សមត្ថកិច្ច​កម្ពុជា​សង្គ្រោះ​ជន​រងគ្រោះ​ពី​ការ​ចាប់​ជំរិត​នៅ​ប្រទេស​ថៃ ដែល​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ដាក់​ថ្នាំ​សណ្ដំ ​រួច​យក​មក​បង្ខាំង​ទុក​នៅ​កម្ពុជា​ដើម្បី​ជំរិត​ទារប្រាក់​ពី​ក្រុម​គ្រួសារ។

អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ជន​រងគ្រោះ មាន​ឈ្មោះ Yu Emil ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​តៃវ៉ាន់។ 

ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ដែល​ទទួល​បាន​ជោគ​ជ័យ​នៅ​ថ្ងៃទី១៥ ខែ​មករា ធ្វើ​ឡើង​តាម​ការ​ជូន​ដំណឹង​ពី​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​មហា​ផ្ទៃ កាល​ពី​ថ្ងៃ​ទី១៤ ខែ​មករា។

បើ​តាម​នគរបាល​ជាតិ ជន​រងគ្រោះ​ត្រូវ​បាន​ចាប់​ជំរិត​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​បាន​ចាញ់​បោក​ក្រុម​ឧក្រិដ្ឋជន​ជន​ជាតិ​ចិន​តៃវ៉ាន់​នៅ​ប្រទេស​ថៃ ដោយ​ពួក​គេ​បាន​លួង​លោម បោក​បញ្ឆោត​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​សៀងហៃ​ប្រទេស​ចិន មក​ប្រទេស​ថៃ ដើម្បី​ចូល​រួម​កម្មវិធី​សម្ពោធ ហាងនំ​មួយ​កន្លែង​នៅ​ទីក្រុង​បាងកក។ នៅ​ពេល​មក​ដល់​ទីក្រុង​បាង​កក ជន​រងគ្រោះ Yu Emil ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ដាក់​ថ្នាំ រួច​ដឹក​បញ្ជូន​មក​កម្ពុជា ​បង្ខាំង​ទុក ធ្វើទារុណកម្ម និង​ជំរិត​ទារ​ប្រាក់។

អគ្គស្នងការ​នគរ​បាល​ជាតិ​បញ្ជាក់​ថា៖ «ក្រោយ​អន្តរាគមន៍​សង្គ្រោះ​ជនរងគ្រោះ​បាន​ដោយ​សុវត្ថិភាព ក្រុម​ប្រតិបត្តិការ​នៃ​គណៈ​បញ្ជាការ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ជា​ជនជាតិ​ចិន​តៃវ៉ាន់​ដូចគ្នា​ក្នុង​ចំណោម​បក្ខពួក​ផ្សេង​ទៀត ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​គ្រប់​គ្រង​ជន​រងគ្រោះ​មិន​អោយ​រត់​គេច និង​ធ្វើ​ទារុណកម្ម ​ដើម្បី​ឲ្យ​បណ្ដាញ​ឧក្រិដ្ឋជន​នៅ ប្រទេស​ថៃ​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​ក្រុម​គ្រួសារ​ទារ​ប្រាក់​ដោះ​ដូរ​នឹង​សុវត្ថិភាព​របស់​ជន​រងគ្រោះ»។

ជនរងគ្រោះ​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង តាម​ដាន​សុខភាព​ពី​សមត្ថកិច្ច​នគរបាលជាតិ​កម្ពុជា និង​ត្រៀម​រៀបចំ​បែប​បទ​ប្រគល់​ជូន​តំណាង​ស្ថានទូត​អាមេរិក ដើម្បី​គ្រប់គ្រង​បន្ត​និង​រៀបចំ​បែបបទ​ចាក​ចេញ​ពីកម្ពុជា។

ជន​សង្ស័យម្នាក់​​ដែល​សមត្ថកិច្ច​មិន​​បញ្ចេញ​ឈ្មោះ ត្រូវ​បាន​ចាប់​ខ្លួន។ នគរបាល​ជាតិ

សមត្ថកិច្ច​កម្ពុជា​កំពុង​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន​តៃវ៉ាន់ និង​មេក្លោង ដែល​មាន​អង្គការ​ចាត់​តាំង​នៅ​ប្រទេស​ថៃ និង​អាច​ឈាន​ទៅ​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ ដើម្បី​កាត់​ផ្តាច់​បណ្ដាញ​ឧក្រិដ្ឋកម្ម​នេះ​ទាំង​ស្រុង»។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ការ​ចាប់​ជំរិត​ជន​ជាតិ​ចិន​មាន​ល្បី​រន្ទឺ​ បន្ទាប់​ពី​តារា​សម្ដែង​ចិន​ពីរ​រូប​ត្រូវ​បាន​ចាប់​ជំរិត ហើយ​ក្រោយ​មក​ត្រូវ​បាន​ជួយ​សង្គ្រោះ។ 

តារា​ទាំង​ពីរ​រូប​រួម​មាន​​ Wang Xing ដែល​គេ​ស្គាល់​ថា​ជា Ip Man 3 ដែល​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ចាប់​ជំរិត​យក​ទៅ​ប្រព្រឹត្ត​ការ​ឆបោក​តាម​អនឡាញ នៅ​ប្រទេស​មីយ៉ាន់ម៉ា ហើយ​ត្រូវ​បាន​សង្គ្រោះ​កាលពី​២​សប្ដាហ៍​មុន​ និង​តារា​ម៉ូដែល Yang Zeqi ដែល​ត្រូវ​សង្គ្រោះ​កាល​ពី​ថ្ងៃ​ទី​ចុង​សប្ដាហ៍​មុន៕