កម្ពុជាកំពុងស្វែងយល់អំពីជម្រើសថាតើគួរនៅប្រើសម្ភារៈដែលមានអាសបេស្តុស (Asbestos) ដែលមានហានិភ័យខ្ពស់ដល់សុខភាព ឬ ត្រូវមានលក្ខខណ្ឌប្រើប្រាស់ ឬ ក៏ត្រូវប្រុងប្រយ័ត្នដោយរបៀបណា ខណៈដែលប្រទេសជាច្រើនបានហាមឃាត់ការប្រើប្រាស់សារធាតុបែបនេះទាំងស្រុង។
ការពិភាក្សាលើសារធាតុគ្រោះថ្នាក់នេះ ត្រូវបានធ្វើឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៧ ខែមករា ក្នុងសិក្ខាសាលាពិគ្រោះយោបល់ពាក់ព័ន្ធនឹងហានិភ័យនៃការប្រើប្រាស់សារធាតុអាសបេស្តុសក្នុងវិស័យសំណង់ ក្នុងគោលបំណងផ្តល់ជម្រើសជូនប្រជាជនកម្ពុជាលើការសម្រេចចិត្តថាគួរបន្តប្រើប្រាស់សម្ភារៈមានអាសបេស្តុស ដោយការប្រុងប្រយ័ត្ន ឬត្រូវលុបបំបាត់។
យោងតាមក្រសួងដែនដី អាសបេស្តុសមានវត្តមាននៅក្នុងសម្ភារសំណង់សំខាន់ៗ ដូចជា សម្ភារដំបូល អ៊ីសូឡង់ កម្រាល ផលិតផលការពារភ្លើងនិងធន់នឹងកម្តៅ វាយនភ័ណ្ឌ និងសម្ភារផ្សេងៗទៀត ក្នុងចំណោមគ្រឿងបង្គំសំណង់ជាច្រើននៅកម្ពុជា។
ក្រសួងបញ្ជាក់ថា៖ «អាសបេស្តុស មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ពិសេសសុខភាពផ្លូវដង្ហើម សួត ជាដើម នៅពេលដែលមានការបំបែកទ្រង់ទ្រាយដូចជាការកាត់ ពុះច្រៀក រុះរើ ការពុកផុយ»។
បច្ចុប្បន្ននេះ ប្រទេសជាច្រើនបានទប់ស្កាត់ការប្រើប្រាស់សារធាតុនេះទាំងស្រុង ដូចជាប្រទេសអូស្ត្រាលី ប្រេស៊ីល កាណាដា អេហ្ស៊ីប ជប៉ុន កូរ៉េ ន័រវ៉េ សិង្ហបុរី ជាដើម។ ប៉ុន្តែ ក៏មានប្រទេសមួយចំនួនកំពុងបន្តប្រើប្រាស់សារធាតុនេះ ដោយមានយន្តការ បទប្បញ្ញត្តិ និងបទដ្ឋានក្នុងការគ្រប់គ្រងការប្រើប្រាស់។ នេះបើតាមក្រសួងដែនដី។
លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្តនិងកសិកម្ម នៅរាជបណ្ឌិតសភាកម្ពុជា បានពន្យល់ថា សារធាតុអាសបេស្តុសជាសារធាតុធម្មជាតិដែលគេយកមកច្នៃប្រើក្នុងសម្ភារសំណង់ដូចជា ហ្វីប្រូស៊ីម៉ង់ ដែលមានលក្ខណៈជាសរសៃកញ្ចក់ល្អិតប្រើសម្រាប់ម្នាងសិលា។
សារធាតុនេះផ្គុំឡើងពីស៊ីលីកុន និង អុកស៊ីសែន ដែលធន់នឹងកម្ដៅ មិនចម្លងចរន្តអគ្គិសនី ដែលភាគច្រើនប្រើប្រាស់ដើម្បីទប់កម្ដៅនៅតាមរោងចក្រ ឬឃ្លាំង ឬ តាមកប៉ាល់។
លោកបន្តថា៖ «សារធាតុនេះបើចូលក្នុងសួតហើយ វាអត់ចេញមកវិញទេ ហើយបង្កហានិភ័យប្រែក្លាយទៅជាមហារីកសួត ហើយសារធាតុអាសបេស្តុតមានច្រើនប្រភេទ។ ដូច្នេះ កម្មករសំណង់ ដើម្បីបញ្ចៀសហានិភ័យគេតម្រូវឲ្យពាក់ម៉ាស់ ពាក់ខោអាវឲ្យជិត ពាក់ស្រោមដៃ ដើម្បីការពារកុំឲ្យហិតក្លិតរបស់វាចូលទៅក្នុងសួត។ បើវាចូលក្នុងសួត វាដក់នៅក្នុងសួត ធ្វើឲ្យមានការរលាកសួត ក្រិនសួត ឬ មហារីកសួត»។
លោកបន្តថា៖ «ក្រៅពីចូលតាមរយៈការហិតក្លិត វាក៏ចូលទៅតាមអាហារផងដែរ។ ទឹកដែលហូរតាមបំពង់ស៊ីម៉ង់ហើយយើងយកមកបរិភោគក៏អាចធ្វើឲ្យជាតិអាសបេស្តុសចូលក្នុងខ្លួនផងដែរ បើសិនយើងអត់បានច្រោះ ឬកែច្នៃឲ្យបានត្រឹមត្រូវ»។
ប្រទេសអូស្ត្រាលីកាលពីកន្លងទៅបានសហការជាមួយកម្ពុជា និងអង្គការពាក់ព័ន្ធដើម្បីរកវិធីលុបបំបាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅក្នុងប្រទេសកម្ពុជា៕