
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និង Ivan John E. Uy រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាដែលធ្វើឡើងនៅខេត្តសៀមរាប អំពីការប្រកាសពីវឌ្ឍនភាពក្នុងកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបច្ចេកវិទ្យា និងជំនាញរវាងប្រទេសទាំងពីរ។ រូបថត សហការី
ខេត្ដសៀមរាប៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន បានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញការផ្លាស់ប្តូររដ្ឋាភិបាលឌីជីថល តាមរយៈភាពជាដៃគូរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់ហ្វីលីពីន។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាថ្ងៃទី២០ ខែមករា ដែលធ្វើឡើងនៅខេត្តសៀមរាប លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និង Ivan John E. Uy រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន បានប្រកាសពីវឌ្ឍនភាពក្នុងកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបច្ចេកវិទ្យា និងជំនាញរវាងប្រទេសទាំងពីរ។
កិច្ចសហការនេះផ្តោតលើថ្នាលឌីជីថលសំខាន់ចំនួនពីរ៖ ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់កម្ពុជា verify.gov.kh និង eGov SuperApp របស់ប្រទេសហ្វីលីពីន ជាថ្នាលដ៏សំខាន់មួយដែលរួមបញ្ចូលសេវាកម្មរដ្ឋាភិបាលជាតិ និងមូលដ្ឋាន ដែលគ្រោងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៥នេះ។
យោងតាមសេចក្តីថ្លែងការណ៍រួមថាបានបង្ហាញថា៖ «ក្នុងការផ្ទេរបច្ចេកវិទ្យាឌីជីថល ទៅវិញទៅមកដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់ប្រទេសទាំងពីរ ជាពិសេស នៅថ្ងៃនេះគឺ អ្នកបច្ចេកទេសនៃប្រទេសទាំងពីរជួបគ្នាដើម្បីផ្លាស់ប្តូរបទពិសោធ និងធ្វើការផ្ទេរបច្ចេកវិទ្យារវាងប្រទេសទាំងពីរ»។
លោក វ៉ាន់ដេត បានលើកឡើងពីចំណុចខ្លាំងនៃកម្មវិធី eGov SuperApp របស់ប្រទេសហ្វីលីពីន ដោយសរសើរសមត្ថភាពនៃការបង្កើតថ្នាលក្នុងការសម្រួលសេវាសាធារណៈ និងកែលម្អទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
លោកបានសង្កត់ធ្ងន់អំពីរបៀបដែលបច្ចេកវិទ្យានេះនឹងដើរតួជាគំរូសម្រាប់ការអភិវឌ្ឍន៍កម្មវិធី DG SuperApp របស់ប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាឌីជីថលទូទាំងប្រទេស។
លោក វ៉ាន់ដេត បានថ្លែងថា៖ «កិច្ចសហប្រតិបត្តិការនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះការផ្លាស់ប្តូរឌីជីថល»។
លោកបន្ដថា៖ «តាមរយៈការរៀនពីបទពិសោធន៍របស់គ្នាទៅវិញទៅមក យើងអាចធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងអំពីការទទួលយកបច្ចេកវិទ្យាត្រឹមត្រូវ ដែលទីបំផុតផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ និងក្របខ័ណ្ឌអភិបាលកិច្ចរបស់យើង»។
លោក Uy ក៏បានកោតសរសើរចំពោះថ្នាលផ្ទៀងផ្ទាត់ឯកសារកម្ពុជា verify.gov.kh ដោយកត់សម្គាល់ការប្រើប្រាស់បច្ចេកវិទ្យា blockchain ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារ និងធានាការផ្ទៀងផ្ទាត់ប្រកបដោយសុវត្ថិភាព។
លោកបានបង្ហាញសុទិដ្ឋិនិយមអំពីការបញ្ចូលសមត្ថភាពទាំងនេះទៅក្នុងប្រព័ន្ធរបស់ប្រទេសហ្វីលីពីន ជាពិសេសសម្រាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណជាតិ និងលិខិតបញ្ជាក់ការសិក្សា។
លោក Uy បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា៖ «ប្រទេសហ្វីលីពីនបានកត់សម្គាល់ពីលក្ខណៈពិសេសនៃថ្នាល verify.gov របស់កម្ពុជា។ វាអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ដូចជា អត្តសញ្ញាណប័ណ្ណជាតិ ប័ណ្ណបើកបរ និងលិខិតបញ្ជាក់អត្រានុកូលដ្ឋាន រួមទាំងសំបុត្រកំណើត អាពាហ៍ពិពាហ៍ និងមរណៈ ក៏ដូចជាសញ្ញាបត្រ និងវិញ្ញាបនបត្រសាកលវិទ្យាល័យរបស់និស្សិតហ្វីលីពីន»។
លើសពីការផ្ទេរបច្ចេកវិទ្យា ភាពជាដៃគូបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយក្នុងការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការក្នុងការច្នៃប្រឌិតឌីជីថលដែលជាមធ្យោបាយនៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
សម្រាប់ការផ្ទេរបច្ចេកវិទ្យាជោគជ័យលើការបង្កើតថ្នាលផ្ទៀងផ្ទាត់ឯកសាររដ្ឋាភិបាល verify.gov.kh និង eGov SuperApp ក្រសួងទាំងពីរបានធ្វើការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់សម្រាប់ក្រុមបច្ចេកទេសរបស់ក្រសួងទាំងពីរលើកិច្ចសហប្រតិបត្តិការផ្ទេរបច្ចេកវិទ្យា។
ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាផ្ទាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍ ដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល ក្នុងការ ប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។
ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាព ខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។
ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។
ចំណែកឯកម្មវិធី eGov SuperApp របស់ហ្វីលីពីន ជាកម្មវិធីដែលរួមបញ្ចូលផ្ទាលនិងកម្មវិធីរដ្ឋាភិបាលពហុវិស័យតាមរយៈប្រព័ន្ធ អនឡាញតែមួយ ដែលជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការស្នើសុំសេវាពីរដ្ឋាភិបាល៕