ហេតុការណ៍ប្រជ្រៀតគ្នាចូលយកអាំប៉ាវ នៅផ្ទះអ្នកឧកញ៉ា សុខ គង់ ដែលបណ្ដាលឲ្យមនុស្សស្លាប់ ៤ នាក់និងរបួស ៥ នាក់រងការរិះគន់ទៅលើការរៀបចំការចែកអំណោយ និងការប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។
ជារៀងរាល់ឆ្នាំ លោក សុខ គង់ តែងចែក អាំងប៉ាវ ដល់ប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ប៉ុន្តែ ការធ្វើបុណ្យធ្វើទាននៅព្រឹកថ្ងៃទី២៣ ខែមករានេះ ប្រែទៅជាទុក្ខ ដោយសារតែមនុស្សរាប់រយនាក់បានប្រជ្រៀតគ្នាដើម្បីចូលទៅក្នុងគេហដ្ឋានរបស់លោកនៅក្បែរវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងខណ្ឌដូនពេញ ដើម្បីទទួលអាំងប៉ាវ ទឹកប្រាក់ ៤ ម៉ឺនរៀល និង អង្ករ២គីឡូក្រាម ដែលបណ្ដាលឲ្យមនុស្សសរុប ៤ នាក់ស្លាប់ និង ៥នាក់របួស។
ក្រោយព្រឹត្តិការណ៍កើតឡើង លោក សុខ គង់ និងកូនប្រុសគឺលោក សុខ ហុង បានឧបត្ថម្ភទឹកប្រាក់៦ពាន់ដុល្លារ សម្រាប់សពម្នាក់ៗ និងអ្នករបួសម្នាក់ៗ៤លានរៀល។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន ៥ លានរៀល និងអ្នករងរបួសម្នាក់ៗ ២ លានរៀល ព្រមទាំងក្តារមឈូស១សម្រាប់អ្នកស្លាប់ម្នាក់ៗផងដែរ។ នេះបើតាមការចុះផ្សាយរបស់ហ្វ្រេសញូវ។
សាធារណជនជាច្រើនបានបញ្ចេញប្រតិកម្ម រិះគន់ការរៀបចំការចែកអំណោយនេះ រួមជាមួយការអាណិតដល់ជនរងគ្រោះដែលបាត់បង់ជីវិតដោយសារតែអាំងប៉ាវសរុបជាង ៤ម៉ឺនរៀលនេះ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញមតិយោបល់លើហ្វេសប៊ុកថា «រឿងអាំងប៉ាវនេះធ្វើមានបញ្ហាគួរឱ្យខ្មាសអៀនរៀងរាល់ឆ្នាំ។
លោកថា មកដល់ពេលនេះហើយ នៅតែជាន់គ្នាងាប់ដោយសារអង្ករពីរបីកំប៉ុងរបស់ចិន ឬវៀតណាម ដែលជារឿងគួរឱ្យសង្វេគណាស់។ កណ្តាលក្រុងភ្នំពេញជាន់គ្នាស្លាប់ដោយសារអាំងប៉ាវ អង្ករពីរបីកំប៉ុងរបស់ចិនវៀតណាម តើយើងអួតពីកំណើនសេដ្ឋកិច្ចមានន័យអី?»។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការចែកទានមិនមែនជារឿងខុសទេ ប៉ុន្តែម្ចាស់ទានត្រូវសហការជាមួយអាជ្ញាធរដើម្បីរកកន្លែងសមរម្យណាមួយដើម្បីចែកទាន់ដល់ពួកគាត់ឲ្យបានថ្លៃថ្នូរ និងអាចបញ្ចៀសហានិភ័យដែលអាចកើតឡើង ដែលគួរឲ្យសោកស្ដាយដូចព្រឹកមិញ។
លោកបន្តថា ការចែកទានដែលមានមនុស្សណែនណាន់តាន់តាប់បែបនេះ បង្ហាញពីទិដ្ឋភាពពីរ ដែលទិដ្ឋភាពទី១ គឺភាពក្រីក្ររបស់ប្រជាពលរដ្ឋដែលធ្វើឲ្យពួកគាត់សុខចិត្តកាត់កេរ្តិ៍កាត់ខ្មាសទៅទទួលអំណោយទានដ៏គ្មានសណ្ដាប់ធ្នាប់។ ទិដ្ឋភាពទី២ គឺប្រជាពលរដ្ឋខ្វះការពិចារណា ការគិតគួរ ឬអាចថាលោភលន់ ឲ្យតែឃើញគេចែកទានស្រួលៗ ក៏នាំគ្នាទៅយក។
លោកបន្តថា៖ «លើសពីនេះទៀត វាបង្ហាញពីគម្លាតសង្គមដែលនៅឆ្ងាយពីគ្នារវាងអ្នកមាននិងអ្នកក្រ។ ដូច្នេះ ការបែងចែកនៃកំណើនសេដ្ឋកិច្ចត្រូវធ្វើឲ្យមានសមធម៌។ នៅពេលដែលយើងអួតពីកំណើនសេដ្ឋកិច្ច អួតពីការអភិវឌ្ឍ ខណៈដែលនៅកណ្ដាលទីក្រុងភ្នំពេញជាន់គ្នាស្លាប់ដោយសារតែលុយ៤ម៉ឺន អង្ករ២គីឡូនេះ វាជារឿងមួយគួរឲ្យខ្មាស សម្រាប់ជាតិយើង គឺគួរឲ្យអាម៉ាស់មុខ និងខ្មាសគេមែនទែន»។
លោកបន្តថា អាជ្ញាធរគួរបានចូលរួមរៀបចំការចែកអំណោយនេះ ពីព្រោះបើតាមច្បាប់ នៅកម្ពុជា ការជួបជុំណាមួយដែលមានមនុស្សច្រើនត្រូវមានការអនុញ្ញាត។ ករណីបែបនេះ ត្រូវបានអនុវត្តភាគច្រើនទៅលើក្រុមអ្នកប្រឆាំង។ ដូច្នេះលោកថា ព្រឹត្តិការណ៍នៅថ្ងៃទី២៣ ក៏មានការទទួលខុសត្រូវពីសំណាក់អាជ្ញាធរផងដែរ។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានថ្លែងថា ដោយសារតែកម្មវិធីនេះបានធ្វើនៅផ្ទះម្ចាស់ទាន ដោយគេបើកឱ្យពលរដ្ឋចូលទៅយកអាំងប៉ាវ ហើយក៏កើតមានបញ្ហាមនុស្សជាន់គ្នារហូតមានអ្នកស្លាប់និងរងរបួសបែបនេះ អ្នកធ្វើទានត្រូវទទួលខុសត្រូវ។
លោកថ្លែងថា៖ «ទោះបីជាអ្នកធ្វើទាននោះមានចេតនាល្អពីដំបូងក្នុងការធ្វើបុណ្យក៏ដោយពីព្រោះការរៀបចំកម្មវិធីនោះមិនបានយកចិត្តទុកដាក់គិតគូរនិងធានាសុវត្ថិភាពសម្រាប់អ្នកចូលរួមកម្មវិធី»៕