ភ្នំពេញ៖ អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​បាន​ឈានដល់​ដំណាក់កាល​ដ៏​សំខាន់​មួយ​ក្នុង​ដំណើរ​របស់ខ្លួន ដើម្បី​ផ្លាស់​ប្តូរជីវិត​របស់​កុមារ​ដែល​ងាយ​រងគ្រោះ​។​

របាយការណ៍​​យុទ្ធសាស្ត្រ​ពាក់កណ្តាលគម្រោង​​ ​ត្រូវបាន​លើកឡើង​​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​ថា​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ការវាយតម្លៃ​យុទ្ធសាស្ត្រ​រយៈពេល​ប្រាំ​ឆ្នាំ​របស់​អង្គការ​​​។​

ចាប់ផ្តើម​នៅ​ឆ្នាំ ២០២៣​ យុទ្ធសាស្ត្រ​នេះ​មាន​គោលបំណង​ផ្ដល់​ជំនួយ​​ដល់​កុមារ ៥ លាន​នាក់​នៅត្រឹម​​ឆ្នាំ ២០២៧​ ហើយពេល​នេះ​​បាន​ឈានដល់​កុមារ​ជាង ៣ លាន​នាក់​រួចហើយ​។​

សិក្ខាសាលា​នេះមាន​ការ​ចូលរួម​​តំណាង​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ អង្គការ​សង្គម​ស៊ីវិល ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ឯកជន និង​ថ្នាក់ដឹកនាំ​យុវជន ដើម្បី​អបអរសាទរ​សមិទ្ធផល​នានា ក៏ដូចជា​​រំឭក​ឡើងវិញ​នូវ​ភាពជោគជ័យ​នាពេល​អនាគត​។​

​យុទ្ធសាស្ត្រ​រយៈពេល​ប្រាំ​ឆ្នាំ​តំណាងឱ្យ​ការប្តេជ្ញាចិត្ត​ប្រកបដោយ​មហិច្ឆតា​ក្នុងការ​ដោះស្រាយ​បញ្ហា​ឫសគល់​នៃ​ភាពក្រីក្រ និង​ធានាថា ​កុមារ​គ្រប់រូប​អាច​រីក​ចម្រើន​​។​

លោក Janes Imanuel Ginting នាយកប្រចាំប្រទេស របស់អង្គការទស្សនៈពិភពលោកកម្ពុជា បាន​ថ្លែងថា អស់​រយៈពេល​ជាង​ប្រាំ​ទសវត្សរ៍​មកហើយ ដែល​អង្គការ​ទស្សនៈ​ពិភពលោក​បានធ្វើការ​ជាមួយ​សហគមន៍​មូលដ្ឋាន និង​ដៃគូ​នានា ដើម្បី​ផ្លាស់​ប្តូរជីវិត​របស់​កុមារ និង​ក្រុមគ្រួសារ​របស់​ពួកគេ​។​

លោក Ginting បានថ្លែងថា៖ «​បេសកកម្ម​របស់​យើង «​ដើម្បី​​កុមារ​គ្រប់រូប មាន​ជីវិត​ពេញ​បរិបូណ៍» បាន​ជំរុញ​កិច្ច​​ខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ដើម្បី​បង្កើត​ការផ្លាស់ប្តូរប្រកប​ដោយ​និរន្ដរភាព​»​។​

សិក្ខាសាលា​បានផ្តល់​វេទិកា​មួយ​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាពនូវ​ការ​អនុវត្ដ​​​យុទ្ធសាស្ត្រ​ពាក់​កណ្ដាល​ផ្លូវ​។ ដោយបាន​ទៅដល់​កុមារ​ជាង ៣ លាន​នាក់​រួចហើយ​នៅ​ទូទាំង ២០​ ខេត្ត រួមទាំង​ទីក្រុង​ភ្នំពេញ អង្គការ​ទស្សនៈ​ពិភពលោក​បាន​បង្ហាញ​​ពី​សមិទ្ធផល​សំខាន់ៗ ខណៈពេលដែល​កំពុង​ស្វែងរក​ធាតុ​ចូល​អំពី​របៀប​បង្កើន​ឥទ្ធិពល​ក្នុង​ឆ្នាំ​ខាងមុខ​។​

ចាប់ផ្តើមនៅឆ្នាំ ២០២៣ យុទ្ធសាស្ត្រនេះមានគោលបំណងផ្ដល់ជំនួយដល់កុមារ ៥ លាននាក់នៅត្រឹមឆ្នាំ ២០២៧ ហើយពេលនេះបានឈានដល់កុមារជាង ៣ លាននាក់រួចហើយ។ រូបថត សហការី

យោងតាម​អង្គការ​ទស្សនៈ​ពិភពលោក​ថា៖ «​កុមារ​ជាង ១៩៧០០០​ នាក់​បានទទួល​ការអប់រំ​ប្រកបដោយ​គុណភាព និង​ប្រកបដោយ​បរិ​យា​ប័ន្ន ដោយ​ជំ​នៈ​រនាំង​ភាពក្រីក្រ និង​រនាំង​ដែល​មិនត្រូវ​បាន​គេ​រាប់បញ្ចូល​»។ 

