ចាប់ពីឆ្នាំ២០០៦ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលបានរំដោះផ្ទៃដីមានមីនចំនួន ៣៨៤ គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលចំនួនជាង ១,២ លាននាក់។ អាជ្ញាធរមីន និង UNDP បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ប្រចាំឆ្នាំ២០២៤។
លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន តំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងអំពីសមិទ្ធផលនៃសកម្មភាពមីននៅកម្ពុជា ដែលចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ កម្ពុជាបានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ក្នុងទំហំផ្ទៃដីចំនួន ៣២៩៧ គីឡូម៉ែត្រក្រឡា។
លោកបន្តថា «ផ្ទៃដីទាំងនេះត្រូវបានយកមកប្រើប្រាស់សម្រាប់វិស័យកសិកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់លំនៅឋាន និងគោលបំណងសេដ្ឋកិច្ច-សង្គមដទៃទៀត។ ក្នុងនោះ សមិទ្ធផលទទួលបានពីការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្រោមការសម្របសម្រួលរបស់ UNDP ចាប់តាំងពីឆ្នាំ២០០៦ មក បានរំដោះផ្ទៃដីមានមីនចំនួន ៣៨៤ គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលចំនួនជាង ១,២ លាននាក់ ព្រមទាំងត្រូវបានទទួលស្គាល់ពីសហគមន៍សកម្មភាពមីនសកល»។
លោក លី ធុជ ក្នុងនាមរដ្ឋាភិបាល បានថ្លែងអំណរគុណចំពោះការគាំទ្រប្រកបដោយសប្បុរស និងការបន្តគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ ក្នុងចំណោមម្ចាស់ជំនួយដទៃទៀត ចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា កិច្ចសង្រ្គោះជនរងគ្រោះ ការអប់រំពីមីន និងការបញ្រ្ជាបយេនឌ័រក្នុងសកម្មភាពមីននៅកម្ពុជា។
លោកថ្លែងថា៖ «ការបោសសម្អាតមីនបានមួយគ្រាប់ វាមិនមែនត្រឹមតែជាស្ថិតិប៉ុណ្ណោះទេ វាជាអំណោយជីវិតសម្រាប់មនុស្សជំនាន់ក្រោយ។ នៅពេលយើងសម្អាតបានចម្ការមីនមួយ យើងមិនត្រឹមតែសម្អាតដីកុំឲ្យមានសំណល់ជាតិផ្ទុះទេ គឺយើងបណ្ដុះក្ដីសង្ឃឹម ឱកាស និង ការរស់ឡើងវិញ»។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ដែលធ្វើឡើងនៅថ្ងៃនេះ មានការចូលរួមពីសំណាក់លោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងការចូលរួមរបស់លោក Shin YongHwa នាយកភ្នាក់ងារ KOICA ប្រចាំកម្ពុជា, លោកស្រី Kirsty Harris តំណាងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោកស្រី Dana Avram លេខាទូតទី១នៃស្ថានទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា ថៃ និងឡាវ និងក្រុមការងាររៀបចំផែនការសកម្មភាពមីនខេត្តបន្ទាយមានជ័យ ។
លោកស្រី Alissar Chaker បានបញ្ជាក់ថាសកម្មភាពមីន ជាសកម្មភាពកសាងជីវិតរបស់ប្រជាជនឡើងវិញ ហើយ UNDP ប្តេជ្ញាបន្តគាំទ្រសកម្មភាពមីននៅកម្ពុជា តាមរយៈអាជ្ញាធរមីន។ នៅឆ្នាំ ២០២៥ នេះ ការចំណាយលើសម្រាប់គម្រោងនេះមានទឹកប្រាក់ជាង ៦ លានដុល្លារ។
លោកស្រីថ្លែងថា៖ «UNDP ប្ដេជ្ញារួមការងារជាមួយរដ្ឋាភិបាលក្នុងការបញ្ចប់ការបោសសម្អាតមីន អភិវឌ្ឍសមត្ថភាព និងជំរុញកិត្យានុភាពសម្រាប់ជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម តាមរយៈការធ្វើសមាហរណកម្មសង្គម និងសេដ្ឋកិច្ច»។
លោក លី ធុជ ថ្លែងអំណរគុណលោកស្រី Alissar Chaker ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងសកម្មភាពមីននៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ លោកចាត់ទុកកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងអង្គការ UNDP គឺជាដៃគូដ៏យូរអង្វែង និងមានទំនាក់ទំនងយ៉ាងល្អអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