​ភ្នំពេញ៖ ប្រទេស​កម្ពុជា​កំពុង​ពន្លឿន​នៃការ​ប្រ​ប្រាស់​​រថយន្ត​អគ្គិសនី ដោយគ្រាន់តែ​ឆ្នាំ​២០២៤ នេះ​​រថយន្ត​អគ្គិសនី​នាំ​ចូល​មាន​ចំនួនរហូត​ដល់​ ៣៣៥៧​គ្រឿង​ ជាមួយ​​​គោលដៅ​៣​ម៉ឺន​គ្រឿង​សម្រាប់​ប្រភេទ​រថយន្ដ​ទេសចរណ៍ និង​រថយន្ដ​អាជីវកម្ម​ ក៏ដូចជា​ប្រភេទ​ម៉ូតូ និង​រ៉ឺម៉ក​ ៧៤​ម៉ឺន​គ្រឿង​ទៀត​មុន​ឆ្នាំ​២០៣០​។ ​​

​កំណើន​គួរឱ្យកត់សម្គាល់​នេះ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់កម្ពុជា​​ចំពោះ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការការពារ​បរិស្ថាន​។​

ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​រថយន្ត EV ទំនើបៗ នៅ​​ក្រុមហ៊ុន H.H AUTO PRESTIGE CO.,LTD នៅ​ថ្ងៃទី​១៨ ខែមករា លោកស្រី​ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​​កំណើន​​នេះ​សម្រាប់​ប្រទេស​។​

លោកស្រី​បាន​បញ្ជាក់ថា​៖ «​សន្ទុះ​នៃ​ការអភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី និង​ការប្រើប្រាស់​យានយន្ត អគ្គិសនី​ក្នុង​តំបន់​និង​សកលលោក មាន​និន្នាការ​កើនឡើង​យ៉ាងខ្លាំង​នាពេល​បច្ចុប្បន្ននេះ ពោលគឺ ពិភពលោក​បាន​ស្ទុះ​ចាប់យក​សារៈប្រយោជន៍​ជា​សារ​វ័​ន្ត​ដែល​វិស័យនេះ បានផ្តល់​ដល់​របៀបវារៈ​អភិវឌ្ឍន៍ សង្គម​-​សេដ្ឋកិច្ច ជាពិសេស ផលចំណេញ​សេដ្ឋកិច្ច​»​។​

លោកស្រី​​រដ្ឋមន្ត្រី​បានលើកឡើង​ពី​អត្ថប្រយោជន៍​សេដ្ឋកិច្ចសង្គម​នៃ​ការប្រើ​ប្រាស់​យានយន្ដ​អគ្គិសនី​ ដូចជា​ការបង្កើត​ការងារ កាត់បន្ថយ​ការពឹង​ផ្អែកលើ​ការ​នាំចូល​ប្រេងឥន្ធនៈ និង​ការថយចុះ​ផលប៉ះពាល់​បរិស្ថាន​។​

លោកស្រី​ និម្មល បានលើកឡើង​ថា៖ «​ដំណើរ​របស់​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​យានយន្ត​អគ្គិសនី មានការ​ផ្លាស់ប្តូរ ដែល​បង្ហាញ​ពិភពលោក​ថា យើង​ប្តេជ្ញា​ឆ្ពោះទៅ​អនាគត​ប្រកបដោយ​និរន្តរភាព​»។​

លោកស្រី​បាន​និយាយថា ការ​នាំចូល​យានយន្ត​អគ្គិសនី​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៩​ មានតែ ៥០​ គ្រឿង​ប៉ុណ្ណោះ ​ជា​ឆ្នាំ​ដែល​រថយន្ត​អគ្គិសនី​បាន​ចូលមក​ទីផ្សារ​កម្ពុជា​។​

ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ទីផ្សារ យានយន្ត​អគ្គិសនីនៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​គាំទ្រ​ដោយ​គំនិត​ផ្តួចផ្តើម និង​គោលនយោបាយ​ជា​បន្តបន្ទាប់​របស់​រដ្ឋា​ភិ​បាល​។ រដ្ឋាភិបាល​បានកំណត់​វិស័យ​យានយន្ត​អគ្គិសនី ជា​ចំណុច​សំខាន់​សម្រាប់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​និរន្តរភាព​បរិស្ថាន​។​

