ភ្នំពេញ៖ កម្ពុជាដែល​មានទំហំ​ពាណិជ្ជកម្ម​ជាមួយ​សហភាពអឺរ៉ុប ៤,៩​ពាន់​លាន​ដុល្លារ​រយៈ​ពេល ១១​ខែ​ ​កំពុង​ត្រៀម​ខ្លួន​​អនុវត្ត​ពាណិជ្ជកម្ម​​ស្តង់ដា​បៃតង​របស់​ស​ហ​ភាព​អឺរ៉ុប (EU) ដ៏​តឹងរ៉ឹង ខណៈ​​រៀបចំចាក​ចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) នៅ​ឆ្នាំ ២០២៩​​។​

ក្នុង​សិក្ខាសាលា​ផ្ទៀងផ្ទាត់ ស្តីពី «ការវាយតម្លៃ និង​ការអភិវឌ្ឍ​ផែនទី​បង្ហាញផ្លូវ​សម្រាប់ ស្តង់ដា​ពាណិជ្ជកម្ម​បៃតង វិធាន​ដើមកំណើត​ទំនិញ និង​បរិវត្ត​កម្ម​ទ្វេដង» ​​ធ្វើឡើង​នៅ​ថ្ងៃទី២០ ខែមករា អ្នកជំនាញ និង​មន្ត្រី​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការអនុវត្ត​ពាណិជ្ជកម្ម​ប្រកបដោយ​និរន្តរភាព​ក្នុង​ការធានា​អនាគត​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

យោងតាម​ក្រសួង​ពាណិជ្ជកម្ម បាន​ឱ្យដឹងថា​៖ «លោកជំទាវ​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​ផែនទី​បង្ហាញផ្លូវ​នេះ នឹង​ក្លាយជា​មគ្គុទ្ទេសក៍​ប្រកបដោយ​ភាពជាក់ស្តែង សម្រាប់​ការពង្រឹង​ការត្រៀមខ្លួន​លើ​វិស័យ​ពាណិជ្ជកម្ម​ដែល​ផ្តោតលើ​ការលើកកម្ពស់​ការអនុវត្ត​ពាណិជ្ជកម្ម​ប្រកបដោយ​ចីរភាព ការ​ដំ​ទ្បើង​កម្រិត​ខ្សែ​ច្រវាក់​តម្លៃ និងការធានាបាន​នូវ​ច្រកចូល​ទីផ្សារ​សម្រាប់​ការនាំចេញ​ផលិតផល​កម្ពុជា​»​។​

សិក្ខាសាលា​ដែល​រៀបចំឡើង​ដោយ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) និង​រដ្ឋាភិបាល​កម្ពុជា បាន​ផ្តោត​លើ​ការវាយតម្លៃ​ផលប៉ះពាល់​នៃ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​លើ​ការនាំចេញ​របស់​កម្ពុជា​។​

​សហភាព​អឺរ៉ុប គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​របស់​កម្ពុជា ជាមួយនឹង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រមាណ ៤,៩ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១១ ខែ​ដំបូង​នៃ​ឆ្នាំ ២០២៤​។​ ​ក្នុងនោះ ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​សហភាព​អឺរ៉ុប​មានតម្លៃ ៤ ពាន់​លាន​ដុល្លារ ខណៈ​ការនាំ​ចូល​ពី EU មានតម្លៃ ៩ លាន​ដុល្លារ​។​

លោកស្រី​ Alissar Chaker តំណាង​អង្គការ UNDP ប្រចាំ​កម្ពុជា ​បាន​ថ្លែងថា​៖ «​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​សហភាព​អឺរ៉ុប​គឺជា​មូលដ្ឋានគ្រឹះ​នៃ​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ដែល​រួមចំណែក​ដល់​ការបង្កើត​ការងារ ការកាត់បន្ថយ​ភាពក្រីក្រ និង​ការវិនិយោគ​ពី​បរទេស​»​។​

