ភ្នំពេញៈ ការដុតព្រៃ ដុតកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ នៅតែបន្តកើតមាន ដែលកំពុងតែបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ បើទោះបីជាមានការណែនាំពីក្រសួងពាក់ព័ន្ធក៏ដោយ។
ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោកជា ហ៊ានបានអះអាងថា ការដុតព្រៃ ដើម្បីធ្វើការឈូសឆាយ ការដុតសំរាម គល់ជញ្ជាំងស្រូវ និងកម្ទេចក្រណាត់ ក៏ដូចជាសំណល់ឧស្សាហកម្មផ្សេងៗនៅក្នុងរដូវប្រាំងនេះ នៅបន្តកើតមានដូចរាល់ឆ្នាំដដែល បើទោះបីជាក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធមានការហាមឃាត់យ៉ាងណាក៏ដោយ។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃអង្គារ ទី ២១មករានេះថា៖«ការដុតកម្ទេចក្រណាត់ហ្នឹងនៅតែមាន។ គួរមានវិធានការច្បាប់ឱ្យបានតឹងរឹង ព្រោះវាប៉ះពាល់ដល់សុខភាពមនុស្សទូទៅ និងបរិស្ថាន ហើយការដុតព្រៃនៅតំបន់ការពារក៏នៅតែមានដែរ។ ការអនុវត្តទៅតាមការណែនាំនោះនៅមានកម្រិតនៅឡើយ»។
ក្រៅពីវិធានការបង្ការភ្លើងឆេះព្រៃ ក្រសួងបរិស្ថានក៏បានចេញសេចក្តីជូនដំណឹងមួយផងដែរ នាពេលថ្មីៗនេះ ស្តីពីការហាមឃាត់ការដុតកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទនៅក្នុងឡចំហាយ ឡកំដៅ និងឡឥដ្ឋ។
ក្រសួងបានជម្រាបជូន ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម ថា ការយកសំណល់កម្ទេចក្រណាត់ និងសំណល់ស្បែកសត្វ សល់ពីការផលិតស្បែកជើង កាបូប និងសម្ភារៈផ្សេងៗ ទៅដុតនៅក្នុងឡចំហាយ ឡកំដៅ ឡឥដ្ឋ ដែល មិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បានបណ្តាល ឱ្យមានការបញ្ចេញសារធាតុបំពុលចូលទៅក្នុងបរិយាកាស។
នេះមិនអនុលោមទៅតាមស្តង់ដារកំណត់ ដូចមានចែងនៅ ក្នុងអនុក្រឹត្យលេខ ៤២ អនក្រ. បក ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង និង ក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលនាំឱ្យគុណភាពខ្យល់មានការប្រែប្រួល អាចបង្កផលប៉ះពាល់ដល់ សុខភាពសាធារណៈ និងបរិស្ថាន។
ក្រសួងបរិស្ថានបានណែនាំឱ្យ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មទាំងអស់ «ត្រូវបញ្ឈប់ជាបន្ទាន់ការយកកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទទៅដុតក្នុង ឡចំហាយ ឡកំដៅ ឬ ឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុ បំពុលខ្យល់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស»។
បន្ថែមពីនោះ ក៏ត្រូវរៀបចំបំពាក់ប្រព័ន្ធសម្អាតផ្សែងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាថាការ បញ្ចេញសារធាតុបំពុលខ្យល់ឆ្លើយតបតាមស្តង់ដារបញ្ចេញ។
ក្រសួងបានព្រមានថា ក្នុងករណី រកឃើញថា មានការបន្តយកកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្ម ទៅដុតនៅក្នុងឡចំហាយ ឡកំដៅ ឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុ បំពុលខ្យល់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស «ក្រសួងនឹងមានវិធានការតាមច្បាប់ជាធរមាន ចំពោះម្ចាស់ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម ដោយមិនមានការលើកលែង»។
ក្រសួងក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនណា ដែលបានកាប់រុករាន ដុតព្រៃ និងកាន់កាប់ដីព្រៃឈើ ដែលឆេះ ដោយអនាធិបតេយ្យ ដែលផ្ទុយនិងច្បាប់ និងបទបញ្ជានានារបស់រដ្ឋាភិបាល។
អនុលោម តាមក្រមបរិស្ថាននិងធនធានធម្មជាតិ ក្នុងជំពូកទី៣ មាត្រា៨៤៩ ត្រង់ចំណុច(ខ) ការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបង្កឱ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះដីមមោក ត្រូវផ្តន្ទាទោសដាក់ពន្ធ ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១០លាន រៀល ទៅ ១០០លានរៀលផងដែរ។
ចំពោះមាត្រា៨៥១ ត្រង់ចំណុច (គ) បានចែងថា បង្កឱ្យមានភ្លើង ឆេះព្រៃ ឬភ្លើងឆេះដើមមោកដោយ ចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ចំពោះបុគ្គលដែលបានប្រព្រឹត្ត។
លើសពីនោះ មាត្រា៤៣ នៃអនុក្រឹត្យលេខចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនចែងថា បុគ្គលដែលដុតសំរាម សំណល់រឹងទីប្រជុំជននៅលើទី សាធារណៈ តាមដងផ្លូវ ទីវាល ដីកម្មសិទ្ធិ ឬទីកន្លែងដែលរដ្ឋបាលរាជធានី ក្រុង ស្រុកហាមឃាត់ ត្រូវទទួល ការពិន័យជា ប្រាក់ពី ៥ម៉ឺនរៀល ដល់១លានរៀល និងត្រូវទទួល ខុសត្រូវ លើការប្រមូល សំអាត និងដឹកចេញយកទៅទីលាននោះផងដែរ៕