ភ្នំពេញៈ យ៉ាងហោចណាស់ស្រូវប្រាំងប្រមាណ៣ម៉ឺនហិកតា ក្នុងខេត្តចំនួន៨ បានកំពុងទទួលរងផលប៉ះពាល់ដោយការខ្វះខាតទឹក ហើយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធបាននឹងកំពុងតែបូមទឹកជួយសង្រ្គោះ ដែលមិនបណ្តាលឱ្យមានការខូចខាតណាមួយនោះទេ គិតមកដល់ត្រឹមថ្ងៃទី២៣ ខែមករានេះ។ នេះបើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកសុទ្ធ គឹមកុលមុន្នី បានឱ្យដឹងថា ខេត្តទាំង៨នោះរួមមាន ខេត្តក្រចេះ កំពង់ធំ ព្រៃវែង កណ្ដាល តាកែវ បន្ទាយមានជ័យ ត្បួងឃ្មុំ និងខេត្តស្វាយរៀង។
លោកមានប្រសាសន៍ថា៖«ក្នុងចំណោមផ្ទៃដីដែលទទួលរងការខ្វះខាតទឹកនេះ គឺត្រូវបានជួយអន្តរាគមន៍សង្រ្គោះពីអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញ និងក្រុមការងារចុះមូលដ្ឋានតាមបណ្តាខេត្តនីមួយៗ ដោយការបូមទឹកបានប្រមាណជាជិត២ម៉ឺនហិកតា។ ជារួមមកដល់ពេលនេះ ស្រូវប្រាំងទាំងអស់មិនទាន់មានការខូចខាតនៅឡើយទេ»។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានយកចិត្តទុកដាក់តាមដានជាប្រចាំនូវស្ថានភាព នៃការខ្វះខាតទឹក សម្រាប់ស្រោចស្រពស្រូវប្រាំងនេះ។
លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បាននឹងកំពុងតែចុះសម្របសម្រួលជាមួយនឹងស្ថាប័ន ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញឆ្លើយតបអន្តរាគមន៍ជាបន្ទាន់ ដោយការបូមទឹកជួយសង្រ្គោះស្រូវ ដែលកំពុងតែប៉ះពាល់ទាំងនោះ។
លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតបានលើកឡើងក្នុងបណ្តាញសង្គមផ្លូវការរបស់លោកថា រាជរដ្ឋាភិបាល នៅជាប់ជាមួយប្រជាកសិករ និងបន្តអន្តរាគមន៍ជួយគ្រប់កាល:ទេស:។
បន្ថែមពីការជួយរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាល បានបន្តជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដើម្បីធានាថា នឹងមិនមានស្រូវប្រាំងប្រជាកសិករណារងការខូចខាតនោះទេ។
ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានកំពុងតែរួមគ្នា ជួយអន្តរាគមន៍តាមគោលដៅ ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន។
ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា៖«ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ នឹងនៅតែបន្តបូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ រហូតទាល់តែស្រូវប្រាំងឈប់ត្រូវការទឹកបន្តទៀត»។
ក្នុងចំណោមស្រូវ ដែលកំពុងតែប៉ះពាល់ ដោយសារតែខ្វះខាតទឹកនោះ មាន១ ២៧៣ហិកតាស្ថិតក្នុងខេត្តក្រចេះ។ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពុងតែធ្វើអន្តរាគមន៍បូមទឹកសង្គ្រោះ។
គិតមកដល់ពេលបច្ចុប្បន្ននេះ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងខេត្តក្រចេះអនុវត្តបានចំនួន ១៦ ៤៣៦ហិកតា ស្មើនឹង១០០,០៣ភាគរយ នៃផែនការ ១៦ ៤៣០ហិកតា។
លោកគឹមកុលមុន្នីក៏បានឱ្យដឹងផងដែរថា គ្រោះរាំងស្ងួតក្នុងរដូវប្រាំង និងកូនរដូវប្រាំងកាលពីឆ្នាំ២០២៤កន្លងមក បង្កផលប៉ះពាល់ដល់ដំណាំស្រូវសរុប១១៩ ៤៦៥ហិកតា ក្នុងខេត្តចំនួន១៧។ ក្នុងនោះខេត្តបន្ទាយមានជ័យមានច្រើនជាងគេ គឺរហូតដល់ទៅជិត៥ម៉ឺនហិកតា។
ក្នុងចំណោមស្រូវដែលប៉ះពាល់ទាំងនោះ ស្រូវដែលត្រូវបានអន្តរាគមន៍សង្រ្គោះមានចំនួន៨៨ ៩៣០ហិកតា និងខូតខាតជាង៣ម៉ឺនហិកតា។ ក្រៅពីនោះ ដំណាំរួមផ្សំចំនួន៩ ៧៥៨ហិកតាក៏ទទួលរងផលប៉ះពាល់ផងដែរ។
កាលពីឆ្នាំ២០២៤កន្លងមកផងដែរ ជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ បានបង្កឱ្យមានផលប៉ះពាល់ស្រូវជាង៥ម៉ឺនហិកតា ដែលក្នុងនោះខូចខាតជាង២៨ ០០០ហិកតា នៅក្នុង២២ខេត្ត។ ប្រជាពលរដ្ឋជិត៦ម៉ឺនគ្រួសារ និងផ្ទះជាង២ម៉ឺនខ្នងក៏ទទួលផលប៉ះពាល់ផងដែរ ក្នុងនោះបង្កឱ្យមានមនុស្សចំនួន២៧នាក់ស្លាប់៕