ភ្នំពេញ៖ វីដេអូថ្មីៗនេះ របស់ប្រធានសមាគម​ទេវ សក្ខី ភគវន្ត បានបញ្ឆេះប្រតិកម្ម​ពីសំណាក់ព្រះសង្ឃ និង​ពុទ្ធសាសនិក បន្ទាប់ពីលោកបានអះអាងថា ព្រះសង្ឃជា «បន្ទុក» ដល់អ្នកកាន់​ព្រះពុទ្ធ​សាសនា​។

​អ្នកនាំពាក្យ​ក្រសួង​ធម្មការ ​និង​សាសនា បាន​ឱ្យដឹង​ថា ក្រោយពី​មានការ​ផ្សព្វផ្សាយ​វីដេអូ​របស់​មេដឹកនាំ​សមាគម​ទេវ សក្ខី ភគវន្ត នាពេល​កន្លងមក ក្រសួង​​ និង​គណៈសង្ឃ​នាយក​ទាំ​ង​ពីរ​គណៈ បានរៀបចំ​កិច្ចប្រជុំ​បន្ទាន់ពិភាក្សា​លើ​ខ្លឹមសារ​វីដេអូ​នៅ​រសៀល​ថ្ងៃ​អង្គារ ​​ថ្ងៃទី​២៨ ខែមករា ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ពិភាក្សា នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​។ 

អ្នកនាំពាក្យ​បានបន្ដថា​៖ «​​សម្តេច​ជា​អម្ចាស់ សម្តេច ព្រះ​រាជាគណៈ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​ពុទ្ធបរិស័ទ ទាំងអស់ ព្រះមេត្តា ​និង​មេត្តា​រក្សា​ភាពស្ងប់ស្ងាត់ ដើម្បី​ទុក​លទ្ធភាព​ដល់​ក្រសួង​ធម្មការ​និង​សាសនា និង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ដោះស្រាយ​និង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​»។ 

ជាការ​ឆ្លើយតប សមាគម​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា សមាគម​ប្រកាន់​គោលជំហរយក​ការ​ពិតតែ​ម្យ៉ាង (​សព្ទ​និយម​) ដោយ ឈរលើ​ទស្សនៈ អហិង្សា មិន​បង្ក​អរិភាព​បង្កើត​ភាពជា​សត្រូវ​វាយប្រហារ​បំបែកបំបាក់ ជាន់ពន្លិច បំផ្លិច​បំផ្លាញ​សាសនា​ណាមួយ​ឡើយ ជាពិសេស ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវមាន កាតព្វកិច្ច​អភិរក្ស និង​អភិវឌ្ឍន៍​។ 

យោង​តាម​សេចក្ដីថ្លែងការណ៍​បាន​បង្ហាញថា​៖ «​ក្នុងន័យ នេះ​សមាគម​មាន​បេសកកម្ម​ច្បាស់លាស់​ធ្វើការ​ផ្សព្វផ្សាយ​ធម្ម​រាជសារ ឬ​សារ​សន្តិ​អមត​ភាព បើក​បង្ហាញ​ការ​ពិតជា​សាកល អនុគ្រោះ​ដល់​សាធារណជន​ទូទៅ​គ្រប់​ជាតិ​សាសន៍ ដែល​ចង់ដឹង​ការពិត “​ភ្ញាក់​ពី​សុបិន​មក​កាន់​ការពិត​ក្នុង​សួន​នៃ​សន្តិ​អមត​ភាព​”»។​

ថ្វីបើសមាគមព្យាយាមបំភ្លឺពីជំហររបស់ខ្លួនក៏ដោយ សេចក្តីថ្លែងការណ៍នេះហាក់​មាន​ប្រសិទ្ធភាព​តិចតួចប៉ុណ្ណោះ ដើម្បីបកស្រាយ​ទៅនឹង​ការ​ថ្កោល​ទោស​​ពីសហគមន៍ពុទ្ធសាសនាកម្ពុជា។

