ស្ទឹងត្រែងៈ កូនផ្សោតទើបកើតថ្មី១ក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ WWF កាលពីព្រឹក ថ្ងៃទី២៣ ខែមករានេះ នៅអន្លង់ត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ក្រសួងកសិកម្ម និងអង្គការ WWFបានឱ្យដឹងនៅថ្ងៃទី ២៤ ខែមករានេះថា កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៦ក្បាលផ្សេងទៀត ហើយនេះ គឺជាកូនផ្សោតទី១ ដែលបានកើត និងប្រទះឃើញនៅដើមឆ្នាំ២០២៥នេះ។
ក្រសួងបានបញ្ជាក់ថា៖«គិតត្រឹមដើមឆ្នាំ២០២៥នេះ ចំនួនផ្សោតក្បាលត្រឡោក ដែលមានវត្តមាននៅកម្ពុជា មានចំនួនកើនដល់១០៥ក្បាល»។
ក្រសួងកសិកម្ម និងអង្គការ WWFបានថ្លែងអំណរគុណ ចំពោះឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃនេះ។
ស្ថាប័នទាំង២ ក៏បានអំពាវនាវ ដល់សាធារណជន ឬប្រជានេសាទ ផ្តល់ព័ត៌មានទៅសមត្ថកិច្ចជលផល ប្រសិនប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត តាមរយៈលេខទូរស័ព្ទ ០១២៨៩៧៩៤៣,០១១៣៥៥៨៨៣, ០៩៩៧៩១៩១៩, ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកឌិត ទីណា បានថ្លែង ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួង នាថ្ងៃ២២ ខែមករានេះថា ក្រសួងបានរក្សាលទ្ធផលល្អប្រសើរ ក្នុងការអភិរក្សធនធានជលផល ជាពិសេស សត្វផ្សោតទន្លេមេគង្គ ដែលកើតកូនបាន៩ក្បាល និងស្លាប់ទៅវិញតែ៤ក្បាលប៉ុណ្ណោះ ក្នុងឆ្នាំ២០២៤។ នេះបានធ្វើឱ្យចំនួនសរុបកើនឡើងដល់១០៤ក្បាល ធៀបទៅនឹង ៩៩ក្បាល កាលពីឆ្នាំ២០២៣ និង៩៦ក្បាលកាលពីឆ្នាំ២០២២។
លោកបានបន្តថា បន្ថែមពីនោះ ក៏មានការប្រទះឃើញវត្តមានជាញឹកញាប់ នៃសត្វផ្សោតសមុទ្រ ដែលមានផ្សោតអ៊ីរ៉ាវ៉ាឌី ផ្សោតឥតព្រុយខ្នង និងផ្សោតឃ្លៀច ឬផ្សោតពណ៌ផ្កាឈូក។
ក្រៅពីនោះ ក៏មានការប្រទះឃើញនូវសត្វជ្រូកទឹក និងធនធានជលផលកម្រជាច្រើនទៀត នៅតំបន់សមុទ្រ ជាពិសេសនៅក្នុងខេត្តកែប និងកំពត ខណៈពេលដែលក្រសួងបានពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយនឹងអង្គការអភិរក្សជាច្រើន ក្នុងការប្រលែងទៅវិញនូវប្រភេទសត្វជិតផុតពូជមួយចំនួនចូលទៅក្នុងជម្រកធម្មជាតិ ដើម្បីបន្តពូជ ដូចជា សត្វណ្តើកហ្លូងជាដើម។
លោកមានប្រសាសន៍ថា៖«ក្រសួងបានអភិរក្សធនធានជលផល ជាពិសេសសត្វផ្សោតទន្លេមេគង្គ សត្វផ្សោតសមុទ្រ និងមច្ឆាជាតិផ្សេងទៀត ឱ្យមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារក្រសួងបានសហការជាមួយអង្គការអភិរក្សសត្វព្រៃនានា ក្នុងការប្រលែងសត្វជិតផុតពូជចូលក្នុងបឹងធម្មជាតិវិញ»។
លោកបានលើកឡើងថា កាន់តែពិសេសជាងនេះទៅទៀតនោះ ក្នុងឆ្នាំ២០២៤នេះផងដែរ អ្នកជំនាញជលផលក្រសួងកសិកម្មបានសម្រេចជោគជ័យលើកទី១ ក្នុងការបង្កាត់ពូជត្រីគល់រាំង ដែលជាត្រីតំណាងឱ្យអត្តសញ្ញាណជាតិ។
ចំពោះអនុវិស័យជលផល ក្រសួង ក៏បានសម្រេចនូវលទ្ធផលល្អប្រសើរផងដែរ ដោយសារកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសនេសាទទូទាំងប្រទេស តាមរយៈកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ។
ជាលទ្ធផលផលិតផលជលផលសរុបជិត១លានតោនក្នុង២០២៤ កើនឡើង៦០ពាន់តោនស្មើនឹង៧ភាគរយ ធៀបនឹងឆ្នាំ២០២៣ និងផ្គត់ផ្គង់បាន៩៥ភាគរយនៃតម្រូវការក្នុងស្រុក៕