បន្ទាយមានជ័យៈ ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ ទំហំ១១ហិកតា តម្លៃជាង៦.៥លានដុល្លារអាមរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ រហូតដល់ឆ្នាំ២០៤០ ដើម្បីកែលម្អការគ្រប់គ្រងបរិស្ថាន និងលើកកម្ពស់អនាម័យ នៅក្នុងទីក្រុង នៅតំបន់ជុំវិញបឹងទន្លេសាប។

ទីលានទុកដាក់សំរាមថ្មី ដែលមានស្តង់ដារនេះ គឺជាគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ 

គម្រោងនេះ ប្រើប្រាស់រយ:ពេលសាងសង់ចំនួន១០ខែ ចាប់ផ្តើម ពីខែ ធ្នូ ឆ្នាំ ២០២៣ ដោយក្រុមហ៊ុន ហេង សម្បតិ្ត អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ស្ថិតក្នុង សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។  នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៨ ខែកមរានេះ។

ទីលាននេះ នឹងគ្រោងឱ្យប្រើប្រាស់រហូតដល់ឆ្នាំ២០៤០ សម្រាប់ប្រជាជនប្រមាណជាង ១២៨​ ២០៨នាក់ ដែលរស់នៅក្នុងសង្កាត់ម្កាក់ កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នៀត និងកោះពង្សសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោករស់ វណ្ណា ក្នុងពិធីបើកសម្ពោធ បានពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងពីអត្ថប្រ​យោជន៍ ​នៃការសាងសង់ទីលានទុកដាក់សំរាម ក៏ដូចជាស្ថានីយចម្រោះទឹកកខ្វក់ ដែលពលរដ្ឋ អាចទាញផលប្រយោជន៍មកវិញបានយ៉ាងច្រើន តាមរយ:ការធ្វើការកែច្នៃប្រើប្រាស់ឡើងវិញ ដូចជា ធ្វើជាជីកំប៉ុកជាដើម។

លោកបញ្ជាក់ថា៖«ជាពិសេសបើមានការទុកដាក់សំរាម និងទឹកកខ្វក់ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស វាអាចកាត់បន្ថយនូវបញ្ហាឈឺថ្កាត់របស់ប្រជាពលរដ្ឋ  ហើយប្រជាពលរដ្ឋពុំចាំបាច់ចំណាយច្រើនលើការព្យាបាលជំងឺផងដែរ»។

លោកបន្ថែមថា ទន្ទឹមនឹងនេះ ប្រសិនបើ មានបរិស្ថានប្រកបដោយអនាម័យ វានឹងរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិតាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ដែល អាចឱ្យប្រជាពលរដ្ឋមានការងារធ្វើ និងបង្កើនប្រាក់ចំណូល និងធ្វើឱ្យតំបន់នោះមានការអភិវឌ្ឍន៍ជឿនលឿន។

លោកបានលើកឡើងថា រដ្ឋាភិបាលបានផ្តល់ជូនប្រជាពលរដ្ឋរួចមកហើយ នូវហេដ្ឋារចនាសម្ព័ន្ធលើដី និងក្រោមដី។ ហេតុនេះ ដើម្បីបន្តនិរន្តរភាពរបស់ទីលានទុកដាក់សំរាម ក៏ដូចជាស្ថានីយចម្រោះទឹកកខ្វក់ គឺចាំបាច់ត្រូវមានការគាំទ្រ របស់ប្រជាពលរដ្ឋ តាមរយៈការចូលរួមបង់ថ្លៃសេវាប្រមូលសំរាម និងថ្លៃសេវាទឹកកខ្វក់ ដែលគោលដៅចំបង គឺការថែរក្សាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។ 

ក្រៅពីទីលានចាក់សំរាមនេះ ក្រសួងសាធារណការ បានសាងសង់រួចមកហើយនូវទីលានទុកដាក់សំរាមតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពត កែប កំពង់ចាម កំពង់ធំ  ក្រចេះ និងខេត្តស្ទឹងត្រែង។

អភិបាលខេត្តស្តីទី លោក លី វណ្ណា រិទ្ធ បានឱ្យដឹងថា គម្រោងនេះ ចំណាយអស់ថវិកាសាងសង់ ៦ ៥៥៣ ៨២០ដុល្លារអាមេរិក។ ទីលាននេះ ត្រូវបានរចនាឡើង ជារណ្តៅ ដែលរណ្តៅទី១មានទំហំ ៦៤ ២៤២ម៉ែត្រគូប អាចផ្ទុកសំរាមបានចំនួន ៥១ ៤១៤តោន និងរណ្តៅទី២ មានទំហំ ៨៧ ៦៣០ម៉ែត្រគូប អាចផ្ទុកសំរាមបានចំនួន ៨៤ ០៦០តោន។ រីឯរណ្តៅបម្រុង មានទំហំ ១៧១ ៨៧៤ម៉ែត្រត្រីគូបអាចផ្ទុក សំរាមបានចំនួន ២៧០ ៩៨៩តោន៕