លោកស្រី​បាន​ឱ្យដឹងថា​៖ «​​នៅពេលដែល​យើង​ខិតជិត​ដល់​ការបញ្ចប់​ LDC បញ្ហា​ប្រឈម និង​ឱកាស​ថ្មីៗ​កើតឡើង​។ ការរៀបចំ​យុទ្ធសាស្ត្រ​គឺមាន​សារៈសំខាន់​ណាស់​ដើម្បី​ធានា​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​ក្នុង​ទិដ្ឋភាព​ពាណិជ្ជកម្ម​ពិភពលោក​ដែលមាន​ការវិវត្តន៍​យ៉ាង​ឆាប់រហ័ស​»​។​

លោកស្រី​បាន​និយាយថា ​ការប្តេជ្ញាចិត្ត​របស់​សហ​ភាព​អឺរ៉ុប​ចំពោះ​និរន្តរភាព​បរិស្ថាន​បាន​ណែនាំ​គោលនយោបាយ​ពាណិជ្ជកម្ម​ថ្មី​ដែល​តម្រូវឱ្យមាន​ការអនុលោម​តាម​ស្តង់ដា​បៃតង​។​

​ទាំងនេះ ​រួមមាន ​យន្តការ​កែតម្រូវ​ព្រំដែន​កាបោន (CBAM) ប្រព័ន្ធ​ពាណិជ្ជកម្ម​ការ​បំ​ភាយ​ឧស្ម័ន​របស់​សហភាព​អឺរ៉ុប (EU ETS) និង​ការណែនាំ​អំពី​និរន្តរភាព​សាជីវកម្ម Due Diligence Directive (CSDD)​។​

លោកស្រី​ Chaker បាន​ថ្លែង​ថា​៖ «​ឧស្សាហកម្ម​កម្ពុជា​ត្រូវតែ​សម្រប​តាម​វិធានការ​ទាំងនេះ​ដែលមាន​គោលបំណង​កាត់បន្ថយ​ការបញ្ចេញ​កាបោន និង​លើកកម្ពស់​ការអនុវត្ត​ផលិតកម្ម​ និងធនធាន​​ប្រកបដោយ​និរន្តរភាព​»​។​

លោកស្រី​បាន​បន្ដ​ថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ប្រទេស​កម្ពុជា​បានទទួល​ផលប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម EBA របស់​សហភាព​អឺរ៉ុប ដោយ​ផ្តល់​សិទ្ធិ​ចូល​ទីផ្សារ​អឺរ៉ុប​ដោយ​គ្មាន​ពន្ធ និង​គ្មាន​កូតា​។​

លោកស្រី និម្មល​ បាន​និយាយថា ការ​ប្រឈម​នឹង​ការបាត់បង់​ភាពអនុគ្រោះ​ច្រកចូល​ទីផ្សារ ការអនុលោម​តាមច្បាប់​ពាណិជ្ជកម្ម​ដ៏​តឹងរ៉ឹង និង​ភាពផុយស្រួយ​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល តម្រូវឱ្យ​កម្ពុជា រៀបចំ​អភិក្រម​ប្រកបដោយ​យុទ្ធសាស្ត្រ នវានុវត្តន៍ និង​ការ​សម្លឹង​ឆ្ពោះទៅមុខ ជាពិសេស ស្រប​ពេលដែល​ពិភពលោក​កំពុង​ឆ្ពោះទៅ​សម្រេចបាន​នូវ​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព រួមទាំង​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​កម្ពុជា​ផងដែរ​។​

ទោះជា​យ៉ាងណាក៏ដោយ ការអនុគ្រោះ​ពន្ធ​នេះ​នឹង​បញ្ចប់​បន្ទាប់ពី​កម្ពុជា​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិតួច​ (LDC) ដោយ​បង្ខំ​ឱ្យ​កម្ពុជា​គោរព​យ៉ាង​ពេញលេញ​នូវ​ច្បាប់ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​ស្តង់ដាបរិស្ថាន​យ៉ាង​ម៉ត់ចត់​របស់​សហភាព​អឺរ៉ុប​។​

