ភ្នំពេញ៖  ក្រសួង​មុខងារសាធារណៈ និង​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ទំនាក់ទំនង​កម្ពុជា​កូរ៉េ តាមរយៈ​ការអនុវត្ត​គម្រោង​ស្តីពី​«​ការពង្រឹង​សមត្ថភាព​របស់​សាលា​ភូមិន្ទ​រដ្ឋបាល​សម្រាប់​ការធ្វើកំណែទម្រង់ និង​ការពង្រឹង​អភិបាលកិច្ច​នៃ​ប្រទេស​កម្ពុជា​»។

(KOICA) នឹង​ផ្តល់ហិរញ្ញប្បទានចំនួន ១១,៧លានដុល្លារ​សម្រាប់​គម្រោងនេះ នៅពេល​ជំនួប​រវាង​លោក​ ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​​លោកស្រី ស៊ីន ជុង​យ៉ុង នាយិកា​ស្តីទីរបស់ ​(KOICA) កាលពី​ថ្ងៃទី​២៤ ខែមករា​កន្លងទៅ​។

យោង​តាម​ក្រសួង​មុខងារសាធារណៈ បាន​ឱ្យដឹងថា​៖ «​ជំនួប​នេះ​បានលើកឡើង​ពី​វិធានការ​គន្លឹះ​សំខាន់ៗ​នៃ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា រួមមាន​ ការអនុវត្ត​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រីរាជការ ការកសាង​សមត្ថភាព​ស្ថាប័ន និង​ប្រព័ន្ធ​លើកទឹកចិត្ត​»។

លោកស្រី​នាយិកា​ស្តីទី (KOICA) បានលើកឡើង​ពី​​​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ទាំងពីរ ដោយ​​បានបញ្ជាក់​ឡើងវិញ​នូវ​​​​​ការសន្យា​ផ្តល់​ហិរញ្ញប្បទាន​ចំនួន ១១,៧​លាន​ដុល្លារ សម្រាប់​កំណែទម្រង់​អភិបាលកិច្ច ដើម្បី​ពង្រឹងសមត្ថភាព​របស់​សាលា​ភូមិន្ទ​រដ្ឋបាល​។

យោងតាម (KOICA) បាន​បង្ហាញថា​៖ «​ការសិក្សាស៊ីជម្រៅដែលធ្វើឡើងពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា​ ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមអ្នកជំនាញរបស់ KOICA និងមន្ត្រីមកពីក្រសួងមុខងារសាធារណៈ  និង សាលាភូមិន្ទរដ្ឋបាលរបស់កម្ពុជា»។

ការសិក្សានេះ ផ្តោតលើការកែលម្អធាតុផ្សំនៃគម្រោង និងការរៀបចំមូលដ្ឋានសម្រាប់រៀបចំធាតុចូល ទៅក្នុង កំណត់ហេតុនៃកិច្ចពិភាក្សា(RoD) រវាង KOICA និងក្រសួងដែលរំពឹងថា នឹងត្រូវបានចុះហត្ថលេខានៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៥នេះ។

ជំនួបរវាងលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកស្រី ស៊ីន ជុងយ៉ុង នាយិកាស្តីទីរបស់ (KOICA) កាលពីថ្ងៃទី២៤ ខែមករា។ រូបថត សហការី

(KOICA) បាន​បន្ដថា​៖ «​គម្រោងនេះ ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពប្រតិបត្តិការ តាមរយៈការផ្តល់សេវាពិគ្រោះយោបល់លើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ និងប្រព័ន្ធបណ្តុះបណ្តាល ដោយផ្តោតជាពិសេសលើការគាំទ្រដល់ការកសាងសមត្ថភាពសម្រាប់ការប្រើបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ក្នុងវិស័យអប់រំ»។ 

លើសពីនេះទៀត ការបង្កើតវេទិកាអប់រំតាមប្រព័ន្ធអ៊ីនធឺណែត នឹងធ្វើឱ្យមន្ត្រីរាជការអាចទទួលបានការបណ្តុះបណ្តាលទាំងតាមប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រព័ន្ធ (online and offline) ដែលរួមចំណែកដល់គោលដៅរបស់ សាលាភូមិន្ទរដ្ឋបាល ក្នុងការបង្កើនចំនួនមន្ត្រីរាជការដែលបានទទួលការបណ្តុះបណ្តាលប្រចាំឆ្នាំ។

តាមរយៈការបង្កើតវេទិកាអប់រំតាមអ៊ីនធឺណិត និងការពង្រឹងការប្រើបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ក្នុងវិស័យអប់រំសម្រាប់មន្ត្រីរាជការគម្រោងនេះក៏នឹងគាំទ្រដល់វិស័យអាទិភាពរបស់រដ្ឋាភិបាលកម្ពុជានៃការធ្វើបរិវត្តកម្មឌីជីថល ឬ Digital Transformation  ក្នុងការគ្រប់គ្រងសាធារណៈ។

គំនិតផ្តួចផ្តើមនេះ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មប្រតិបត្តិការ និងបង្កើតសេវាសាធារណៈ ដែលដំណើរការដោយបច្ចេកវិទ្យាកាន់តែមានប្រសិទ្ធភាព។

គួរកត់សម្គាល់ថា KOICA បានធ្វើការសិក្សាលទ្ធភាពដំបូងសម្រាប់គម្រោងដែលបានរៀបរាប់ខាងលើ ក្នុងខែធ្នូ ឆ្នាំ២០២៣។ 

KOICA បាន​ឱ្យដឹងថា​៖ «​ការសិក្សាលទ្ធភាពទទួលបានលទ្ធផលវិជ្ជមាន ដែលនាំឱ្យ KOICA អនុម័តលើការអភិវឌ្ឍន៍គម្រោងចំនួន១១,៧លានដុល្លារ សម្រាប់រយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៩»។ 

នេះជាការបន្ថែមចំនួន១,៧លានដុល្លារ  និងជាការពន្យាររយៈពេលពីរឆ្នាំ បើធៀបនឹងសំណើដើមនៃគម្រោង​១០លានដុល្លារ ក្នុងរយៈពេលបីឆ្នាំ៕