តាកែវៈ ក្រសួងពាក់ព័ន្ធបានសម្រេចធ្វើការបូមទឹកពីទន្លេបាទី និងស្ទឹងព្រែកត្នោត ដើម្បីសង្រ្គោះស្រូវប្រាំងពលរដ្ឋប្រ​មាណជា​៤ពាន់ហិកតា ក្នុងឃុំចំនួន៩ ស្ថិតក្នុងស្រុកបាទីកាលពីថ្ងៃទី ២១ ខែមករានេះ ក្រោយពីពលរដ្ឋនាំគ្នាតវ៉ាបិទផ្លូវជាតិលេខ២។ 

ក្រុមប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នាយកគោយន្ត និងម៉ូតូរាប់គ្រឿងបិទផ្លូវអស់រយៈពេលជាច្រើនម៉ោង ដើម្បីតវ៉ា សុំអន្តរាគមន៍ពីអាជ្ញាធរ និងក្រសួងពាក់ព័ន្ធនារសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៥។ 

ក្រោយពីទទួលបានដំណឹងពីការតវ៉ានោះភ្លាម លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ,  រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោកថោ ជេដ្ឋា និង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះទៅជួប​ប្រ​​ជាកសិករដោយផ្ទាល់ ក្នុងឃុំកណ្ដឹង ស្រុកបាទី។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ជាដំណោះស្រាយ ក្នុងបញ្ហានេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ក្រោមកិច្ច សហការជាមួយអាជ្ញាធរដែនដី បានសម្រេច អន្តរាគមន៍ ដោយបូមទឹកពីទន្លេបាទីតាមស្ថានីយទី២២ និងទី២៣ ដែលមានចំងាយជាង១០គីឡូម៉ែត្រ បញ្ចូលក្នុងប្រឡាយមេហនុមាន ដើម្បីសង្គ្រោះស្រូវប្រាំងប្រមាណ ៤ពាន់ហិកតារបស់ប្រជាកសិករចំនួន ៣ ៥០០គ្រួសារ។ 

ស្រូវដែលកំពុងតែខ្វះខាតទឹកទាំងនោះ ស្ថិតក្នុងឃុំក្រាំងធ្នង់ ឃុំពត់សរ ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្រពាំងសាប  ឃុំចំបក់ ឃុំដូង ឃុំពារាម និងឃុំត្នោត។

បន្ថែមពីនោះ រដ្ឋមន្ត្រីថោ ជេដ្ឋា ក៏បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹកខេត្ត ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមប្រឡាយ៧៨ និងប្រឡាយមេហនុមាន ដើម្បីនាំទឹកពីស្ទឹងព្រែកត្នោតទៅជួយសង្រ្គោះស្រូវប្រាំង និងដោះស្រាយបញ្ហាប្រឈមចំពោះមុខរបស់ប្រជាកសិករបន្ថែមទៀតផងដែរ។

លោករដ្ឋមន្ត្រី បានសម្រេច ចាត់ឱ្យក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ឱ្យរៀបចំបូមទឹកពីស្ទឹងព្រែកត្នោតបញ្ជូនតាមប្រឡាយ៧៨ចូលក្នុងអាងទឹកទន្លេបាទី ហើយបញ្ជូនបន្តតាមប្រឡាយមេហនុមាន ដើម្បីទៅស្រោចស្រពផ្ទៃដីស្រូវប្រាំងដែលកំពុងប្រឈមនឹងការខ្វះខាតទឹក។

ក្រសួងបានលើកឡើងថា ក្នុងផែនការឆ្នាំ២០២៥ នៅស្រុកបាទី ការបង្កបង្កើនផលស្រូវរដូវប្រាំងមានចំនួន ២ពាន់ហិកតា ប៉ុន្តែប្រជាពលរដ្ឋបានអនុវត្តការធ្វើស្រែប្រាំងរហូតដល់ ៤ពាន់ហិកតា ក្នុងពេលដែលប្រភពទឹកជាក់ស្តែងនៅក្នុងមូលដ្ឋានមិនមានគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារបង្កបង្កើនផល។ 

ក្រៅពីនោះប្រព័ន្ធស្ទឹងព្រែកត្នោតនៅផ្នែកខាងលើតំបន់រលាំងជ្រៃ និងប្រព័ន្ធប្រឡាយបញ្ជូនទឹកចូលអាងទន្លេបាទីបានបិទជាបណ្តោះអាសន្ន ដើម្បីធ្វើការជួសជុល បណ្តាលឱ្យស្រូវប្រាំងប្រជាពលរដ្ឋប្រឈមមុខនឹងបញ្ហាខ្វះខាតទឹកស្រោចស្រព។ 