លោកស្រី​ Chaker បានថ្លែង​ថា៖ «EBA គឺជា​ឆ្អឹងខ្នង​នៃ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​សហភាព​អឺរ៉ុប ដែល​ធ្វើឱ្យមាន​កំណើន​ការនាំចេញ​ដ៏​រឹងមាំ​។​ ​នៅពេល​យើង​ផ្លាស់ប្តូរ​ទៅកាន់​យុគសម័យ​ថ្មី បញ្ហា​ប្រឈម​ស្ថិតនៅ​ក្នុងការ​ស្តារឡើងវិញ​នូវ​គំរូ​កំណើន​របស់​យើង ដើម្បី​តម្រឹម​តាម​ស្តង់ដា​ពាណិជ្ជកម្ម​បៃតង ខណៈ ​រក្សាបាន​នូវ​លទ្ធភាព​ទទួលបាន​ទីផ្សារ»​។

សិក្ខាសាលា​បានបង្ហាញ​ពី​ការវាយតម្លៃ និង​ផែនទី​បង្ហាញផ្លូវ​ក្នុង​គោលបំណង​រៀបចំ​ប្រទេស​កម្ពុជា​សម្រាប់​ការផ្លាស់ប្តូរ​ទាំងនេះ​។​

ផែនទី​បង្ហាញផ្លូវ​នេះ​ក៏​នឹង​រួមចំណែក​ដល់​យុទ្ធសាស្ត្រ​ផ្លាស់ប្តូរ​ដោយ​រលូន​របស់​រដ្ឋាភិបាល​សម្រាប់​ការចាកចេញ​ LDC និង​ក្របខ័ណ្ឌ​គោលនយោបាយ​ពាណិជ្ជកម្ម​ឆ្នាំ ២០៣០​។​

លោកស្រី និម្មល បាន​ថ្លែង​ថា​ ការចាកចេញ​របស់​ក​ម្ពុ​ជា​ពី​ឋានៈ​ជា​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) និង​ការកើនឡើង​នៃ​លក្ខខណ្ឌ​តម្រូវ​នៃ​ការអនុវត្ត​ប្រកបដោយ​ចីរភាព ក៏បាន​នាំមក​នូវ​កាលានុវត្តភាព​ផងដែរ ជាពិសេស ក្នុងការ​ពិនិត្យ​ផ្លាស់ប្តូរ​គំរូ​សម្រាប់​កំណើន (Growth Model) ដែលមាន​ចីរភាព បរិ​យា​ប័ន្ន និង​ភាព​ធន់។

លោកស្រីបន្ដថា​ កម្ពុជា​មិន​ត្រឹមតែ​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​អនាគត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រក្សា​ជំហ​ដ៏​ប្រសើរ​ក្នុងការ​រីកលូតលាស់​ក្នុង​សេដ្ឋកិច្ច​សកល​ប្រកបដោយ​ថាមវន្ត​និង​វិ​វត្ត​ទៅមុខ​ជាប់​ជានិច្ច ដោយ​ឈរលើ​ស្មារតី​ការ​ប្រែក្លាយ​បញ្ហា​ប្រឈម​ឱ្យទៅជា​ឱកាស​។​

​លោកស្រី​ Chaker បាន​និយាយថា UNDP និង​ដៃគូ​របស់ខ្លួន​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​ផ្លាស់ប្តូរ​នេះ​។ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ពួកគេ ​រួមមាន​ការសិក្សា​អំពី​ផលប៉ះពាល់​សក្តានុពល​នៃការ​ចាកចេញ​ LDC និង​ការវាយតម្លៃ​នៃ​ការអនុវត្ត​អាជីវកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ​នៅក្នុង​បរិបទ​នៃ​ការធ្វើសមាហរណកម្ម​ពាណិជ្ជកម្ម​ពិភពលោក​។​

លោកស្រីបាន​លើកឡើង​ថា៖ «​​ការកែទម្រង់​កំណើនឡើងវិញ​របស់​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​សេដ្ឋកិច្ច​បៃតង​គឺមាន​សារៈសំខាន់​សម្រាប់​ការទាញយក​ឱកាស និង​ពង្រឹង​ការប្រកួតប្រជែង​»។​

លោកស្រី​បាន​និយាយថា ការផ្លាស់ប្តូរ​នេះ​នឹងដាក់​មូលដ្ឋានគ្រឹះ​សម្រាប់​ការសម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ ២០៥០​ និង​ការដាក់ឱ្យ​ប្រទេស​កម្ពុជា​ជា​ដៃគូ​ពាណិជ្ជកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ​នៅលើ​ឆាក​ពិភពលោក​។​