​​កម្មវិធី​ការពារ​កុមាររបស់​អង្គការ​​​បានការ​ពារ​កុមារ​ចំនួន ២៩៥០០០ នាក់​ពី​អំពើហិង្សា ការកេងប្រវ័ញ្ច និង​ការធ្វេសប្រហែស​។ តាមរយៈ​គម្រោង​ផ្សេងៗ អង្គការ​បាន​បង្កើត​ប​រិ​យា​កាស​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​កុមារ ដើម្បី​លើកកម្ពស់​សុខុមាលភាព និង​ការអភិវឌ្ឍ​របស់​ពួកគេ​។​ភាព​ធន់​នឹង​សេដ្ឋកិច្ច​គឺជា​មូលដ្ឋានគ្រឹះ​មួយទៀត​នៃ​យុទ្ធសាស្ត្រ​។ 

អង្គការ​នេះ​បាន​គាំទ្រ​សហគ្រិន​ចំនួន ២៦០០​ នាក់ បណ្តុះបណ្តាល​កសិករ​ចំនួន ២៦០០​ នាក់​ក្នុង​បច្ចេកទេស​កសិកម្ម​ឆ្លាត​វៃ​ បន្សាំ​នឹង​បម្រែ​បម្រួល​​អាកាសធាតុ និង​ផ្តល់ឱ្យ​គ្រួសារ​ដែល​ងាយ​រងគ្រោះ​ចំនួន ៥៦០០​ នូវ​លទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​តាមរយៈ​ក្រុម​សន្សំ​។​

កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​បាន​បំពាក់​គ្រួសារ​ជាមួយនឹង​ឧបករណ៍​ដើម្បី​កសាង​ជីវភាព​រស់នៅ​ប្រកប​ដោយ​​និរន្តរភាព និង​បំបែក​វដ្ត​នៃ​ភាពក្រីក្រ​។​

​លោក ចាន់ សុធា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប បានទទួល​ស្គាល់​សមិទ្ធ​ផល​នេះ​។​

​លោក​បានលើកឡើង​ពី​តួនាទី​​ក្នុងការ​ពង្រឹង​គណនេយ្យ​ភាព​សង្គម​តាមរយៈ​គំនិត​ផ្តួចផ្តើម​ ដូចជា​ ការអនុវត្ត​គម្រោង​ក្របខ័ណ្ឌ​គណនេយ្យភាព​សង្គម (ISAF) ជាដើម​។​

លោក សុធា​ បានថ្លែង​ថា៖ «​​ជា​ផ្នែក​មួយ​នៃ​ការគាំទ្រ​ជា​បន្តបន្ទាប់​សម្រាប់​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​សកម្មភាព​ថវិកា​របស់​ខ្លួន​»​​។​

លោក​បាន​បន្ដ​ថា៖ «នេះ​រួមបញ្ចូល​ទាំង​ការគាំទ្រ​ដល់​ការរៀបចំ និង​ការអនុវត្ត​ផែនការ​សកម្មភាព និង​ថវិកា​ប្រចាំឆ្នាំ​របស់ គ​.​ជ​.​អ​.​ប ក៏ដូចជា​ការរួមចំណែក​ដល់​ការអភិវឌ្ឍន៍​ផែនការ​អនុវត្ត​រយៈពេល​ប្រាំ​ឆ្នាំ​ទី​ពីរ ដែល​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប គ្រោង​នឹង​រៀបចំ​នៅ​ឆ្នាំ​២០២៥​»។​

លោកស្រី Terry Ferrari ថ្នាក់ដឹកនាំអង្គការទស្សនៈពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងលោក ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងសិក្ខាសាលាពិគ្រោះយោបល់ដែលធ្វើឡើងនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែមករា។ រូបថត សហការី

នៅពេលដែល​​ឈាន​ចូលដល់​ពាក់កណ្តាលផ្លូវ​​នៃ​យុទ្ធសាស្ត្រ​រយៈពេល​ប្រាំ​ឆ្នាំ​ អង្គការ​នេះ​នៅតែ​ផ្តោតលើ​ការពង្រីក​ឥទ្ធិពល​របស់ខ្លួន​។​

គោលដៅ​នៃ​ការ​ឈានដល់​កុមារ​ចំនួន ៥ លាន​នាក់​នៅ​ឆ្នាំ ២០២៧​ ទាមទារ​មិន​ត្រឹមតែ​ការបន្ត​ការយកចិត្តទុកដាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​យុទ្ធសាស្ត្រ​សម្រប​ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កំពុង​កើតមាន​ផងដែរ​។​

លោកស្រី Terry Ferrari ថ្នាក់ដឹកនាំអង្គការទស្សនៈពិភពលោកប្រចាំតំបន់អាស៊ីខាងកើត បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ធ្វើសកម្មភាព​ក្នុងអំឡុងពេល​វគ្គ​បិទ​សិក្ខាសាលា​។​

លោកស្រី​​បាន​និយាយថា​៖ «​វា​នឹង​ត្រូវ​ការ​​យើងទាំងអស់គ្នា​រួម​គ្នា​ ​ដើម្បី​ធានាថា ​គ្មានកុមារ​​ណា​ម្នាក់​ត្រូវបាន​គេ​ទុកចោល​ឡើយ​ និង​ដើម្បី​​កុមារ​គ្រប់រូប​មានឱកាសរីក​ចម្រើន​​»​។​

លោកស្រី Ferrari បាន​សង្កត់ធ្ងន់​លើការ​ទទួល​​ខុសត្រូវ​រួម និង​តម្រូវការ​សម្រាប់​កិច្ចសហការ​រវាង​រដ្ឋា​ភិ​បាល អង្គការក្រៅរដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​ប្រកបដោយ​និរន្តរភាព​សម្រាប់​កុមារ​កម្ពុជា​៕