ភ្នំពេញៈ ផ្លូវ៦០ម៉ែត្រនឹងត្រូវរៀបចំដាក់រនាំងដែកពុះចែកទ្រូងផ្លូវ បន្ទាប់​ពីមានគ្រោះថ្នាក់ចរាចរណ៍បានកើត​ឡើង ដែលបណ្តាលមនុស្សស្លាប់ជាច្រើននាក់ ដោយសារតែការបើកបរលើសល្បឿន និង​ក្រោម​ឥទ្ទិពល​នៃគ្រឿង​ស្រ​វឹង នា​ពេ​ល​ថ្មី​ៗនេះ។

ក្នុងពិធីបិទសន្និបាត ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ២៣ ខែមករានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ា​ណែត​​បាន​មាន​ប្រសាសន៍​ថា ក្រោយពីមានការចុះពិនិត្យ ជាមួយនឹងក្រសួងសាធារណការរួចមក សាលា​រាជ​ធា​នី​ភ្នំពេ​ញ​បានឯកភាព រៀបចំរនាំងដែក ដើម្បីដាក់លើផ្លូវ៦០ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ 

លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា៖«ថ្ងៃមិញឯកឧត្តមឃួង ស្រេងក៏បានបញ្ជាក់ឯកភាពថា ឱ្យរៀបចំដាក់ដែក នៅ​ក​ណ្តាល​ផ្លូវហ្នឹងទៅ ដើម្បីពុះ។ ប៉ុន្តែទោះបីជាដែកក៏ដោយ បើមនុស្សបើកបរ មិនប្រយ័ត្នហើយ គឺ បុក​ទាំង​ដែក​ហ្នឹង​បា​ក់​ទៀត។ អញ្ជឹងទាល់តែប្រយ័ត្ន ហើយអនុវត្តច្បាប់»។ 

ប្រមុខរដ្ឋាភិបាលបានធ្វើការកត់សម្គាល់ថា ក្រោយពីមានការរឹតបន្តឹងការត្រួតពិនិត្យលើ ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹងមក គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាគ្រឿងស្រវឹងនេះបានថយចុះមួយរយៈពេល។ ប៉ុន្តែ​វា​បាន​កើ​ត​ឡើងវិញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ។ 

លោកបានណែនាំឱ្យមានការបន្ត ពង្រឹងលើការត្រួតនិត្យការបើកបរក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹងនេះ ជាពិសេស​ នៅ​ពេលយប់ និងពេលបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះ។ 

លោកមានប្រសាសន៍ថា៖«រាជធានីខេត្តបានខិតខំត្រួតពិនិត្យលើការបើកបរស្រវឹង បានក្រាបបន្តិច [តែ]ប៉ុន្មានថ្ងៃនេះ ប៉ុន្មាន​អាទិត្យនេះចាប់ផ្តើមឃើញឡើងវិញ។ សូមពិនិត្យមើល ជាតិស្រវឹងឡើងវិញ។ ​ជាពិសេស​ក្នុងពេលប៉ុន្មានថ្ងៃនេះ ចូលឆ្នាំ​ គេថាចូលឆ្នាំចិន ស្រវឹងខ្មែរ ជាពិសេសនៅក្នុងការប្រើប្រាស់ពេលយប់។ ឥលូវនៅផ្លូវ៦០ម៉ែត្រនេះ ​សា​លារាជ​ធានី ត្រូវរៀបចំ»។

លោកនាយករដ្ឋមន្រ្តីក៏បានណែនាំឱ្យក្រសួងសាធារណការ បន្តកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ជាពិសេសជាមួយ​អគ្គស្នងការដ្ឋាននគរបាលជាតិ នៅក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និង​ពង្រឹ​ងកា​រ​អនុ​វ​ត្ត​ច្បាប់​ស្តីពី​ច​រា​ចរ​ណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់។ 

លើសពីនោះ ជំរុញបន្តប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ ឬ​ផាក​ពិន័​យ​បទ​ល្មើ​សច​រា​ចរ​ណ៍​ផ្លូវគោក ដើម្បីបង្កើនការចូលរួមគោរពច្បា​ប់ចរាចរណ៍ផ្លូវគោក និងឈានទៅដល់ការ បន្ថ​យអ​ត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍ ឱ្យនៅកម្រិតទាប។ 

លោកមានប្រសាសន៍ដូច្នេះថា៖«ការគ្រោះថ្នាក់ដោយភាពស្រវឹងក៏មានការថយចុះ ប៉ុន្តែ​អត្រានៃការ​គ្រោះថ្នាក់​ចរា​ចរ​ណ៍​​​នៅ​ច្រើននៅឡើយ ហើយនៅកម្ពុជាយើង ក្រោយពីចប់សង្រ្គាម គឺមូលហេតុ ដែលសម្លាប់មនុស្ស​ ធ្វើឱ្យបាត់បង់​ជីវិត​មនុស្សច្រើនជាងគេ គឺគ្រោះថ្នាក់ចរាចរណ៍»។ 

កម្លាំងនគរបាល នៃការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ក៏បានកំពុងតែ​ បន្ត​ការ​ចុះអ​នុវ​ត្ត​ច្បាប់​ចរា​ចរណ៍ រួមទាំងការបាញ់ល្បឿនលើយានយន្ត ដែលល្មើសផងដែរ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ។ សម​ត្ថ​កិច្ច​បាន​រក​ឃើញ​យានយន្តល្មើសជាច្រើន។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា ថ្លែងក្នុងឱកាសនោះថា​ ក្នុងឆ្នាំ២០២៤ ក្រសួង​បាន​ចុះ​បញ្ជីយានយន្តប្រមាណជា ៣៧ម៉ឺនគ្រឿង។ ក្នុងនោះ​ទោចក្រយានយន្តប្រមាណជា ៣១ម៉ឺនគ្រឿង និង​រថយន្តគ្រប់​ប្រ​ភេទ​ប្រមាណជា៥៥ ០០០គ្រឿង។ 

ក្រៅពីនោះ ក្រសួងបានចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និង​ផ្លាកលេខ​ផ្ទាល់​​ខ្លួនប្រមាណជា៣ម៉ឺនគ្រឿង និងទទួលបានចំណូលសរុបប្រមាណជាង១៨លានដុល្លារអាមរិក និង​យាន​យន្តដើរ​ដោយថាមពលអគ្គិសនី៣ពាន់គ្រឿង។ 

ក្រសួងក៏បានចេញបណ្ណបើកបរចំនួន ១១ម៉ឺនបណ្ណ។ ក្នុងនោះ ទោចក្រយានយន្តប្រមាណ៩ម៉ឺនបណ្ណ និង​រថយ​ន្ត​ប្រ​ណិត​ជិត១៤ ០០០បណ្ណជាដើម។ លើសពីនោះ ក្រសួង​បាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេ​ស(ឆៀក)​បាន​ប្រ​មា​ណ​៤៦ម៉ឺនគ្រឿង ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទំងន់កម្រិតកំណត់ប្រមាណ២លាន ៨៥ម៉ឺនគ្រឿង និង​ពិន័យ​ប្រមាណជាង១ពាន់គ្រឿង។ 

មួយវិញទៀត យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសប្រមាណជា៥៥ ០០០គ្រឿង ក៏​ត្រូវ​បានត្រួតពិនិត្យ ហើយរកឃើញយានយន្តខុសលក្ខណៈបច្ចេកទេសប្រមាណ១៤ ០០០គ្រឿងផងដែរ៕