លោក ឈត ប៊ុនថង អ្នកស្រាវជ្រាវ និង​អ្នក​ជំនាញ​ទស្សនវិទ្យា​នៃ រាជបណ្ឌិតសភាកម្ពុជា បាន​ឱ្យដឹងថា ក្រុម​អ្នក​ផ្សព្វផ្សាយ​ដែល​មាន​ការ​ពន្យល់​បកស្រាយ​ទាក់ទង​នឹង​ព្រះពុទ្ធសាស្ដ្រ ហាក់​ដូចជា​មាន​ការ​រៀបចំ​មួយ​ ដែល​មិន​ដឹង​ច្បាស់​ពី​ប្រភព ដោយ​មើល​ឃើញ​មានឈុត​ពណ៌​ស កន្សែង​ពានារ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ​ ពោល​គឺមានការៀបចំ​ត្រឹម​ត្រូវ។ 

លោក ប៊ុនថង បាន​ថ្លែងថា​៖ «មែនទែន ប្រធាន​បទ​ទាក់ទង​សាសនា ​វប្បធម៌​ ប្រពៃណី ទំនៀមទម្លាប់ និងនយោបាយ​ សុទ្ធតែជាប្រធានបទ​រសើប​។ នៅពេល​ជំនឿ​ណាមួយ​ដែល​ចាក់​ឫស​នៅក្នុង​សង្គម​រឹងមាំហើយ និងមាន​មនុស្ស​ជាច្រើន​គោរព​ មាន​ទម្រង់ មាន​របៀប​ជាក់​លាក់​ហើយ ហើយ​ត្រូវបាន​នរណា​ម្នាក់ ឬ​ក្រុម​ណាមួយយកមក​វិភាគ​ រិះគន់​ ខុសពី​ច្បាប់​ដើម​ ច្បាស់​ណាស់​ថា វា​នឹង​មាន​ប្រតិកម្ម​»។ 

លោក​បាន​លើក​ឡើងអំពី​បទពិសោធកន្លងមកថា ​​លោក ធាន វុទ្ធី ក៏​ទទួល​រង​នូវ​ការ​រិះគន់ រួមទាំង ព្រះ​អង្គ​ច័ន្ទមុនី។ ពួកគេ​ប្រាកដជា​មាន​អ្នក​ជំនឿ​ដើរ​តាម​ និង​គោរព​ប្រណិបតន៍​ផង​ដែរ​ រួមទាំង គ្រហស្ថ និងបុព្វជិក​។ 

លោកបាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​នៅពេល​ធ្វើ​​ការ​បកស្រាយ ពន្យល់ អត្ថាធិប្បាយ ​​ពាក្យពេចន៍​​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្វី​ដែល​គេ​គោរព​កន្លងមក ប្រាកណាស់​ វា​នឹងមាន​ប្រតិកម្ម​ពីបុគ្គល ក្រុម និង​ស្ថាប័ន​។ យើង​ត្រូវចាំ​ថា សាសនា​ដើម​របស់​ខ្មែរ​យើង​ ដែល​អ្នក​ខ្លះ​និយាយថា សាសនា​ជី សាសនា​បែប​ដូនតា ឬ​ព្រលឹង​និយម​ជាដើម​។ ​ក្រោយ​មក យើង​ទទួល​យក​ឥទ្ធិពល​ព្រហ្មញ្ញសាសនា​»។ 

លោក ប៊ុនថង បាន​បន្ដថា បន្ទាប់​ពី​ការ​ប្រណិបន៍​សាសនា​លាយ​រវាង​សាសនា​ដើម និង​ព្រហ្មញ្ញសាសនា កម្ពុជា​ក៏​ទទួល​យកនូវព្រះ​ពុទ្ធ​សាសនា​រហូត​ដល់​បច្ចុប្បន្ន​នេះ​ ដែល​ត្រូវបាន​រដ្ឋធម្មនុញ្ញ​បាន​ចែងថា ព្រះ​ពុទ្ធ​សាសនា​គឺជា​សាសនា​របស់​រដ្ឋ។ 

ប្រជាពលរដ្ឋ​មាន​សិទ្ធិ​កាន់​លទ្ធិ​សាសនា​ទៅតាម​ជំនឿ​របស់​បុគ្គល​រៀងៗ​ខ្លួន តែ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ និង​ជំនឿ​របស់អ្នក​ដទៃ​។