​វិធានការ​សំខាន់ៗ​ក្នុងការ​លើកកម្ពស់​យា​ន​ជំនិះ​អគ្គិសនី​នៅ​កម្ពុជា រួមមាន​ការកាត់បន្ថយ​អត្រាពន្ធ​ពិសេស ការលើកទឹកចិត្ត​ក្នុងការ​វិនិយោគ និង​ការផ្តោត​សំខាន់​លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថ្ម​។​

អនុក្រឹត្យ​នៅ​ឆ្នាំ ២០២១​ បាន​កាត់បន្ថយ​ពន្ធ​លើ​យានយន្ត​អគ្គិសនី​សុទ្ធ​ពី ៣០ភាគរយ​មក​ត្រឹ​ម ១០​ភាគរយ​ ដែល​ធ្វើឱ្យ​រថយន្តអគ្គិសនី​មានតម្លៃ​សមរម្យ​សម្រាប់​អ្នកប្រើប្រាស់​។​

​លោកស្រី​​រដ្ឋមន្ត្រី​បានបន្ដ​ថា៖ «គោលការណ៍លើកទឹកចិត្ត​ពន្ធ​សម្រាប់​ការវិនិយោគ​ដំឡើងរថ​យន្ត ទោចក្រយានយន្ត​ និង​ត្រី​ច​ក្រ​យានយន្ត​ក្នុងស្រុក ដោយ​ធ្វើការ​បញ្ចុះ​អត្រាពន្ធ​អាករ​នាំចូល​សរុប (​ពន្ធគយ អាករ​​ពិសេស និង​អាហារ​លើ​តម្លៃបន្ថែម​) ពី ​៥០ភាគរយ​ ដល់ ៩០ភាគរយ​»។ 

កម្ពុជាបានដាក់បង្ហាញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍យានយន្តអគ្គិសនី (EV) ឆ្នាំ២០២៤- ជាមួយនឹងគោលដៅចុះបញ្ជីយានយន្ដអគ្គិសនីចំនួន ៧៧០,០០០ នៅឆ្នាំ២០៣០។ រូបថត ក្រសួងពាណិជ្ជកម្ម

លោកស្រី​បន្ថែមថា​៖ «​វិធានការ​ទាំងនេះ​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់រ​បស់រាជ​​រដ្ឋាភិបាល​របស់​យើង​ក្នុងការ​បង្កើត​បរិយាកាស​អំណោយផល​ដល់​កំណើន EV ការកែលម្អ​សុខុមាលភាព​អ្នកប្រើប្រាស់ និង​ការសម្រេចបាន​នូវ​គោលដៅ​អព្យាក្រឹតភាព​កាបោន»​។​

លោកស្រី​​រដ្ឋមន្ត្រី​បានទទួល​ស្គាល់​តួនាទី​ដែល​មិនអាច​ខ្វះ​បាន​របស់​វិស័យ​ឯកជន​ក្នុង​ការជំរុញ​បដិវត្តន៍យានយន្ដ​អគ្គិសនី​។​

ការដាក់ឱ្យ​ដំណើរការ​រថយន្ត EV ស៊េរី​ថ្មី​ដោយ​ក្រុមហ៊ុន​ឯកជន​មួយ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការបង្កើន​ការប្រកួតប្រជែង​ទីផ្សារ និង​បង្កើន​ជម្រើស​អ្នកប្រើប្រាស់​។​

​លោកស្រី និម្មល បាន​ថ្លែង​ថា ជាមួយនឹង​គោលដៅ​សម្រេចបាន​ការប្រើប្រាស់ EV ៤០ភាគរយ​ នៅ​ឆ្នាំ ២០៥០​ ភាពជា​ដៃគូ​បែបនេះ​គឺជា​ឧបករណ៍​មួយ​ក្នុង​ការបំពេញ​យុទ្ធសាស្ត្រ​អព្យាក្រឹតភាព​កាបោន​​យូរអង្វែង​របស់​កម្ពុជា​។​

ប្រទេស​កម្ពុជា​បានដាក់​បង្ហាញ​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍន៍​យានយន្ត​អគ្គិសនី (EV) ឆ្នាំ​២០២៤-២០៣០ នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២៣ ជាមួយនឹង​គោលដៅ​ចុះបញ្ជី​​យានយន្ដ​​អគ្គិសនី​ចំនួន ៧៧០,០០០ នៅ​ឆ្នាំ​២០៣០ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន និង​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​របស់ខ្លួន​។​

លោកស្រី​​រដ្ឋមន្ត្រី លើកទឹកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​ចាប់អារម្មណ៍​ក្នុងការ​វិនិយោគ​លើយានយន្ត​អគ្គិសនី (EVs) ចាប់យក​ឱកាស​នេះ ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យនេះ​។​

