ភ្នំពេញ៖ កម្ពុជា និងសហភាពអឺរ៉ុប (EU) ស្វែងយល់ការអនុវត្តលទ្ធកម្មសាធារណៈប្រកបដោយចីរភាព (SPP) ដើម្បីធានាបាននូវភាពធន់ និងនិរន្តរភាពសេដ្ឋកិច្ចរបស់កម្ពុជា ខណៈត្រៀមខ្លួនចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។
នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីលទ្ធកម្មសាធារណៈប្រកបដោយចីរភាព (SPP) របស់កម្ពុជាកាលពីថ្ងៃទី២២ ខែមករា លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងដៃគូឯកជន បានពិភាក្សាអំពីយុទ្ធសាស្ដ្រលើកកម្ពស់ទំនិញ និងសេវាកម្មប្រកបដោយចីរភាព តាមរយៈលទ្ធកម្មសាធារណៈ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ឆ្នាំ ២០២៣ បានចង្អុលឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបំពេញមុខងារជានិយ័តករ និងត្រួតពិនិត្យការអនុវត្តលទ្ធកម្មសាធារណៈ ព្រមទាំងត្រូវបង្កើនសិទ្ធិសម្រេច ជាបន្តបន្ទាប់រហូតទាំងស្រុង ជូនអង្គភាពអនុវត្តកិច្ចលទ្ធកម្ម នៅតាមក្រសួង-ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោម ជាតិ ។
លោកបានឱ្យដឹងថា៖ «ច្បាប់ស្តីពីលទ្ធកម្មសាធារណៈនេះ ក៏បានបង្ហាញពីឆន្ទៈមោះមុត របស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មប្រព័ន្ធលទ្ធកម្ម លើកកម្ពស់អភិបាលកិច្ច ដែលជាមូលដ្ឋានគ្រឹះ និងពង្រឹងប្រសិទ្ធភាពចំណាយសាធារណៈអនុលោមតាមបរិបទនៃលទ្ធកម្មប្រកបដោយចីរភាព»។
ច្បាប់នេះ កំណត់អំពីវិធាន វិធីសាស្ត្រ នីតិវិធី និងរចនាសម្ព័ន្ធសម្រាប់គ្រប់គ្រងនិងអនុវត្តគ្រប់លទ្ធកម្មសាធារណៈ ក្នុងគោលបំណងដើម្បីធានាឱ្យកិច្ចលទ្ធកម្មសម្រាប់ការទិញ ការសាងសង់ ការជួសជុល ការផ្ទ ការជួលសេវាកម្ម និងការជួល សេវាទីប្រឹក្សា ប្រព្រឹត្តទៅប្រកបដោយតម្លាភាព គណនេយ្យភាព សុចរិតភាព ការប្រកួតប្រជែង ភាពយុត្តិធម៌ ប្រសិទ្ធភាព សក្តិសិទ្ធិភាព ចីរភាព គុណភាព ការសន្សំសំចៃ និងភាពទាន់ពេល ព្រមទាំងធានាឱ្យបាននូវប្រព័ន្ធលទ្ធកម្មសាធារណៈ ឯកភាពមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបានលើកឡើងពីអាទិភាពក្នុងការផ្ដល់ការការពារបរិស្ថាន និងការគ្រប់គ្រងផលប៉ះពាល់លើសង្គមក្នុងការរៀបចំលិខិតគតិយុត្ត ពាក់ព័ន្ធនឹងការអនុវត្តកិច្ចលទ្ធកម្មប្រកបដោយចីរភាព។
ក្រមបរិស្ថាន និងច្បាប់លទ្ធកម្មសាធារណៈ សង្កត់ធ្ងន់លើតម្រូវការសម្រាប់ស្តង់ដាច្បាប់ស្តីពីលទ្ធកម្មប្រកបដោយនិរន្តរភាព ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការបញ្ចូលពីក្រសួងពាក់ព័ន្ធ។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា៖ «ខ្ញុំសូមស្មើគ្រប់តួអង្គពាក់ព័ន្ធចូលរួមរៀបចំលិខិតបទដ្ឋានគតិយុត្ត និងឯកសារគោលស្តីពីនីតិវិធី និងបែបបទចាំបាច់ទាំងឡាយ ដើម្បីដាក់ឱ្យអនុវត្ត នាពេលខាងមុខ ស្របតាមការកំណត់ នៃកិច្ចដំណើរការនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ។
យើងមិនត្រូវមានការអល់អែកក្នុងកិច្ចការនេះឡើយ។ ផ្ទុយទៅវិញ យើងត្រូវសម្រេច និងដាក់ឱ្យអនុវត្តជាជំហានៗ នូវកិច្ចលទ្ធកម្មសាធារណៈប្រកបដោយចីរភាព ក្នុងភាពជាម្ចាស់ក្នុងបរិបទកម្ពុជា»។
