អង្គការ​ DSF។​

អស់​រយៈពេល ៣០ ឆ្នាំ​មកហើយអង្គការ​ DSF គឺជា​សញ្ញា​នៃ​ក្តីសង្ឃឹម​សម្រាប់​ប្រជាជន​ដែល​ងាយ​រងគ្រោះ ដោយ​ផ្តល់​ការថែទាំ​វេជ្ជសាស្ត្រ​នៅ​ទូទាំង ១១ ខេត្ត ដោយ​ការ​ផ្ដល់​សេវាកម្ម​​ថែទាំ​តាម​ផ្ទះ និង​ការប្រឹក្សា​តាម​ទូរស័ព្ទ​។​

លោកស្រី Claire Robaye នាយក​ប្រចាំ​ប្រទេស​របស់ DSF បាន​និយាយថា៖ «​យើង​បាន​បោះជំហាន​យ៉ាងសំខាន់​ក្នុងការផ្ដល់​សេវាកម្ម​ដល់​​​សហ​គម​ន៍​ និង​បណ្តុះបណ្តាល​អ្នកជំនាញ​ផ្នែក​ថែទាំ​សុខភាព​ក្នុង​តំបន់​។​ ​ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​ប្រឈម ​ដូចជា​ ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​មាន​កម្រិត លទ្ធភាព​ទទួលបាន​ថ្នាំ​ចាំបាច់​មិន​គ្រប់គ្រាន់ និង​ការ​មាក់ងាយ​ខាង​វប្បធម៌ចំពោះ​អ្នក​​ជំងឺ​»។​​

ការតស៊ូ​មតិ​របស់អង្គការ​ DSF ពង្រីក​លើសពី​ការព្យាបាល​។ ពួកគេ​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​រៀបចំ​យុទ្ធនាការ​យល់ដឹង​ដើម្បី​ដោះស្រាយ​គម្លាត​ផ្នែក​ថែទាំ​សុខភាព​។​

កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ពួកគេ​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក ដោយបាន​សង្កត់ធ្ងន់​ប​ន្ថែ​ម​ទៀត​អំពី​សារៈសំខាន់​នៃ​បេសកកម្ម​របស់​ពួកគេ​។​

មូលដ្ឋានគ្រឹះ​នៃ​ការងារ​របស់អង្គការ​ DSF គឺ​កាត់បន្ថយ​ការ​មាក់ងាយ​ជុំវិញ​ជំងឺ​ដូចជា​មហារីក​។ នៅក្នុង​សហគមន៍​ខ្មែរ​ជាច្រើន ការធ្វើ​រោគវិនិច្ឆ័យ​បែបនេះ​ច្រើនតែ​មានការ​យល់ច្រឡំ ឬ​ត្រូវបាន​បិទបាំង​ដោយ​ស្ងៀមស្ងាត់​។​

អ្នកស្រី សឿង ទទួលបានការព្យាបាលពីអង្គការ DSF តាមរយៈសេវាថែទាំដល់ផ្ទះ។ រូបថត Miguel Jeronimo

អង្គការ DSF ប្រើប្រាស់​សិក្ខាសាលា យុទ្ធនា​ការយល់ដឹង និង​ការ​និទានរឿង​ផ្ទាល់ខ្លួន ដើម្បី​ជំរុញ​ការសន្ទនា​បើកចំហ​អំពី​សុខភាព​។​ដោយ​ប្រើ​ឧបករណ៍​ច្នៃប្រឌិត ​ដូចជា ​ល្ខោន និង​ការថតរូប វា​​លើកទឹកចិត្ត​ឱ្យមាន​ការធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល​ទាន់ពេលវេលា​។​

លោកស្រី Claire បាន​ចែករំលែក​ថា​៖ «​អ្នកជំងឺ​ច្រើន​តែមាន​អារម្មណ៍​ថា​មាន​កំហុស ឬ​ខ្មាស​ចំពោះ​ជំងឺ​របស់​ពួកគេ​​។ ​​តាមរយៈ​ការចែករំលែក​រឿង​ពិត និង​ការលើកកម្ពស់​ការអប់រំ យើង​កំពុងបង្វែ​​ការយល់​ខុស និង​ផ្តល់​សិទ្ធិអំណាច​ដល់​សហគម​ន៍​ក្នុងការ​ស្វែងរក​ការថែទាំ​ដោយ​គ្មាន​ការភ័យខ្លាច»​។​

យុទ្ធនាការ​បរិច្ចាគ​ដែល​កំពុង​បន្ត​របស់របស់​ DSF រួម​មា​ន ទឹក​ប្រាក់ ១០​ដុល្លារ​​ ពិនិត្យ​មនុស្ស​ម្នាក់​សម្រាប់ HPV ​ជា​ជំហាន​ដ៏​សំខាន់​ក្នុងការ​ការពារ​ជំងឺមហារីក​មាត់ស្បូន​។

ទឹក​ប្រាក់ ២០​ដុល្លារ​ ផ្តល់​មូលនិធិ​ដល់​ការពិគ្រោះ​ជាមួយ​ការគាំទ្រ​ផ្នែក​វេជ្ជសាស្ត្រ និង​ផ្លូវចិត្ត​សម្រាប់​អ្នកជំងឺ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ និង ១០០​ដុល្លារ​ ឧបត្ថម្ភ​យុទ្ធនា​ការយល់ដឹង​ពី​ជំងឺមហារីក​សម្រាប់​សិស្ស ១០០​។​

ការរួមចំណែក​អាចធ្វើ​ឡើង​តាមរយៈ​គេហទំព័រ​ផ្លូវការ​របស់ DSF ឬ ABA' Pay ដោយ​ធានាថា​រាល់​ប្រាក់​ដុល្លារ​គាំទ្រ​ដល់​វប្បធម៌​នៃ​សុខភាព សេចក្តីថ្លៃថ្នូរ និង​សហគមន៍​។​

ចក្ខុវិស័យ​របស់របស់​ DSF លាតសន្ធឹង​ហួស​ពី​ជញ្ជាំង​វិចិត្រសាល​។ គោលដៅ​រយៈពេល​វែងរ​បស់​ពួកគេ​គឺ​ពង្រីក​លទ្ធភាព​ទទួលបាន​ការថែទាំ​អ្នកជំងឺ និង​ជំនួយ​ផ្លូវចិត្ត​នៅ​ទូទាំងប្រទេស​កម្ពុជា ដោយ​បង្កើត​បណ្តាញ​ដែល​ធានាថា​គ្មាន​នរណាម្នាក់​ប្រឈមមុខ​នឹង​ជំងឺ​តែម្នាក់ឯង​។​

លោកស្រី Claire បាន​ប្រាប់ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «​​បុគ្គល​ម្នាក់ៗ​អាចជួយ​ដោយ​ការស្ម័គ្រចិត្ត ឬ​ការ​រៃអង្គាស​ថវិកា ខណៈពេលដែល​អង្គការ និង​ម្ចាស់ជំនួយ​អាច​ចូលរួមចំណែក​ធនធាន​ហិរញ្ញវត្ថុ ឬ​អ្នកជំនាញ​ដើម្បី​ពង្រីក​គំនិត​ផ្តួចផ្តើម​របស់​យើង»។​

ការតាំងពិព័រណ៍ «​យើង​ទាំង​អស់​គ្នា​យកចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក​»​ នេះ ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់អង្គការ​ DSF ក្នុងការ​លើកកម្ពស់​កា​រ​យល់ដឹង​អំពី​ការគ្រប់គ្រង​ការឈឺចាប់ និង​ការថែទាំ​អ្នកជំងឺ​៕