ភ្នំពេញៈ កម្ពុជា និងអាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងរួមគ្នា “គំនិតផ្តួចផ្តើមបៃតងដើម្បីសេដ្ឋកិច្ចចក្រា សម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងប្រកបដោយ ចីរភាពនៅកម្ពុជា”កាលពីថ្ងៃចន្ទ ទី ២០ ខែមករានេះ។
ពិធីចុះច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងដោយ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកសាប៊ូ អូហ្សាណូ និងលោកបណ្ឌិត Gunter Riethmacher នាយកប្រចាំប្រទេសនៃទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ខសហប្រតិបត្តិការអន្តរជាតិ (GIZ) ប្រចាំនៅកម្ពុជា អធិបតីភាព រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត និង លោកStefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា។
លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត មានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តគម្រោងនេះ គឺជាការបំពេញបន្ថែមទៅលើអ្វី ដែលក្រសួងបាននិងកំពុង តែអនុវត្តផង និងជាការបោះជំហាន រួមគ្នារវាងអង្គការ GIZ ប្រចាំកម្ពុជា ជាមួយក្រសួងបរិស្ថានផង លើការពង្រឹងប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងឱ្យកាន់តែល្អប្រសើរ។
គម្រោងនេះមានបញ្ចូលគោលការណ៍សេដ្ឋកិច្ចចក្រា ដែលអាចឱ្យភាគីទាំង២រួមគ្នា ដើម្បីលុបបំបាត់ការបំពុលបរិស្ថាន និងគ្រប់គ្រងសំណល់តាមគំរូចក្រាឱ្យមានប្រសិទ្ធភាព។
លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«ថ្ងៃនេះ យើងមិនត្រឹមតែបានបង្កើតភាពជាដៃគូផ្លូវការនោះទេ យើងថែមទាំងបានពង្រឹងការប្តេជ្ញាចិត្ត ក្នុងការបង្កើតគំរូការងារ ប្រកបដោយចីរភាព ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងកាត់បន្ថយបរិមាណ សំរាមដែលត្រូវប្រមូល និងដឹកជញ្ជូនទៅកាន់ទីលានទុកដាក់សំរាម។ កិច្ចប្រឹងប្រែងទាំងនេះនឹងនាំឱ្យទីក្រុងរបស់យើងកាន់តែស្អាត មានសោភ័ណភាពនិងផាសុកភាព»។
លោកបានបន្តថា ក្រសួងបរិស្ថានក៏បានកំណត់ ការគ្រប់គ្រងសំណល់ជាអាទិភាព ដោយការដាក់ពង្រាយធុងសំរាម សម្រាប់ញែកសំណល់តាមបែបស្តង់ដារ នៅទូទាំងប្រទេស។
ការងារនេះផ្តោតលើ ការញែក និងកែច្នៃសំណល់ ដែលអាចកាត់បន្ថយការបំពុលបាន យ៉ាងច្រើនគួរឱ្យកត់សម្គាល់ ខណៈមានការកើនឡើងនូវឱកាសក្នុង ការរកចំណូលបន្ថែមនៅក្នុងសាលារៀន ក៏ដូចជាអាជីវកម្មកែច្នៃសំណល់។
ជាមួយគ្នានេះដែរ ក្រសួងនឹងយកចិត្តទុកដាក់ កម្រិតខ្ពស់លើការញែកសំរាម និងទីលានទុកដាក់សំរាម ដែលធ្វើយ៉ាងណា ឱ្យមានការញែកសំរាមប្លាស្ទិក សំណល់គ្រោះថ្នាក់ និងសំរាមធម្មតា និងទុកដាក់ឱ្យបានត្រឹមត្រូវ។
អនុគណៈកម្មាធិការគ្រប់គ្រងសំរាមក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យបានដាក់ចេញនូវការណែនាំដ៏ល្អក្នុងការចាប់ផ្តើមញែកសំរាមនៅតាមផ្ទះនាពេលថ្មីៗនេះផងដែរ។
GIZ Cambodia បានឱ្យដឹងថា ការញែកសំរាមនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងាររបស់GIZបានគាំទ្របច្ចេកទេសដល់អនុគណៈកម្មាធិការគ្រប់គ្រងសំរាមនេះរួចមក។
បុរីសាន់កូនៅក្រុងប៉ោយប៉ែតត្រូវបានជ្រើសរើសសម្រាប់ការសាកល្បងនេះ ដោយអនុវត្តប្រព័ន្ធធុងសំរាម២ប្រភេទសម្រាប់ការគ្រប់គ្រងសំរាមប្រកបដោយប្រសិទ្ធភាព។ គ្រួសារនៅក្នុងបុរីនោះនឹងប្រើប្រាស់ធុងសំរាមមួយសម្រាប់សំរាមស្ងួត និងមួយទៀតសម្រាប់សំរាមសើម។
GIZ Cambodiaបញ្ជាក់ថា៖«គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋក្នុងការគ្រប់គ្រងសំរាម ជាពិសេសផ្តោតលើការញែកសំរាមនៅនឹងប្រភពផ្ទាល់»៕