លោកបន្ដថា អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន ត្រូវធ្វើការសិក្សា និងវាយតម្លៃលើកិច្ចដំណើរការលទ្ធកម្មបច្ចុប្បន្ន ព្រមទាំងកំណត់វិសាលភាពការងារ ពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈប្រកបដោយចីរភាព (SPP) ឱ្យស្របតាមច្បាប់ជាធរមាន និងស្តង់ដាអន្តរជាតិ ដើម្បីជំរុញ អនុវត្តកិច្ចការនេះ នៅក្នុងក្របខណ្ឌនៃការកែទម្រង់លទ្ធកម្មសាធារណៈ។
លោក Driesmans ការលើកកម្ពស់ចីរភាពទំនិញ និងសេវាកម្ម គឺជាកត្តាដ៏សំខាន់ក្នុងការការពារបរិស្ថាន សន្សំសំចៃថាមពល និងប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
លោកបានថ្លែងថា ដោយសារតែប្រទេសកម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនាពេលប៉ុន្មានឆ្នាំខាងមុខនេះ ទើបការបង្កើនចីរភាព ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
លោក Driesmans បានឱ្យដឹងថា៖ «ការពិភាក្សារបស់យើងស្តីពីលទ្ធកម្មសាធារណៈប្រកបដោយចីរភាព (SPP) ត្រូវបានផ្សារភ្ជាប់ទៅនឹងទិដ្ឋភាពសំខាន់ពីរនៃកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបជាមួយប្រទេសកម្ពុជា៖ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
លោកបានបន្ដថា៖ «លទ្ធកម្ម និងសំណង់ដែលមានគុណភាពខ្ពស់ ក៏ត្រូវមានការសម្របសម្រួលដោយក្រមអឺរ៉ុប (Eurocodes) ស្តង់ដាអឺរ៉ុប ដែលផ្តល់នូវវិធីសាស្ត្របង្រួបបង្រួមក្នុងការរចនាអគារ និងសំណង់ស៊ីវិល»។លោកបាននិយាយថា ស្តង់ដាសំណង់ល្អអាចធ្វើឱ្យរចនាសម្ព័ន្ធមានពណ៌បៃតង និងធន់នឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
យ៉ាងណាមិញ លោក អូន ព័ន្ធមុនីរ័ត្ន ទទួលស្គាល់ថា លទ្ធកម្មសាធារណៈប្រកបដោយចីរភាព គឺជាកិច្ចការថ្មីសម្រាប់កម្ពុជា ដោយលោកស្នើដល់អ្នកពាក់ព័ន្ធបន្តរៀនសូត្រ ចែករំលែកចំណេះដឹង និងស្វែងយល់អំពីការអនុវត្តល្អៗពីបណ្តាប្រទេស ទាំងក្នុងតំបន់ និងសកលលោក។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបង្កើតក្រុមការងារស្នូលដឹកនាំការងារនេះ (SPP/SCP Core Group) ដើម្បីធានានូវកិច្ចដំណើរការនៃការអនុវត្តគម្រោងសាកល្បង ស្តីពីលទ្ធកម្មសាធារណៈប្រកបដោយចីរភាព ក្នុងពេលដ៏ខ្លីខាងមុខ។
លោកថ្លែងថា៖ «ក្រុមការងារត្រូវត្រួតពិនិត្យ តាមដាន និងវាយតម្លៃកិច្ចលទ្ធកម្ម សាធារណៈប្រកបដោយចីរភាពឱ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ»។
លោក អូន ព័ន្ធមុនីរ័ត្ន បានពន្យល់ថា ពួកគេត្រូវជំរុញផ្សព្វផ្សាយជាបណ្តើរៗតាមរយៈការប្រើប្រាស់ឧបករណ៍ និងវេទិកាឌីជីថល ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃលទ្ធកម្មសាធារណៈប្រកបដោយចីរភាព ក្នុងចំណោមមន្ត្រីរាជការ អាជីវករ និងធុរជន ក៏ដូចជា សាធារណជនទូទៅ។
គួរបញ្ជាក់ថា សហភាពអឺរ៉ុប បានគាំទ្រដល់ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០០៦ ដែលការគាំទ្របច្ចុប្បន្ន ត្រូវបានត្រូវបានធ្វើឡើងតាមរយៈ «ភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជាសម្រាប់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២២-២០២៨»។
នេះផ្ដោតសំខាន់លើការកែទម្រង់ការគ្រប់គ្រងមូលនិធិសាធារណៈ លើកកម្ពស់ការប្រើប្រាស់មូលនិធិសាធារណៈឱ្យកាន់តែមានគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពជាលំដាប់៕