ការឆបោកតាមរយៈការបន្លំធ្វើជាបុគ្គលិកអគ្គិសនីកម្ពុជា (EDC) មួយករណី ត្រូវបានចាប់បញ្ជូនទៅតុលាការ ខណៈដែលសាធារណជនស្នើឲ្យសមត្ថកិច្ចបង្ក្រាបករណីឆបោកតាមអនឡាញដែលយករូបមនុស្សស្លាប់ ឬឈឺធ្ងន់មកធ្វើជាលេសដោយភ្ជាប់ជាមួយ QR code។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី២៥ ខែមករាកន្លងទៅ បានបង្ហាញជនសង្ស័យម្នាក់ដែលពាក់ព័ន្ធនឹងករណីបន្លំធ្វើជាបុគ្គលិកស្ថាប័នអគ្គិសនីកម្ពុជា (EDC) ដើម្បីលួចចូលគ្រប់គ្រង និងផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះចំនួន២បណ្តឹងផ្សេងគ្នា ដែលមានទឹកប្រាក់សរុបប្រមាណ ៦,៥០០ដុល្លា និង២លានរៀល។
នាយកដ្ឋានដដែលបញ្ជាក់ថា ជនសង្ស័យឈ្មោះភេទស្រី ជនជាតិខ្មែរ មានទីលំនៅនៅខេត្តកណ្ដាល «ជាអ្នកផ្ដល់ទីកន្លែងនិងមធ្យោបាយគណនីធនាគាររបស់ខ្លួនឱ្យបក្ខពួកធ្វើសកម្មភាពបានសម្រេចផល»។
នាយកដ្ឋានក្រើនរំឭកដល់ម្ចាស់គណនីធនាគារកុំឲ្យជនដទៃប្រើប្រាស់ ឬ ខ្ចីគណនីធនាគារផ្ទាល់ខ្លួន ដើម្បីធ្វើសកម្មភាព និងទទួលប្រាក់ដែលមិនមានប្រភពច្បាស់លាស់ចូលក្នុងកុងរបស់ខ្លួនដើម្បីយកទៅដកសាច់ប្រាក់សុទ្ធ។ សមត្ថកិច្ចបញ្ជាក់ថា សកម្មភាពបែបនេះគឺជាការប្រព្រឹត្តិបទល្មើស ហើយអ្នកពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
មួយរយៈពេលចុងក្រោយនេះ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជនល្មើសបន្លំធ្វើជាមន្ត្រីអគ្គិសនីកម្ពុជា (EDC) បានកើតឡើងជាច្រើនករណី ដោយជនរងគ្រោះខ្លះបាត់បង់ប្រាក់រាប់ពាន់ដុល្លារ។ ករណីបន្លំធ្វើជាបុគ្គលិក EDC នេះ ត្រូវបាន EDC បញ្ជាក់កាលខែធ្នូ ឆ្នាំ២០២៤ ថាស្ថាប័ននេះមានតែកម្មវិធីមួយគត់គឺ EDC app ដោយគ្មានតំណភ្ជាប់ link អ្វីផ្សេងនោះទេ។
បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជនល្មើសបានក្លែងបន្លំខ្លួនជាមន្រ្តី EDC ហើយទាក់ទងមកជនរងគ្រោះ និងណែនាំឱ្យជនរងគ្រោះដំឡើងកម្មវិធី EDC ដើម្បីឲ្យជនរងគ្រោះមានទំនុកចិត្ត។
បន្ទាប់មកពួកគេណែនាំឲ្យដំឡើងកម្មវិធីឈ្មោះ Tailscale ដើម្បីគ្រប់គ្រងទូរស័ព្ទពីចំងាយ រួចបញ្ឆោតឲ្យជនរងគ្រោះបង្ហាញលេខសម្ងាត់ចូលកម្មវិធីធនាគារ ដោយបោកថា ដើម្បីទទួលលេខកូដសម្ងាត់របស់កម្មវិធី EDC នៅក្នុង Notification របស់កម្មវិធីធនាគារ។ ប៉ុន្តែ ការធ្វើដូច្នេះគឺជនល្មើសអាចលួចប្រើប្រាស់គណនីធនាគាររបស់ជនរងគ្រោះដើម្បីលួចផ្ទេរប្រាក់ចេញពីគណនីមួយទៅមួយ។
