ភ្នំពេញ៖ កម្ពុជាកំពុងពង្រឹងយុទ្ធសាស្ត្រផ្តោតលើការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការពង្រីកទីផ្សារ ការតភ្ជាប់ជើងហោះហើរត្រង់ ការគាំទ្រសម្រាប់អាជីវកម្មខ្នាតតូច ដើម្បីបង្កើនកំណើនភ្ញៀវទេសចរ ខណៈតំបន់អាស៊ានមើលឃើញកំណើនភ្ញៀវដល់១២៣លាននាក់។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍កម្ពុជា ក្រោយកិច្ចប្រជុំរដ្ឋមន្ដ្រីទេសចរណ៍អាស៊ាននៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករាកន្លងទៅ។
យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា៖ «កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាលើកទី១២ បានឯកភាពលើការកំណត់ យកឆ្នាំ២០២៥ ជា “ឆ្នាំទេសចរណ៍អាស៊ាន-ឥណ្ឌា” ដើម្បីជំរុញលំហូរទេសចរ និងពង្រឹងទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន អាស៊ាន-ឥណ្ឌា ព្រមទាំងបានអំពាវនាវឱ្យមានគំនិតផ្តួចផ្តើមលើការកសាងសមត្ថភាព ក្រោមផែនការការងារទេសចរណ៍អាស៊ាន-ឥណ្ឌា ឆ្នាំ២០២៣-២០២៧»។
ក្រសួងទេសចរណ៍នឹងជំរុញការផ្សព្វផ្សាយទៅកាន់ទីផ្សារឥណ្ឌាតាមរយៈការចូលរួមកម្មវិធីពិព័រណ៍នៅឥណ្ឌា ការរៀបចំកម្មវិធីផ្សព្វផ្សាយរួមគ្នាដោយមានការសម្តែងសិល្បៈ ការរៀបចំកម្មវិធីអន្តរជាតិរួមគ្នា ដូចជា កម្មវិធីយោគៈអន្តរជាតិជាដើម។
លោក ភិរម្យ ម៉ានិត ប្រធាននាយកដ្ឋានស្តីទីសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានឱ្យដឹងថា៖ «ក្រសួងនឹងជំរុញការហោះហើរត្រង់ឱ្យបានកាន់តែច្រើនថែមទៀតរវាងគោលដៅសំខាន់ៗនៃប្រទេសទាំងពីរ ដោយក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ក្រុមហ៊ុនអាកាសចរណ៍ Indigo នឹងភ្ជាប់ជើងហោះហើរត្រង់ពី Kolkata មកកាន់ខេត្តសៀមរាប»។
លោកបន្ដថា បច្ចុប្បន្ននេះ កម្ពុជា និងឥណ្ឌា គឺមានជើងហោះហើរត្រង់រវាងភ្នំពេញ និងញូដែលី ដែលហោះហើរដោយក្រុមហ៊ុន Air Cambodia។កិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើង រួមមាន ការបើកទីផ្សារទេសចរណ៍មូស្លីម ដោយការប្រែក្លាយរដូវធ្លាក់ភ្ញៀវទៅជារដូវកាលបៃតង។
យុទ្ធសាស្ដ្រនេះស្របនឹងជម្រើសវប្បធម៌ ដែលដំណើរកម្សាន្ដរដូវវស្សាគឺជាពរជ័យដ៏ប្រសើរមួយ ហើយមានគោលបំណងទាក់ទាញអ្នកទេសចរមកពីតំបន់នានា ដូចជា អារ៉ាប់ជាដើម។
លោក ម៉ានិត បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ទេសចរម៉ូស្លីមចូលចិត្តធ្វើដំណើរកម្សាន្ដក្នុងរដូវភ្លៀង ព្រោះដំណក់ទឹកភ្លៀងដែលធ្លាក់មក ត្រូវបានចាត់ទុកជាពរជ័យ»។
លោកបានបន្ដថា កិច្ចសហប្រតិបត្តិការទេសចរណ៍ដែលទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងនោះរួមមានចំនួន ៤ ចំណុច រួមមាន អន្តរក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ កិច្ចសហប្រតិបត្តិការជាមួយស្ថានឯកអគ្គរដ្ឋទូតបរទេសប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍ ស្ថានឯកអគ្គរាជទូតកម្ពុជា កុងស៊ុលកម្ពុជានៅបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ កម្រិតទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ (អាស៊ាន) និងពិភពលោក ក៏ដូចជាវិស័យឯកជន ទាំងក្នុងស្រុក និងក្រៅស្រុក។
