ភ្នំពេញៈ អាជ្ញាធរទន្លេសាបបាននឹងកំពុងតែរៀបចំចងក្រង ឯកសារសិក្សា​ស្រាវ​ជ្រាវ​ ពីប្រភេទ​ជីវចម្រុះផ្សេងៗនៅ​ក្នុង​តំបន់បឹង​ទន្លេសាប​ទំហំ​ជាង១លាន​ហិកតា ដើម្បីបោះពុម្ព​ជាសៀវ​ភៅសម្រាប់​រៀបចំផែន​ការអភិរក្ស​បន្ថែ​មទៀ​តប្រ​កប​ដោយចីរភាព និង​និរន្ត​រភាព។

ការប្រមូលចងក្រង និងរៀបចំបោះពុម្ពសៀវភៅសមិទ្ធិផលសិក្សាស្រាវជ្រាវរបស់អាជ្ញាធរទន្លេសាប​នោះរួមមាន​ជីវ​ចម្រុះដូចជា ប្រភេទ ត្រី, បក្សីទឹក, ព្រៃលិចទឹក, ល្មូន រួមជាមួយជីវចម្រុះផ្សេងៗទៀត។ 

ជាការចាប់​ផ្តើម​ដំ​ណើរ​ការនេះ មន្រ្តីនៃអាជ្ញាធរទន្លេសាប និងស្ថាប័នជំនាញពាក់ព័ន្ធកំពុងតែប្រជុំពិភាក្សាគ្នា​ដើម្បី​ពិនិ​ត្យលើ​រប​ក​គំ​ហើញ​នៃការស្រាវជ្រាវ និងយន្តការបែបបទបច្ចេកទេស​ ក្នុងការរៀបចំឱ្យស្របតាម​លក្ខណៈវិ​ទ្យាសាស្រ្ត​បច្ចេកទេស ដែលអាចផ្សព្វផ្សាយ និងយកទៅប្រើប្រាស់ជាផ្លូវការបាន សម្រាប់ធ្វើជាមូលដ្ឋានដល់អ្នកសិក្សា និង​អ្នក​ស្រាវជ្រាវ។​ជា​ពិសេស គឺដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការចូលរួមថែរក្សាការពារ អភិរក្ស និងគ្រប់គ្រង​ធន​ធាន​ទាំងអស់នេះ ប្រ​ក​បដោយចីរភាព និងនិរន្តរភាព។

អនុប្រធានក្តាប់រួម នៃអាជ្ញាធរទន្លេសាប លោកហ៊ែល តូនី ដែលបានដឹកនាំកិច្ចប្រជុំបានឱ្យដឹងថា ការសិក្សាបាន​បញ្ចប់​​ ហើយការប្រជុំប្រមូលទិន្នន័យឱ្យបានច្បាស់លាស់កំពុងតែត្រូវធ្វើឡើង។

លោកមានប្រសាសន៍ថា៖«យើងជុំគ្នាពិភាក្សា មូលមតិគ្នា ដើម្បីឱ្យដឹងថា ចំនួនប៉ុន្មានអីប៉ុន្មាន ហើយ​នឹង​អញ្ជើញ​អន្តរ​ក្រសួងមកប្រជុំបញ្ជាក់បន្ថែម ថាយើងរកឃើញប៉ុណ្ណឹង ខាងក្រសួងបរិស្ថាន ឃើញប៉ុន្មាន ខាងជលផល នៃក្រសួង​ក​សិក​ម្មឃើញប៉ុន្មាន ដើម្បីដឹងប្រភេទហ្នឹង​វាដូចគ្នារឺអត់»។

លោកបន្ថែមថា ក្នុងករណីដែលរកឃើញថា មានអ្វីថ្មី ឬផ្សេងគ្នា នោះ អាជ្ញាធរទន្លេសាបនឹងដាក់បញ្ជូល ដើម្បី​ចង​ក្រង ហើយបោះពុម្ពផ្សព្វផ្សាយ។

លោកថ្លែងដូច្នេះថា៖«យើងនឹងបោះពុម្ពផ្សព្វផ្សាយនេះ ដើម្បីឱ្យដឹងថា ចំនួនជីវចម្រុះដូចជាប្រភេទត្រី ព្រៃលិចទឹក សត្វ​ល្មូន បក្សីទឹកក្នុងទន្លេសាបមានប៉ុន្មានឱ្យពិតប្រាកដ ហើយយើងនាំគ្នាចូលរួម ថែរក្សា ការពារកុំឱ្យបាត់បង់»។ 