ក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ស្តីអំពីវឌ្ឍនភាពការងាររបស់ក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃអង្គារ ទី ២១ មករានេះ រដ្ឋមន្ត្រីជេដ្ឋា បានមានប្រសាសន៍ថា ក្រសួងកំពុងតែបន្តការជួសជុល ស្តារឡើងវិញ និងសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រគ្រប់ខ្នាត ប្រព័ន្ធការពារទឹកជំនន់ និងទំនប់ការពារទឹកប្រៃ។ 

ការងារនេះបានជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងធានាដល់សន្តិសុខទឹក ព្រមទាំងធ្វើការផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងការងារបង្កបង្កើនផលស្រូវ និងដំណាំគ្រប់ប្រភេទ។ 

លោកបញ្ជាក់ថា៖«គិតត្រឹមឆ្នាំ២០២៤ ក្រសួងបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១ ៩៦៩ ៨៤៣ហិកតា។ ក្នុងនោះស្រូវរដូវវស្សាចំនួន ១ ៣៨៧ ០៥១ហិកតា និងស្រូវរដូវប្រាំងចំនួន ៥៨២ ៧៩២ហិកតា​​»។ 

លោកក៏បានលើកឡើងផងដែរថា នៅក្នុងការអនុវត្តការងារ ក្រសួងក៏បានជួបបញ្ហាប្រឈមជាច្រើន ដែលតម្រូវឱ្យមានការដោះស្រាយឱ្យមានប្រសិទ្ធភាព ដូចជា ការអភិវឌ្ឍធនធានមនុស្សសម្រាប់បន្តវេន ប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មានព្យាករណ៍ និងជូនដំណឹងជាមុននៅមានកម្រិត លិខិតបទដ្ឋានគតិយុត្តសម្រាប់គាំទ្រដល់ការអនុវត្តការងារនៅពុំទាន់មានភាពគ្រប់ជ្រុងជ្រោយ។ 

ចំណែកឯ ថវិកាសម្រាប់ការងារស្ដារ ជួសជុល ថែទាំ និងកិច្ចដំណើរការលើហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តមិនទាន់ ឆ្លើយតបទៅនឹងចំនួនប្រព័ន្ធធារាសាស្ត្រ។ 

បន្ថែមលើនេះការប្រែប្រួលអាកាសធាតុបានធ្វើឱ្យមានការកើនឡើងនូវគ្រោះធម្មជាតិ ដែលអាចប៉ះពាល់ បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធទឹក និងប្រព័ន្ធធារាសាស្រ្ត។

អាជ្ញាធរពាក់ព័ន្ធ ក៏បាននឹងកំពុងតែបូមទឹកស្រោចស្រពផ្ទៃដីស្រូវស្រែប្រាំងចំនួន៤៨៣ហិកតា ស្ថិតក្នុង ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ផងដែរ។ ការបូមទឹកសង្រ្គោះស្រូវប្រាំងនេះ មានប្រើប្រាស់ម៉ាស៊ីនចំនួន២គ្រឿង ដើម្បីបូមទឹកប្រមាណ១,២ លានម៉ែត្រគូប។

ការបង្កបង្កើនផលស្រូវប្រាំងលើសកំណត់បាននឹងកំពុងតែបង្កបញ្ហានៃការខ្វះខាតទឹកស្រោចស្រព។ ក្នុងខេត្តពោធិ៍​សាត់ ទឹកអាចផ្គត់ផ្គង់ ជូនប្រជាកសិករ បានត្រឹមតែ ២០ ០០០ហិកតាប៉ុណ្ណោះ តែ ការ​បង្ក​បង្កើនផលមានរហូតដល់ទៅ ៥៨ ៧៧០ហិកតា។ 

ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ លោកហៃ ធូរ៉ា បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ពុំទាន់មានការខ្វះខាតទឹកនោះទេ ក្នុងខេត្តពោធិ៍សាត់។ ប៉ុន្តែនៅខែក្រោយ ការខ្វះខាតទឹកសម្រាប់ស្រូវប្រាំង អាចនឹងកើតមានឡើងខ្លះ។ 

លោកបញ្ជាក់ថា៖«ស្រូវក៏ច្រូតបានមួយចំនួនធំដែរ ហើយមានភ្លៀងកក់ខែមួយមធំផងដែរ ខែនេះ។ យើងកំពុងតែតាមដានសិក្សាមើលបញ្ហាប្រឈមហ្នឹង។ ក្នុងខែនេះនៅមិនទាន់អីទេ»។

លោកបន្ថែមថា មន្ទីរកសិកម្ម និងមន្ទីរធនធានទឹក រួមនឹងអាជ្ញាធរនឹងជួយអន្តរាគមន៍ឱ្យអស់លទ្ធភាព ប្រសិនបើមានបញ្ហាខ្វះខាតទឹកកើតមានឡើងនាពេលខាងមុខនេះ៕