កម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» របស់រាជរដ្ឋាភិបាលអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ ចាប់ពីសប្ដាហ៍ក្រោយនេះតទៅ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅក្នុងវីដេអូឃ្លីប កាលពីល្ងាចថ្ងៃទី២៨ ខែមករា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាមរយៈកម្មវិធីនេះប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដនឹងត្រូវបានរដ្ឋផ្ដល់ដីជួន ជាមួយនឹងការរៀបចំជាភូមិករ ហើយប្រជាពលរដ្ឋខ្មែរដែលនឹងទៅរស់នៅទីនោះ អាចចងក្រងជាសហគមន៍ដើម្បីជួយការពារដីនិងព្រៃឈើនៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ។
លោកចាត់ទុកកម្មវិធីនេះថានេះជាព្រួញមួយបាញ់បានសត្វពីរ គឺជួយដល់ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ និងការពារព្រៃឈើកុំឲ្យមានការកាប់បំផ្លាញ ឬទន្ទ្រានកាន់កាប់ដោយខុសច្បាប់។ កម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» មានលេខាធិការដ្ឋានមួយមើលការខុសត្រូវ។
លោកថ្លែងថា៖ «ចំពោះនីតិវិធី បែបបទ ទីកន្លែងដាក់ពាក្យស្នើសុំ និងលក្ខណៈសម្បត្តិនៃអ្នកស្នើសុំដើម្បីទទួលបានដី លេខាធិការដ្ឋាននឹងចាប់ផ្ដើមជូនដំណឹងជាបន្តបន្ទាប់ និងអាចចាប់ផ្ដើមទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥នេះតទៅ»។
បើតាមលោកនាយករដ្ឋមន្ត្រី ផ្ទៃដីរាប់លានហិតាត្រូវបានចែកជូនប្រជាពលរដ្ឋខ្មែរដែលខ្វះខាត និងអតីតយុទ្ធជន ចាប់ពីឆ្នាំ១៩៨៥មក។ លោកក៏បានអះអាងជាថ្មីថា លោកនឹងខិតខំបម្រើប្រជាជន និងប្រទេសជាតិឲ្យអស់ពីសមត្ថភាព។
លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា យល់ឃើញថា ក្នុងការអនុវត្តគោលនយោបាយថ្មីនេះ រដ្ឋាភិបាលក៏គួរតែពិនិត្យមើលលើដីសម្បទានសេដ្ឋកិច្ចដែលត្រូវបានផ្ដល់ឲ្យក្រុមហ៊ុនជាច្រើន ថាតើដីទាំងនោះនៅតែបន្តវិនិយោគដាំដុះ ឬក៏ក្រុមហ៊ុនដែលទទួលបានដីនោះបានក្ស័យធន់ទៅហើយ។ លោកថា ប្រសិនបើដីសម្បទានសេដ្ឋកិច្ចត្រូវបានទុកចោលនោះ រដ្ឋគួរតែកាត់យកទៅឲ្យភាគីពាក់ព័ន្ធ ឬ ឲ្យទៅអតីតយុទ្ធជន ពលរដ្ឋក្រីក្រអនាថាជាដើម។
លោក គឹមហុង យល់ថា វាមិនមែនជារឿងល្អទេ ប្រសិនបើរដ្ឋាភិបាលកាត់ដីព្រៃសឹករិចរិលឬគម្របព្រៃឈើសម្រាប់កម្មវិធីនេះ ផ្ទុយទៅវិញដីព្រៃទាំងនោះគួរបន្តអភិរក្ស និងស្ដារឡើងវិញ។
លោកនិយាយថា៖ «វត្តមានរបស់ប្រជាពលរដ្ឋដែលចូលទៅកៀកនឹងតំបន់អភិរក្សអាចបង្កហានិភ័យច្រើន ដូចជាការចូលទៅកាប់បំផ្លាញព្រៃឈើ ឬការប្រើប្រាស់ព្រៃឈើទាំងនោះ»។
លោកថាដើម្បីឲ្យកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» មានប្រសិទ្ធភាព ត្រូវមានការគ្រប់គ្រងតឹងរ៉ឹង អនុវត្តច្បាប់ម៉ឹងម៉ាត់ ដោយចាប់ផ្ដើមពីការធ្វើស្ថិតិប្រជាពលរដ្ឋក្រីក្រដោយតម្លាភាពនៅទូទាំងប្រទេស ដើម្បីឲ្យពួកគាត់មានឱកាសស្ដារជីវភាពឡើងវិញ ជាពិសេសពលរដ្ឋដែលគ្មានដីកសិកម្ម ហើយកំពុងជាប់បំណុលទៀត ឬពលរដ្ឋរស់នៅតំបន់អនាធិបតេយ្យ៕