លោក​ហេង គង់ ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប​ នៃ​រដ្ឋបាល​ជលផល​ ដែលឈាន​មុខ​គេ​ខាងស្រាវជ្រាវទឹកសាបបានឱ្យដឹងថា វិទ្យាស្ថានធ្លាប់បានធ្វើការសិក្សាពីប្រភេទត្រី ការបំរែបំរួលប្រភេទត្រី និង​ផល​ចា​ប់ត្រីជាដើម នៅខេត្តជុំវិញបឹងទន្លេសាបប្រហែលជាជាង១០ឆ្នាំមុន។ 

លោកបញ្ជាក់ថា៖«កាលនោះបានរកឃើញត្រីជាង១៤០ប្រភេទ តែការសិក្សាមិនបានផ្តោតទៅលើប្រភេទជិតផុតពូជ​ដូចជា មានត្រីត្រសក់ គល់រាំង រាជ និងត្រីខ្លាជាដើមទេ។ ត្រីខ្លា វត្តមានវាកាន់តែតិចទៅៗនៅបឹងទន្លេសាប។ យើង​បានធ្វើការជាមួយអ្នកនេសាទ កន្លងមកគឺថា កាលពី២០ឆ្នាំ​មុនវត្តមានត្រីខ្លា នៅបឹងទន្លេសាបមាន តែឥលូវ យើង​ឃើញវា​មានតិចតួច។ តែនៅមានវត្តមានខ្លះនៅផ្នែកខាងលើទន្លេមេគង្គ»។ 

លោកគង់យល់ឃើញថា ការបោះពុម្ពឯកសារនេះ គឺជាគំនិតផ្តួចផ្តើមមួយល្អ និងសំខាន់​សម្រាប់​ទុក​ជាឯ​កសា​រដ​ល់​អ្ន​កសិក្សាស្រាវជ្រាវ ឬ​មនុស្ស​ជំនាន់ក្រោយ។ 

លោកបានផ្តល់ជាយោបល់ថា ក្រៅពីបោះពុម្ពផ្សព្វផ្សាយ ឯកសារនេះ ក៏គួរដាក់នៅគេហទំព័រហ្គូហ្គល (Google) ឬក៏បណ្តាញសង្គមផ្សេងៗរបស់អាជ្ញាធរទន្លេសាប ដែលសាធារណជនអាចចូលទៅមើលបាន។ លើសពីនោះ ក៏​ ​ទាម​ទារ​ឱ្យមា​នអ្នកបច្ចេកទេស ឬដៃគូពាក់ព័ន្ធដែលមានជំនាញខាងផ្នែកជលផល សត្វស្លាប ឬប្រភេទព្រៃលិចទឹកផ្សេងៗ ឱ្យចូលរួមក្នុងការផ្ទៀងផ្ទាត់ ដើម្បីចៀសវាងភាពចន្លោះប្រហោងណាមួយផងដែរ។

តំបន់បឹងទន្លេសាបចែកជា៣តំបន់។ ក្នុងនោះ តំបន់១ ជាតំបន់លំនៅដ្ឋាន និងស្រែចំការរបស់ប្រជាពលរដ្ឋដែល​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ស្រប​ច្បាប់, តំបន់២ ជាតំបន់​ប្រើប្រា​ស់អាស្រ័យផល និងរក្សាទុកជាតំបន់ទ្រនាប់ការពារ និង តំប​ន់៣ ជាតំបន់ដែនព្រៃលិចទឹក ដែលហាម​ប៉ះពាល់​ និង​ត្រូវ​ការពារដាច់​ខាត។​ តំបន់៣នេះ ទឹកអាច​លិច​នៅ​រដូ​វវ​ស្សា​កម្រិត​កម្ពស់ពី ៦ ទៅ ៧ម៉ែត្រ។

ការធ្វើបច្ចុប្បន្នភាពផែនទី នៃទំហំផ្ទៃដីតំបន់ទាំង៣ ក្នុងខេត្តទាំង៦ ក្រោយពីពិនិត្យឡើងវិញ និង​ចុះ​ផ្ទៀង​ផ្ទាត់​ទី​តាំង​ជាក់ស្តែងនៅដំណាក់កាលទី៣ឃើញថា ទំហំផ្ទៃដីតំបន់១មានចំនួន ៤៣៦ ៨៧៩,១១ ហិកតា, តំបន់២មានចំនួន ៤១៣ ៤៨៨,០៨ ហិកតា និង តំបន់៣មានចំនួន ៥៦១ ៦៣៤,៦០ ហិកតា។ នេះបើយោងតាមក្រសួងធនធាន ទឹក និង​ឧតុនិយម។ 

