កំពង់ឆ្នាំងៈ ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសជាខេត្ត គ្មានសំរាម និងសំណល់ប្លាស្ទិកតាមទីសាធារណៈ មុនគេនៅទូទាំងប្រទេស បន្ទាប់ពីបានធ្វើយុទ្ធនាការរើសសំរាមបានចំនួន៣០០លើក ក្នុងរយៈពេលជាង៨ខែមកនេះ។
យុទ្ធនាការដែលត្រូវបានធ្វើនោះ គឺ យុទ្ធនាការ «កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ សម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » លើក្រុង/ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងចាប់តាំងពីខែឧសភា ឆ្នាំ២០២៤កន្លងមក។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត នាថ្ងៃពុធ ទី២២ ខែមករានេះ បានប្រកាស ខេត្តកំពង់ឆ្នាំង ជាខេត្តគ្មានសំរាមនិងសំណល់ប្លាស្ទិកតាមទីសាធារណៈ នេះ។
ពិធីប្រកាសនេះ មានការចូលរួមពី សមាជិក សមាជិកា នៃរដ្ឋសភា ថ្នាក់ដឹកនាំនិងជាតំណាងក្រសួងពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតនានាប្រចាំកម្ពុជា និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង កងកម្លាំងប្រដាប់អាវុធ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិតំណាងអង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។
អភិបាលខេត្ដកំពង់ឆ្នាំង លោកស៊ុន សុវណ្ណារិទ្ធិ បានឱ្យដឹងក្នុងឱកាសនោះថា យុទ្ធនាការ «កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ សម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » បានផ្តើមចាប់ពីថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នៅទូទាំងខេត្តកំពង់ឆ្នាំង។
យុទ្ធនាការទាំង២នេះ ទទួលបានលទ្ធផលជាទីគាប់ចិត្ត ដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុងស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារសម្របសម្រួល នៃក្រសួងបរិស្ថានបានចុះដឹកនាំលើយុទ្ធនាការទាំងនេះ លើក្រុង/ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងបានចំនួន ៣០០លើក។ ក្នុងនោះក្រុមការងារសម្របសម្រួលនៃក្រសួងបរិស្ថានបានចុះដឹកនាំផ្ទាល់ចំនួន ៨១លើក។
យុទ្ធនាការបានធ្វើអនាម័យសម្អាតតាមដងផ្លូវទូទាំងខេត្តបានចំនួន៤១ខ្សែ ដែលមានសាលារៀនទាំង ៣កម្រិតសិក្សា ចូលរួមចំនួន ៣៩៩សាលា, លោកគ្រូ អ្នកគ្រូចំនួន ៣ ៨៧១នាក់, សិស្សានុសិស្ស ចំនួន ១១៦ ៩៣៨នាក់, វត្តអារាមចំនួន ២១៩វត្ត ដែលមានព្រះសង្ឃចំនួន ២ ៦០០អង្គ។ បន្ថែមពីនោះ មាន មន្រ្តីរាជការមូលដ្ឋានគ្រប់ជាន់ថ្នាក់, ប្រជាពលរដ្ឋ និងកម្មករោងចក្រសហគ្រាសផងដែរ ដែលបានប្រមូលសំរាមបានចំនួន ២៦ ៣៤៩គីឡូក្រាម។
លោកបញ្ជាក់ថា៖«ជាលទ្ធផលតាមរយៈសកម្មភាពយុទ្ធនាការខាងលើនេះត្រូវបានពិនិត្យឃើញថា នៅតាមសាលារៀន រោងចក្រ សិប្បកម្ម អាជីវកម្ម វត្តអារាម ភូមិ ឃុំ សង្កាត់ លំនៅឋានប្រជាពលរដ្ឋនិងតាមដងផ្លូវជាតិ ផ្លូវខេត្តផ្លូវស្រុកមានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានស្អាតល្អ មានភាពប្រទាក់ក្រឡាជាមួយលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព»។
លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ និងបណ្តាដៃគូអភិវឌ្ឍន៍ ជាពិសេសដល់រដ្ឋបាលខេត្ត កំពង់ឆ្នាំង ដែលមានការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ អង្គភាព ចំណុះពាក់ព័ន្ធ។
ជាពិសេស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមបណ្តាគ្រឹះស្ថានសិក្សា ចំណេះទូទៅនៅទូទាំងខេត្ត ចូលរួម ធ្វើឱ្យទូទាំងខេត្តកំពង់ឆ្នាំងស្អាត សង្គមស្អាត ប្រទេសជាតិមានបរិស្ថានស្អាត ពោល គឺដើម្បីភាពស្អាតរបស់កម្ពុជាទាំងមូល។
លោកមានប្រសាសន៍ថា៖«ភាពស្អាតក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺសំដៅដល់ភាពស្អាតចេញពីក្នុងចិត្ត និងភាពស្អាត ទាំងបរិស្ថានរស់នៅលើដី លើមេឃនិងក្នុងទឹក។ នៅពេលដែលយើងមានភាពស្អាតចេញពីចិត្ត ហើយបរិស្ថានជុំវិញយើងនឹងស្អាត ជាលទ្ធផលយើង នឹងទទួលបានសង្គមជាតិទាំងមូល ដែលស្អាតជាក់ជាមិនខាន»។
លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ពីការពង្រឹង កិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបន្តយកចិត្តទុកដាក់ ជាអាទិភាពលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់។ ទាំងនេះ គឺដើម្បីធានាឱ្យគ្រប់ទីប្រជុំជន សហគមន៍ សាលារៀន មានសេវាប្រមូល ដឹកជញ្ជូន និងទីលានទុកដាក់ សំរាមប្រកបដោយប្រសិទ្ធភាព និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បី«រៀបចំសម្អាតផ្ទះយើងឱ្យស្អាត» ត្រៀមចាំទទួល ភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិបន្ថែមទៀត។
លោករដ្ឋមន្រ្តីបានបង្ហាញសុទិដ្ឋិនិយមថា យុទ្ធនាការនេះ នឹងនាំឆ្ពោះទៅសម្រេចឱ្យបានការប្រែក្លាយពីសកម្មភាពអនុវត្តជាក់ស្តែង ជាប្រចាំ ទៅជាចលនា ជំរុញឱ្យប្រជាពលរដ្ឋ មានទម្លាប់ល្អ នៅក្នុងការរក្សាភាពស្អាតរបស់កម្ពុជាជានិរន្ត៕