ភ្នំពេញៈ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូនគម្រោងនឹងផ្តល់សេវាចុះបញ្ជីផ្លាកលេខពិសេស​ផ្ទាល់​ខ្លួន​សម្រា​ប់​ម៉ូតូ នា​ពេល​ឆាប់ៗ នៅក្នុងឆ្នាំ២០២៥នេះ។ នេះជាយន្តការមួយ រួមចំណែកក្នុងការរបង្កើន និង​ប្រមូល​ចំណូ​លថវិ​កាជូន​រដ្ឋ​ ក៏​ដូចជា ការបង្ខិតសេវាឱ្យកាន់តែកៀក និងផ្តល់ជម្រើសបន្ថែមទៀតដល់ពលរដ្ឋផង​ដែរ​។

អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ ផន​ រឹមបានឱ្យដឹងថា៖​«ឆាប់ៗ​ខាង​មុខនេះ យើងនឹងមានសេវាចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត(ម៉ូតូ)»។ 

​សេ​វាចុះបញ្ជីថ្មី​ ដែលដើម្បីបំរើតម្រូវការរបស់ប្រជាពលរដ្ឋនេះ គម្រោងនឹងធ្វើឡើង ​បន្ទាប់​ពី​សាធា​រណ​ជ​នមា​ន​ការ​គាំ​ទ្រ​ និង​ប្រើប្រា​ស់ជាច្រើន នូវសេវាចុះបញ្ជីផ្លាកលេខពិសេស និង​ផ្ទាល់​ខ្លួន​ស​ម្រាប់​រថ​យ​ន្ត។
 
ក្នុងនៅឆ្នាំ២០២៤ ក្រសួងសាធារណការ បានចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនចំនួន ៣០ ៣៧១គ្រឿង ដែលផ្តល់ចំណូលបានសរុបប្រមាណជាង១៨លានដុល្លារ។ ចំនួននេះ មានការ​កើន​ឡើង​បើ​ធៀប​នឹ​ង​​​ឆ្នាំ២០២៣​។ 

ក្រសួងបានឱ្យដឹងថា ការរៀបចំជាប្រភេទផ្លាកលេខ ដែលចុះតាមលេខរៀងគឺមានតំាងពីសម័យសង្គមរាស្រ្តនិយម ប៉ុន្តែ​តាមការអភិវឌ្ឍសង្គម និងដោយមើលនូវតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅឆ្នំា២០១៧ ក្រសួង​បាន​រៀបចំ​ឱ្យមា​នកា​រលក់លេខពិសេស ដែលអនុញ្ញាតឱ្យមានការផ្លោះស៊េរីលេខ ចុះបញ្ជី ព្រមទំាងការជ្រើសរើសលេខល្អ លេខ​សំណាង។

ក្រោយមកនៅឆ្នាំ២០២០ ក្រសួងក៏បាន រៀបចំឱ្យមានការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនបន្ថែមទៀត ដែលជា​គំ​និត​ច្នៃប្រឌិតមួយថ្មី និងជាការ ផ្តល់ជម្រើសដល់អ្នកប្រើប្រាស់បន្ថែមទៀត។​ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​អាច​ជ្រើ​សលេ​ខ​ចុះបញ្ជី ពិសេសផ្ទាល់ខ្លួនណាមួយ ដែលខ្លួនពេញចិត្តសម្រាប់ចុះបញ្ជីបំពាក់លើរថយន្តរបស់ខ្លួនបាន។

លេខចុះបញ្ជីនេះ អាចដាក់ជាឈ្មោះរបស់ខ្លួន ឬអាចជាបង្គុំមានជាលេខ ឬ ជាអក្សរឡាតាំង តែមិនឱ្យលើសពី៨ខ្ទង់។ ប៉ុន្តែ ក្រសួង​មិនអនុញ្ញាត ចំពោះការបង្គុំលេខចុះបញ្ជីណា ដែលមានអត្ថន័យ ឬ​សូរ​ស័ព្ទ​ដែល​ប៉ះពា​ល់ដ​ល់ស​ណ្តាប់​ធ្នាប់​សាធារណៈ ឬឈ្មោះទីកន្លែង ប្រវត្តិសាស្រ្តនោះឡើយ។

ការរៀបចំនេះក៏បានអនុញ្ញាតឱ្យម្ចាស់កម្មសិទ្ធិលេខចុះបញ្ជីមានសិទ្ធិរក្សាទុកលេខ ចុះបញ្ជីរបស់ខ្លួន​សម្រាប់​ចុះ​បញ្ជី​បំពាក់លើរថយន្តរបស់ខ្លួន ដែលមិនទាន់ចុះបញ្ជីមួយផ្សេងទៀតបាន។ 

ការដាក់ឱ្យដំណើរការការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដ ក្នុងគោល​បំណងផ្តល់​ជម្រើសដល់​ប្រ​ជា​ពលរដ្ឋ ដែលមានលទ្ធភាពអាចជ្រើសរើសផ្លាកលេខ ដែលមានលក្ខណៈពិសេស អាចកម្ម៉ង់តាមការពេញចិត្ត ព្រម​ទាំង​ជួយសម្រួលដល់នីតិវិធី នៃការប្រមូលពន្ធថែមទៀតផង។

ភ្នំពេញប៉ុស្តិ៍ពុំទាន់អាចសុំអត្ថាធិប្បាយបន្ថែម ពីគម្រោងផ្តល់សេវាចុះបញ្ជីថ្មីនេះ ពីលោកផន រឹម​បាន​នៅ​ឡើយ​នោះ​ទេ​។ការប្រកាសពីការផ្តល់សេ​វាចុះបញ្ជីថ្មីនេះ ធ្វើឡើង ក្នុងពេលដែល​ ក្រសួងសាធារណការកំពុងតែ​ធ្វើសន្និបាត​បូក​ស​រុប​ល​ទ្ធផ​លកា​រងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេល២ថ្ងៃ គឺថ្ងៃទី២២ ដល់ទី២៣ ខែមករានេះ។   

ពិធីនេះធ្វើឡើង ដើម្បីពិភាក្សា និងពិនិត្យវាយតម្លៃឡើងវិញរួមគ្នា លើវឌ្ឍនភាពការងាររបស់វិស័យសាធារណការ និង​ដឹកជញ្ជូន ដែលក្រសួងសម្រេចបានក្នុងរយៈ ពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និង​លើក​ទិស​​ដៅកា​រងារសម្រាប់ឆ្នាំ២០២៥។ ក្រសួងបានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតនឹងធ្វើជាអធិបតី បិទ​សន្និ​បាតប្រចាំឆ្នាំនេះ៕