អ្នកជំនាញផ្នែកច្បាប់បានលើកទឹកចិត្តឲ្យមានការយល់ដឹងអំពីទិដ្ឋភាពច្បាប់នៅកម្ពុជា ដើម្បីឲ្យការធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជាទទួលបានដោយជោគជ័យ ទោះបីប្រទេសនេះមានបរិយាកាសវិនិយោគបើកចំហ និងមានគោលនយោបាយគាំទ្រអាជីវកម្មយ៉ាងណាក្ដី។
ថ្លែងក្នុងវេទិកាអាជីវកម្មកម្ពុជា-ហ្វីលីពីននៅទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែមករា ដែលធ្វើឡើងដើម្បីភ្ជាប់ទំនាក់ទំនងវិនិយោគរវាងប្រទេសទាំងពីរតាមរយៈស្ត្រីក្នុងអាជីវកម្ម លោក លី តៃសេង នាយកប្រតិបត្តិក្រុមហ៊ុនមេធាវី អេចប៊ីអេស បានពន្យល់ថា ប្រព័ន្ធច្បាប់កម្ពុជាស្ថិតនៅក្រោមប្រព័ន្ធច្បាប់ស៊ីវិល ប៉ុន្តែ នៅក្នុងការអនុវត្តជាក់ស្ដែង ក៏មានការរួមផ្សំរវាងប្រព័ន្ធច្បាប់ស៊ីវិលនិងប្រព័ន្ធច្បាប់ Common Law ផងដែរ ជាពិសេសក្នុងវិស័យអាជីវកម្ម។
លោកថ្លែងថា៖ «ច្បាប់នៅកម្ពុជាមានឥទ្ធិពលចេញពីការអនុវត្តច្បាប់អន្តរជាតិសម្បូរបែប រួមមានទាំងនៅអាស៊ី និងប្រទេសផ្សេងៗ។ ក្នុងនាមជាប្រទេសដែលហត្ថលេខីលើកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិជាច្រើន សណ្ឋានច្បាប់របស់កម្ពុជាមានស្តង់ដារទំនើប ហើយត្រូវបានធ្វើឱ្យទាន់សម័យជាប្រចាំ ដែលតម្រូវឱ្យមានការបកស្រាយនិងការប្រឹក្សាជាមួយអ្នកជំនាញ»។
ដោយសារតែប្រព័ន្ធច្បាប់កម្ពុជាកំពុងអភិវឌ្ឍឆាប់រហ័សនេះ វាធ្វើឲ្យច្បាប់នៅកម្ពុជាកាន់តែស្មុគស្មាញ និងមានស្តង់ដារសកល។ ច្បាប់ជាច្រើនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២ ឬ ២០២៣ ដែលគ្របដណ្តប់លើវិស័យអាជីវកម្មសំខាន់ៗ។ ច្បាប់ទាំងនេះមានស្តង់ដារទំនើប ដោយសារតែវាត្រូវបានធ្វើបច្ចុប្បន្នភាពឲ្យស្របទៅនឹងគោលការណ៍អន្តរជាតិ។ នេះជាការលើកឡើងរបស់លោក លី តៃសេង។
ហេតុផលដែលធ្វើឲ្យច្បាប់កម្ពុជាមានភាពទំនើប ទាន់សម័យ ក៏ដោយសារតែស្ថាប័ននានារបស់រដ្ឋាភិបាលបានឲ្យអ្នកជំនាញផ្នែកច្បាប់សិក្សាស្រាវជ្រាវប្រព័ន្ធច្បាប់បរទេសដែលអាចជួយឱ្យប្រព័ន្ធច្បាប់របស់កម្ពុជាមានភាពទាន់សម័យ។
ចំពោះបរិយាកាសវិនិយោគនៅកម្ពុជាវិញ លោក លី តៃសេង បានលើកឡើងថា កម្ពុជាប្រហែលជាប្រទេសតែមួយគត់ក្នុងតំបន់ដែលអនុញ្ញាតឱ្យជនបរទេសកាន់កាប់អាជីវកម្មបាន១០០ភាគរយ លើកលែងតែការកាន់កាប់ដីធ្លី និងអចលនទ្រព្យនៅជាន់ផ្ទាល់ដី។ ជនបរទេសអាចជួលដី ឬអាចទទួលបានដីសម្រាប់វិនិយោគតាមរយៈដីសម្បទានសេដ្ឋកិច្ច។
សម្រាប់ការដោះស្រាយជម្លោះអាជីវកម្ម លោកបានបញ្ជាក់ថា កម្ពុជាមានជម្រើសជាច្រើនដូចជា ការចរចា ការសម្របសម្រួល ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ មុននឹងជម្លោះនោះឈានទៅដល់តុលាការ។ លោកក៏បានសរសើរអំពីដំណើរការចុះបញ្ជីអាជីវកម្មនៅក្រសួងពាណិជ្ជកម្ម ដែលធម្មតាអាចធ្វើរួចតែក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ទោះបីមានការរីកចម្រើនទាំងនេះក្តី លោកបញ្ជាក់ថា ការបង្កើតច្បាប់ថ្មី ទំនើប ក៏ជាបញ្ហាប្រឈមខ្លះដែរ ព្រោះថាច្បាប់ថ្មីតែងមានភាពស្មុគស្មាញ ដែលត្រូវការការស្វែងយល់ស៊ីជម្រៅ សូម្បីលោកជាមេធាវីក៏ត្រូវសិក្សាច្បាប់ថ្មីៗទាំងនោះរហូតដែរ។
លោក លី តៃសេង ផ្តល់ដំបូន្មានដល់អ្នកដឹកនាំអាជីវកម្មឲ្យស្វែងរកអ្នកជំនាញផ្នែកច្បាប់ដែលមានបទពិសោធន៍ដើម្បីយល់ដឹងពីប្រព័ន្ធច្បាប់កម្ពុជាឲ្យបានច្បាស់ ដែលអាចជួយដល់ការធ្វើអាជីវកម្មរបស់ពួកគេមានប្រសិទ្ធភាព៕