លោក​ថ្លែងថា​៖ «​ថ្វីដ្បិតតែ​បុគ្គល ឬក្រុម​ណាមួយ​មានសិទ្ធិ​ក្នុង​ការ​បកស្រាយ​អ្វីមួយ​ តែ​បើ​ធ្វើ​អត្ថាធិប្បាយ​លើ​អ្វីដែល​គេ​គោរព ប្រាកដ​ណាស់ថា ពួកគេ​នឹង​ទទួល​រង​នូវការ​ឆ្លើយ​តប​ក្នុង​កម្រិត​ណាមួយ​»។ 

លោក ប៊ុនថង បាន​បន្ថែមថា ការប្រណិបតន៍​ចម្រុះសាសនាធ្វើ​ឱ្យ​មាន​ភាព​លាយ​ឡំគ្នា​រវាង​សាសនា​ដើម ព្រហ្ម​ញ្ញសាសនា និង​ព្រះពុទ្ធសាសនា ដូចជា ព្រះ​សង្ឃ​ព្រះពុទ្ធសាសនា​សាក់​យ័ន្ដព្រហ្មញ្ញ​សាសនា ប្រោះព្រំ​ មន្ដ​អាគមន៍​​ជាដើម​។ 

លោក​បាន​បញ្ជាក់ថា ថ្វីដ្បិតតែ​ព្រះពុទ្ធសាសនា​មាន​និកាយ​ពីរ និង​ត្រូវបាន​បែងចែកជាធម្មយុត្ដិក​និកាយ និងមហានិកាយ​ចំពោះ​​ហិនយាន។ ​​ការបកស្រាយ និងការពន្យល់​អំពី​សាសនា​មាន​ដូចគ្នាខ្លះ ខុសគ្នា​ខ្លះ តែមិន​ប៉ះពាល់​គ្នា ដោយ​អ្នក​អត្ថាធិប្បាយ​មិ​ន​ប្រើ​ពាក្យ​ពេចន៍​ឃ្លោងឃ្លា​ណា​ដែល​មិន​ធ្វើ​ឱ្យ​ប៉ពាល់​ដល់​តួ​អង្គ​សំខាន់ៗ រួមមាន ព្រះពុទ្ធ ព្រះ​គុម្ពី ព្រះសង្ឃ​ជាដើម​។ 

ប៉ុន្ដែ​ចំពោះ​ការ​អត្ថាធិប្បាយ​វាយ​ប្រហារដល់​ព្រះ​សង្ឃ ព្រះ​ពុទ្ធ គុម្ពីព្រះត្រៃបិដក​ ប្រាកដ​ណាស់ មហាជន អ្នក​មាន​ជំនឿ​ព្រះ​ពុទ្ធសាសនា រួមទាំង​ស្ថាប័ន​ព្រះពុទ្ធសាសនា​ក៏​មាន​ប្រតិកម្ម​។ 

លោក សាស្ដ្រាចារ្យ អ៊ីន សុផល ជាបណ្ឌិត​ផ្នែក​វិទ្យាសាស្ដ្រ​នយោបាយ​មកពី​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ឱ្យដឹងថា​ លោក​មិន​អាច​​នៅ​ស្ងៀម​បាន  ព្រោះ​ពួកគេ​មុននឹង​សម្លាប់​ប្រជាជន​ខ្មែរ គឺ​សម្លាប់​ព្រលឹង​ជាតិខ្មែរ​ជាមុន។

លោក​បាន​ឱ្យដឹងថា បា​វនា​ជាតិ​កម្ពុជាៈ ជាតិ ! សាសនា ! ព្រះមហាក្សត្រ ! គ្មាន​ជន​ណា​អាច​រំលោភបំពាន​បាន ​ទោះបី​អ្នកឯង​ជា​នរណា មកពីណា ក៏​ត្រូវតែ​កម្ចាត់​ឱ្យចេញ​ផុតពី​ទឹកដី​របស់​ព្រះពុទ្ធ​!

