ក្រុមការងារអភិរក្សសត្វអណ្តើកនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផល បានរកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែបចំនួនពីរសម្បុកដំបូងបង្អស់ក្នុងឆ្នាំ២០២៥ នៅតាមឆ្នេរខ្សាច់ដងទន្លេមេគង្គក្នុងស្រុកសំបូរ ខេត្តក្រចេះ។ នេះបើយោងតាមការប្រកាសរបស់សមាគមអភិរក្សសត្វព្រៃ កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥។
ក្រុមការងាររំពឹងថានឹងរកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែបនេះបន្ថែមទៀតក្នុងរដូវពងកូនឆ្នាំ២០២៥ នេះដែលចាប់ផ្តើមពីខែមករារហូតដល់ខែឧសភា។
សត្វកន្ធាយក្បាលកង្កែបជាប្រភេទសត្វដែលទទួលរងគ្រោះជិតផុតពូជបំផុតនៅក្នុងសកលលោក។ វាត្រូវបានគេគិតថាផុតពូជពីប្រទេសកម្ពុជាជាយូរមកហើយ។ ប៉ុន្តែដល់ឆ្នាំ២០០៧ ក្រុមការងារស្រាវជ្រាវអណ្ដើក និងកន្ធាយបានរកឃើញវត្តមានរបស់វាឡើងវិញនៅចន្លោះប្រមាណ៤៨គីឡូម៉ែត្រនៃដងទន្លេមេគង្គពីស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤ ក្រុមការងារបានរកឃើញសម្បុកពងកូនរបស់សត្វកន្ធាយក្បាលកង្កែបនៅលើឆ្នេរខ្សាច់តាមដងទន្លេមេគង្គចំនួន២០១សម្បុក ដែលមានពងសរុបចំនួន៧២៩២គ្រាប់ និងញាស់បាន៣ ៥៩១កូន។
ប៉ុន្តែក្នុងឆ្នាំ២០២៣ និងក្នុងឆ្នាំ២០២៤ ក្រុមការងារអភិរក្សសត្វអណ្តើកនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផល បានកត់សម្គាល់ឃើញថាសម្បុកសត្វកន្ធាយកម្រនេះមានការធ្លាក់ចុះ ដោយមានសម្បុកចំនួន ១០ក្នុងឆ្នាំ២០២៣ និង១១សម្បុកក្នុងឆ្នាំ២០២៤ តែប៉ុណ្ណោះត្រូវបានរកឃើញ។
កម្មវិធីការពារសម្បុកសត្វកន្ធាយក្បាលកង្កែបគឺជាគោលដៅអភិរក្សរបស់អង្គការ WCS និងរដ្ឋបាលជលផល ដើម្បីស្តារចំនួនកន្ធាយក្បាលកង្កែបនេះឱ្យមានច្រើនឡើងវិញនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា។
កន្ធាយក្បាលកង្កែបឬរមិចដែលមានឈ្មោះវិទ្យាសាស្ត្រថា Pelochelyscantori គឺជាពូជអម្បូរសត្វអណ្តើក ប៉ុន្តែមានសកម្មភាពលឿនជាងអណ្ដើក វាអាចវាយប្រហារចំណីលឿនជាងពស់វែកចឹកទៅទៀត។ កន្ធាយក្បាលកង្កែបស៊ីត្រីតូចៗជាអាហារ និងពេលខ្លះវាស៊ីរុក្ខជាតិតូចៗផងដែរ។
កន្ធាយក្បាលកង្កែប គឺជាសត្វមាននៅប្រទេសកម្ពុជាច្រើនជាងគេបំផុត។ វាត្រូវបានចាត់ចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត។
វានៅមានចំនួនតិចតួចប៉ុណ្ណោះក្នុង ប្រទេសឡាវ និងប្រទេសមួយចំនួនទៀត និងវាទំនងជាបានផុតពូជហើយនៅតាមអតីតទីជម្រកដែលវាធ្លាប់រស់នៅភាគច្រើនក្នុងប្រទេសវៀតណាមនិងថៃ ដោយសារមានការលួចចាប់និងធ្វើពាណិជ្ជកម្ម រួមទាំង សកម្មភាពខុសច្បាប់ក្នុងការប្រមូលយកពងរបស់យកទៅលក់ឬធ្វើជាអាហារ។ នេះបើតាម WCS។
WCS បន្តថា កន្ធាយក្បាលកង្កែបគឺជាប្រភេទមួយក្នុងចំណោមប្រភេទកម្រៗជាច្រើនទៀតនៅតាមដងទន្លេមេគង្គព្រោះវារស់នៅក្នុងអន្លង់ជ្រៅៗជាមួយត្រីដូលហ្វីន និងត្រីបបែលយក្សជាដើម។
ការលែងកន្ធាយ ក្បាលកង្កែបដែលជាប្រភេទដ៏សំខាន់ចូលក្នុងជម្រកធម្មជាតិ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការស្ដារ ប្រភេទនេះឡើងវិញកុំឱ្យផុតពូជនាពេលអនាគត៕