កិច្ចសហការនេះពង្រីកដល់ភាពជាដៃគូជាមួយស្ថានទូតបរទេស ទីភ្នាក់ងារអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធក្នុងវិស័យឯកជន ដែលអាចឱ្យកម្ពុជាចាប់យកទីផ្សារក្នុងប្រទេសជាដៃគូអាស៊ាន ដូចជាប្រទេសចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង។
កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៊ីលើកទី៤ អង្គប្រជុំបានស្វាគមន៍ចំពោះកំណើន ទេសចររុស្ស៊ីធ្វើដំណើរមកកាន់ប្រទេសអាស៊ាន ដែលត្រីមាសទី៣ ឆ្នាំ២០២៤ អាស៊ានបានទទួលទេសចររុស្ស៊ី ចំនួនប្រមាណជាង ១,៦នាក់។
លោក ម៉ានិត បាននិយាយថា៖ «ក្នុងឆ្នាំ២០២៥ យើងអាចរំពឹងថា កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧,៥លាននាក់ ដោយយោងតាមនិន្នាការទេសចរបច្ចុប្បន្ន និងតួលេខទេសចរអន្តរជាតិមកកម្ពុជាក្នុងឆ្នាំ២០២៥»។
លោកបន្ដថា ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនៅយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥« និង «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី២» ដែលចិន និងឥណ្ឌា គឺជាទីផ្សារដ៏មានសក្តានុពលបំផុតក្នុងពិភពលោក។
នៅក្នុងឆ្នាំ២០២៤កន្លងទៅ តំបន់អាស៊ាន ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១២៣លាននាក់ ជាមួយអត្រាកំណើន ៣០,៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។
ក្រសួងទេសចរណ៍បានជំរុញចលនាទេសចរផ្ទៃក្នុង ដោយក្នុងនោះរួមមានទេសចរកម្ពុជា និងទេសចរបរទេសដែលចូលមករស់នៅ ឬប្រកបមុខរបរក្នុងប្រទេសកម្ពុជា ទៅកាន់តំបន់នានាទូទាំងប្រទេសកម្ពុជា។
លោក ម៉ានិត បានឱ្យដឹងថា៖ «ព្រឹត្តិការណ៍ធំធំនានា ទាំងថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្តនីមួយៗ ដោយថ្នាក់ជាតិ រួមមាន បុណ្យទន្លេ បុណ្យសមុទ្រ ព្រឹត្តការណ៍កីឡា ដូចជា ម៉ារ៉ាតុង ក៏ដូចជាសង្ក្រាន បុណ្យឆ្នាំថ្មីជាដើម រួមទាំងព្រឹត្តការណ៍ដែលរៀបចំដោយរដ្ឋបាលរាជធានី-ខេត្តនីមួយៗ ផ្សេងទៀត»។
លោកបានបន្ថែមថា ក្រសួងទេសចរណ៍ក៏ជំរុញការអនុវត្តនូវស្តង់ដាទេសចរណ៍នានាដែលមានថ្នាក់ជាតិ និងអាស៊ាន ធ្វើយ៉ាងណាឱ្យប្រតិបត្តិការដែលនៅតាមមូលដ្ឋានអាចផ្តល់សេវាកម្មប្រកបដោយគុណភាពដល់ទេសចរទាំងអស់។
កម្ពុជាទទួលជ័យលាភីស្តង់ដាទេសចរណ៍អាស៊ានចំនួន ២០ រួមមាន ពានរង្វាន់សណ្ឋាគារបៃតង់អាស៊ាន មានចំនួន ៥ ពានរង្វាន់ផ្ទះស្នាក់អាស៊ានចំនួន ៥ ពានរង្វាន់ស្តង់ដាបង្គន់សាធារណៈអាស៊ានចំនួន ៥ និងពាន រង្វាន់ស្តង់ដាសេវាកម្មស្ប៉ាអាស៊ានចំនួន ៥។
លោក ម៉ានិត បាននិយាយថា៖ «ការទទួលបានពានទាំង២០នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយដល់មូលដ្ឋានអាជីវកម្មទាំងអស់ឱ្យមានការអភិវឌ្ឍន៍ និងពង្រឹងគុណភាព សុវត្ថិភាពរបស់ខ្លួន ប្រកបដោយនិរន្តភាព»។
ក្រសួងទេសចរណ៍ក៏បានចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ (ASEAN Travel Exchange) ឬហៅកាត់ថា TRAVEX ដោយមាន ប្រតិភូចូលរួមចំនួន ១០០០នាក់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចំនួន ១០៦ ស្តង់ពិព័រណ៍ ចំនួន ១៧៦ អ្នកលក់ ចំនួន ២២១ក្រុមហ៊ុន និងអ្នកទិញចំនួន ៣៣២ក្រុមហ៊ុន មកពី ៤១ប្រទេសផងដែរ៕