ជនរងគ្រោះម្នាក់នៅទីក្រុងភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកក៏បានបាត់បង់ប្រាក់អស់ជាង ៦ពាន់ដុល្លារពីគណនីធនាគារចំនួនពីរ តាមរយៈការឆបោកបែបនេះ ហើយក៏មានជនរងគ្រោះផ្សេងទៀតបានចាញ់បោកក្នុងរូបភាពដូចគ្នាដែរ។ លោកបានដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ហើយបច្ចុប្បន្ននេះ លោកកំពុងរង់ចាំលទ្ធផលនៃការស៊ើបអង្កេត។
លោកក៏បានចែករំលែកអំពីអារម្មណ៍មិនពេញចិត្តចំពោះចំណាត់ការពីខាងធនាគារ ដែលអះអាងថា ពួកគេមិនអាចធ្វើអ្វីបានទេ ព្រោះពួកគេគ្រាន់តែជាអន្តរការីក្នុងការផ្ទេរប្រាក់ប៉ុណ្ណោះ។
ពួកគេអាចធ្វើត្រឹមស្នើឲ្យជនល្មើសវេរប្រាក់ត្រឡប់មកវិញ ប៉ុន្តែ បើគេមិនវេរមកវិញ ខាងធនាគារក៏មិនដឹងធ្វើយ៉ាងម៉េចដែរ។ ប៉ុន្តែ លោកសរសើរធនាគារមួយដែលមានកិច្ចសហការល្អ និងឆ្លើយតបទាន់ពេលវេលា។
អ្នកប្រើប្រាស់បណ្ដាញសង្គមក៏បានស្នើសុំឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនឆបោកនៅលើបណ្ដាញសង្គមដែលយករូបមនុស្សស្លាប់ ឬ ឈឺធ្ងន់មកបង្ហោះរួមជាមួយ QR Code ដើម្បីបោកអ្នកប្រើប្រាស់ឲ្យបរិច្ចាគ។
ករណីបែបនេះកើតមានភាគច្រើននៅហ្វេសប៊ុកគ្រុបជាច្រើន។ អ្នកប្រើបណ្ដាញសង្គមក៏ស្នើឲ្យសមត្ថកិច្ចបង្ក្រាបការឆបោកតាមរយៈការលក់ផលិតផលតាមអនឡាញផងដែរ។
ពាក់ព័ន្ធនឹងការការឆបោកដោយយករូបភាពមនុស្សស្លាប់ ឬឈឺបង្ហោះលើហ្វេសប៊ុកភ្ជាប់ជាមួយ QR Code, លោក ង៉ែត ម៉ូសេ អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល បានឲ្យដឹងថា ការស្វែងរកជនឆបោកសម្រាប់ករណីបែបនេះ អាចថាពិបាក ត្រង់ថា ជនឆបោកលាក់ខ្លួនតាមគណនីហ្វេសប៊ុក ដែលពួកគេបង្កើត ឬលួចគណនីអ្នកផ្សេងមកប្រើប្រាស់។
លោកថា ការតាមដានស្រាវជ្រាវទំនងជាអាចធ្វើទៅបានតាមរយៈការពិនិត្យមើលពីគណនីធនាគារ ឬ QR code ដែលដាក់បង្ហាញនោះ។ យ៉ាងណាក៏ដោយ ការងារនេះត្រូវការចំណាយពេលវេលា ធនធាន និងការសហការ រវាងអាជ្ញាធរ និងស្ថាប័នធនាគារទាំងនោះ។
លោកបន្តថា អ្នកប្រើប្រាស់ដែលមានចិត្តអាណិតអាសូរក៏មានការពិបាកក្នុងការកំណត់ថាតើអ្នកដែលនៅក្នុងរូបថតនោះពិតជាអ្នកខ្វះខាត ហើយការប្រមូលថវិកានោះពិតដើម្បីជាសកម្មភាពជួយពិតប្រាកដ ឬ ជាការឆបោក។
លោកស្នើថា៖ «អ្នកប្រើប្រាស់គួរពិនិត្យ និងស្វែងរកព័ត៌មានលម្អិតពីការស្នើសុំជំនួយទាំងនោះ ថាវាជាការស្នើសុំតាមបុគ្គល ឬស្ថាប័នពិតប្រាកដណាមួយដែលគួរឲ្យទុកចិត្តឬទេ។ បើមិនមានព័ត៌មានគ្រប់គ្រាន់ដើម្បីបញ្ជាក់នោះទេ អ្នកប្រើប្រាស់មិនគួរផ្តល់ថវិការបស់ខ្លួននោះទេ»៕