វិស័យ​សំខាន់ៗ រួមមាន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ដូចជា​ស្ថា នីយ​បញ្ចូល​ថាមពលអគ្គីសនី ដោយ​​លោកស្រី​ និម្មល ទទួលស្គាល់ថា បច្ចុប្បន្ន​មាន ២១ នៅ​ទូទាំងប្រទេស ជាមួយនឹងទូសាក​ថ្ម​សរុប​​ចំនួន ២៧ និង​ធានា​ការផ្គត់ផ្គង់​អគ្គិសនី​ពី​ប្រភព​ថាមពល​កកើត​ឡើងវិញ​។​

លោកស្រី​ បាន​និយាយថា វិនិយោគិន​ក៏ត្រូវ​បាន​ជំ​រុញឱ្យ​ផ្តោតលើ​ការរក្សា​ស្តង់ដាគុណភាព ការផ្តល់​សេវាកម្ម​ក្រោយពេល​លក់ ដូចជា​ការថែទាំ និង​ជួសជុល និង​ដោះស្រាយ​បញ្ហា​បរិស្ថាន រួមទាំង​ការគ្រប់គ្រង​កាកសំណល់​ថ្ម​។​

អាទិភាព​បន្ថែម ​រួមមាន ការអភិវឌ្ឍន៍​ជំនាញ​ក្នុង​វិស័យ EV ការបង្កើត​មូលដ្ឋាន​ផ្គត់ផ្គង់​ក្នុងស្រុក​សម្រាប់​គុណភាព គ្រឿងបន្លាស់ និង​គ្រឿងបន្លាស់​ដែលមាន​តម្លៃ​សមរម្យ ដើម្បី​បំពេញតម្រូវការ​ដែល​កំ​ពុង​កើនឡើង និង​ការស្វែងយល់​ពី​លទ្ធភាព​នៃ​ការបង្កើត​រោងចក្រ​ដំឡើងរថយន្ត EV នៅក្នុង​ប្រទេស​កម្ពុជា​។​

លោកស្រី និម្មល ​បាន​ពន្យល់ថា "​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​យើង​គឺ​ផ្តោតលើ​ការកែលម្អ​ប្រសិទ្ធភាព និង​កាត់បន្ថយ​ការចំណាយ​។ “​យើង​កំពុង​ធ្វើ​សមាហរណកម្ម​សេវាសាធារណៈ​ក្រោម​យុត្តាធិការ​របស់​យើង​ទៅក្នុង​ថ្នាល​​ផ្លាស់ប្តូរ​ទិន្នន័យ​កម្ពុជា (CamDX) និង ​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ (NSW)»។ 

​លើសពីនេះ នេះ ក្រសួងពាណិជ្ជកម្ម ក៏​បាននិងកំពុង​ជំរុញ​ការទំនាក់ទំនង​ជាមួយ​ថិ​ជន​ឱ្យ កាន់តែ​ទូលំទូលាយប​ន្ថែ​ម​ទៀត តាមរយៈ​ការពង្រីក Commerce Call Center (១២៦៦) ​ជា​បណ្តាញទូរស័ព្ទ​សាធារណៈ ដើម្បី​ផ្តល់​ការ​វាយ​ស្រួល​ដល់​សាធារណជន ក្នុងការ​សាកសួរ​ព័ត៌មាន​ទាក់ទង​នឹង​និតិ​វិធី​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ក្នុងប្រទេស និង​អន្តរជាតិ ដែល​ផ្តល់ ជូន​ដោយ​មន្ត្រី​ជំនា​ញា​របស់​ក្រសួង​ផ្ទាល់​។​​

​ការលើកកម្ពស់​ភាពជា​ដៃគូ​នៅតែ​ជា​អាទិភាព​មួយ ដោយ​ក្រសួង​ចូលរួម​កិច្ចសន្ទនា​តាមរយៈ​វេទិការ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​។​

​លោកស្រី​រដ្ឋមន្ដ្រី​ បាន​សង្កត់ធ្ងន់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​ច្បាប់ ដូចជា ​ច្បាប់​ប្រកួតប្រជែង និង​ការការពារ​អ្នកប្រើប្រាស់ ទប់ស្កាត់​ការអនុវត្ត​ប្រឆាំងនឹង​ការប្រកួតប្រជែង និង​ការពារ​កម្មសិទ្ធិបញ្ញា​៕