អង្គភាពប្រឆាំងអំពើពុករលួយទម្លាយថា វរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលតុលាកការឃុំខ្លួនកាលពីពេលថ្មីៗនេះ បានទទួលសំណូកពីឈ្មួញគ្រឿងជួញដូរគ្រឿងញៀនរយៈពេល ៤ ឆ្នាំ។
លោក សុខ សង្ហា អាយុ ៣៨ ឆ្នាំ បានប្រព្រឹត្តបទល្មើស «ស៊ីសំណូក» និង «រំលោភអំណាច» នៅក្នុងខេត្តតាកែវ ចន្លោះពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ ដោយមានឈ្មោះ សុខ គា ហៅ សេង សុខគា អាយុ ៣៦ ឆ្នាំ ដែលជាឈ្មួញជូញដួរគ្រឿងញៀនជាអ្នកសូកប៉ាន់។ បច្ចុប្បន្ននេះ ឈ្មោះ សុខ គា កំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកណ្តាល។
ប៉ុន្តែ បើយោងតាមកំណត់ហេតុរបស់ ACU វរសេនីយ៍ទោ សុខ សង្ហា បានទទួលសំណូកពី សុខ គា អស់រយៈពេល ៤ ឆ្នាំ មិនមែន ២ ឆ្នាំដូចតុលាការបានចេញសេចក្ដីប្រកាសព័ត៌មាននោះទេ។
ការទទួលសំណូកនេះធ្វើឡើងក្នុងរូបភាពមិនបង្ក្រាបការលក់ដូរគ្រឿងញៀន មិនចាប់អ្នកលក់គ្រឿងញៀនដែលមានដីកាចាប់ខ្លួនពីតុលាការ កែសំណុំរឿងជួញដូរគ្រឿងញៀនពីធ្ងន់មកស្រាល ពីអ្នកជួញដូរគ្រឿងញៀនមកជាអ្នកប្រើប្រាស់គ្រឿងញៀន។
លើសពីនេះទៀត នៅពេលឈ្មោះនេះចុះអនុវត្តច្បាប់តាមគោលដៅចរាចរណ៍ បើរកឃើញអ្នកមានផ្ទុកសារធាតុញៀនក្នុងទឹកនោមបែរជាទារលុយ។ នេះបើតាម ACU។
យ៉ាងណាក៏ដោយ ACU មិនបានបញ្ជាក់ថាតើឈ្មោះ សុខ សង្ហា ទទួលបានប្រាក់ប៉ុន្មានទេ ពីបទល្មើសប្រព្រឹត្តក្នុងរយៈពេល ៤ ឆ្នាំនេះ។
ACU បន្តថា៖ «ក្រៅពីបទស៊ីសំណូក សុខ សង្ហា ក៏មានបទល្មើសរំលោភអំណាច បំបាត់ចោលវត្ថុតាងជាគ្រឿងញៀន មិនគោរពនីតិវិធីច្បាប់ គ្មានការសុំការអនុញ្ញាតពីស្ថាប័នអយ្យការ ហើយប្រព្រឹត្តិបំពានក្នុងការកសាងកូនខ្លា ឬ កម្លាំងសម្ងាត់ ឬភ្នាក់ងារផ្តល់ព័ត៌មានសម្ងាត់។
ក្រសួងមហាផ្ទៃធ្លាប់បានចេញបទបញ្ជា ៣កុំ ១រាយការណ៍ ដែលរួមមាន កុំពាក់ព័ន្ធ កុំធ្វើអន្តរាគមន៍ កុំបន្ធូរបន្ថយ និង ត្រូវរាយការណ៍ករណីគ្រឿងញៀន។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានយល់ឃើញថា នៅពេលដែលករណីគ្រឿងញៀននៅតែខ្ពស់ អត្រានៃការប្រព្រឹត្តអំពើពុករលួយនៃមន្ត្រីអនុវត្តច្បាប់ក៏ខ្ពស់ផងដែរ។
ដូច្នេះ លោកលើកទឹកចិត្តឲ្យរដ្ឋាភិបាលបង្កើនការបង្ក្រាបគ្រឿងញៀន ដើម្បីបំបាត់ទាំងបទល្មើសគ្រឿងញៀនផង និងបំបាត់អំពើពុករលួយក្នុងចំណោមមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធនឹងគ្រឿងញៀនផង៕