អាជ្ញាធរទន្លេសាប ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៧ គឺជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដែល​មាន​អាណ​ត្តិ​កា​​រងារ និងមានភារកិច្ចសិក្សាស្រាវជ្រាវ និងសម្របសម្រួលក្នុងការគ្រប់គ្រង ការអភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទន្លេ​សា​បឱ្យ​មានប្រ​សិទ្ធភាព ដើម្បីធានាបាននូវផលប្រយោជន៍ប្រកបដោយនិរន្តរភាព។ អាជ្ញាធរ​ទន្លេ​សាប​មាន​សមា​សភា​ពជា​ក់ស្តែង​ មកពីតាមបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធនានា និងខេត្តជាប់បឹងទន្លេសាបមួយចំនួនផងដែរ នៅ​ក្នុ​ងដំ​ណើរ​កា​រអនុវត្តការងាររបស់ខ្លួន។ 

មន្រ្តីជំនាញអាជ្ញាធរទន្លេសាបបានកំពុងតែចុះសិក្សាស្រាវជ្រាវ អំពីផលនេសាទ នៅតាមឡូត៍ដាយ និងក្រៅឡូត៍ដាយ​នៅតាមដងទន្លេសាប ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងបណ្តាខេត្តជុំវិញបឹងទន្លេសាបផងដែរ។

ការសិក្សា គឺមានគោលបំណងតាមដានពីបម្រែបម្រួលទន្និផលផលនេសាទធនធានត្រី រួមទាំងទំហំ និង​ប្រភេទ​ត្រី​ចេញពី​បឹងទន្លេសាប ដែលចាប់បានដោយឡូត៍ដាយ និងការនេសាទដោយឧបករណ៍ផ្សេងទៀត។ 

ការសិក្សានេះ មានការអនុវត្តន៍ទៅលើ ការតាមដានបរិមាណផលចាប់, តាមដានភាពសម្បូរបែប នៃប្រភេទត្រី និង​តាម​​ដាន​ការ​កែច្នៃ និងចរន្តទីផ្សារលើផលនេសាទពីអាជីវកម្មឡូត៍ដាយ។

ក្រៅពីនោះ ក៏មាន ការតាមដាន និងវាយតម្លៃ​ប្រភេទ​ធន​ធានជ​លផ​លទៅតា​មប្រ​ភេទ​ឧបករណ៍​នេ​សាទ​ក្នុង​ទី​តាំង​សិក្សា, ការធ្វើបច្ចុប្បន្នភាពប្រភេទ និងលក្ខណៈជីវសាស្រ្តធនធានជលផលតាមប្រភេទទីជម្រក ចំណី និង​បរិ​ស្ថាន​ទឹក និងការវាយតម្លៃលើការបន្លាស់ទីធនធានជលផលតាមស្ទឹង និងលក្ខណៈជីវសាស្រ្តរបស់ត្រី និងក្រៅពីត្រីជាដើម។​

ទាក់ទងទៅនឹងការងារអភិរក្សបឹងទន្លេសាបនេះដែរ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា បានឱ្យដឹងថា ក្រសួងបាននឹងកំពុងតែធ្វើការពារធានធានធម្មជាតិ ជាពិសេសគឺតំបន់ដីសើម ដែលមាននៅ​តំបន់​បឹងទន្លេសាប ហើយនិងតំបន់រ៉ាមសារ ដែលជាប្រភពនៃជីវចម្រុះដ៏សំខាន់។ 

លោកមានប្រសាសន៍ថា៖«ការអភិរក្សនេះផ្តល់នូវការថែរក្សាប្រព័ន្ធអេកូឡូស៊ី សម្រាប់ការរស់រាន្តមានជីវិត ទាំងមនុស្ស ទាំងសត្វ ការរស់នៅប្រកបដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ដោយ​ជំរុញឱ្យ​មានការ​អភិវឌ្ឍន៍​ផ្នែក​ជីវភាព​ជាសំខាន់ តាមរយៈទេសចរណ៍ធម្មជាតិ ទស្សនាសត្វស្លាប មច្ឆា ក៏ដូចជាតំបន់ព្រៃលិចទឹកផ្សេងៗទៀត»។ 

លោកបានឱ្យដឹងថា ក្រសួងបានបណ្តុះកូនព្រៃលិចទឹក និងបានដាំជាង៤ពាន់ដើមរួចមកហើយក្នុងបឹងទន្លេសាប។ លើសពីនោះ ក៏មានការ​បណ្តុះឈើកូនប្រមាណជា៥ម៉ឺនដើមទៀតក្នុងខេត្តសៀមរាប ដើម្បីយកទៅដាំនៅ​តំបន់បឹង​ទន្លេ​សាប​បន្ថែមទៀតផងដែរ។

លោកបញ្ជាក់ថា៖«ក្រសួងសហការជាមួយនឹងភាគីពាក់ព័ន្ធ ធ្វើម៉េចឱ្យបឹងទន្លេសាបនេះមានភាពស្អាត គ្មាន​សំរាម​ផ្លា​ស្ទិក និងចូលរួមការពារ គ្រប់គ្រងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍន៍ដោយចីរភាព»៕