លោក សុផល បាន​និយាយថា​៖ «​កូន​ខ្មែរ​ត្រូវ​ចាំ​ថា មុនពេល​បារាំង​ចូលមក​គ្រប់គ្រង ប្រទេស​កម្ពុជា​ត្រូវបាន​បែង​ចែកជា​ពីរ​រវាង​អាណ្ណា​ម និង​សៀម​។ ពួកគេ​បាន​បំផ្លាញ​មូលដ្ឋានគ្រឹះ​នៃ​វប្បធម៌​ប្រពៃណីជាតិ​ខ្មែរ​ស្ទើរ​គ្មាន​សល់ ប្រជាជន​ខ្មែរ​ស្ទើរ​លែង​ស្គាល់​ខ្លួនឯង​ថា​ជា​នរណា»។ 

លោក​បាន​លើកឡើង​ពី​ កញ្ញា ស៊ូ​សាន ជនជាតិ​បារាំង បាន​លះបង់​ដ៏​ធំធេង ខិតខំ​ព្យាយាម​ស្វែងរក​គម្ពីរ​សាសនា​ ប្រពៃណី​ទំនៀមទម្លាប់ ដែល​បាន​កប់​បាត់​ទៅហើយនោះ ប្រមូលផ្តុំ​និង​ចងក្រង​ឡើងវិញ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ បាន​រៀនសូត្រ​និង​ចងចាំ​ពី​ប្រវត្តិ​របស់ខ្លួន។

លោក​បាន​បន្ដថា នៅ​ឆ្នាំ​១៩៣០ រាជបណ្ណាល័យ​ត្រូវបាន​បង្កើតជា​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ​ជា​មជ្ឈ​មណ្ឌល​តែមួយគត់​របស់​កម្ពុជា បាន​ទាក់ទាញ​និស្សិត​ជាច្រើន​មកពី​រដ្ឋ​អាណានិគម​ផ្សេងៗ​ទៀត​នៅក្នុង​ឥណ្ឌូចិន ជាពិសេស​ជនជាតិខ្មែរ ដែល​កំពុង​រស់នៅក្នុង​ដែនដី​កូស័ងស៊ីន។​

លោក​សាស្ដ្រាចារ្យ​បាន​បញ្ជាក់ថា​៖ «​​នៅពេល​វប្បធម៌​ប្រពៃណី​ជាតិខ្មែរ​ស្ទើរតែ​ផុតរលត់​ទៅហើយនោះ គឺ​ព្រះសង្ឃ​មាន​តួនាទី​សំខាន់បំផុត​ក្នុងការ​ផ្សព្វផ្សាយ​វប្បធម៌​ប្រពៃណី​ជាតិខ្មែរ​ឱ្យ​រស់​ឡើងវិញ អប់រំ​ផ្នត់គំនិត និង​មនសិការ​ប្រជាជន​ខ្មែរ​ឱ្យ​រួបរួមគ្នា​កសាង​ជាតិ​ឡើងវិញ​។»​

​ក្រោយ​ឆ្នាំ​១៩២២ ព្រះសង្ឃ​ជួន ណាត និង ហួត តាត បាន​ក្លាយទៅជា​ជំនួយការ​ដ៏​ជិតស្និទ្ធ​ជាមួយ​លោក​ល្វី​ស ហ្វី​ណូ​ត “Louis Finot” ដែល​ក្រោយមក​គឺជា​នាយក​សាលា (EFEO) និង​ជា​អ្នកត្រួតពិនិត្យ​មើល​លើ​ការបង្រៀន​បាលី​សំស្ក្រឹត សិក្សា​ពី​ប្រវត្តិ​របស់​ព្រះពុទ្ធ ដ៏​ច្បាស់លាស់​មួយ​រហូត​ឈានដល់​ការបោះពុម្ពផ្សាយ​អត្ថបទ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា សម្រាប់​ប្រើ​នៅក្នុង​វិទ្យាស្ថាន​ព្រះពុទ្ធសាសនា​។​

លោក សុផល​ បានបន្ថែមថា​៖ «​​យើង​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ច​ចំពោះ​សង្ឃ​ក្លែងក្លាយ ដែល​ចូលមក​ជ្រក​ក្រោម​ព្រះពុទ្ធសាសនា ដើម្បី​បំផ្លាញ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​ជាតិ ជន​ទាំងនោះ​ហើយ​បាន​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​បំផ្លាញ​ព្រះសង្ឃ​ខ្មែរ ធ្វើឱ្យមាន​ការភាន់ច្រឡំ នាំឱ្យ​ប្រជាពលរដ្ឋ​ស្អប់ខ្ពើម​ព្រះសង្ឃ​ដែលមាន​ទឹក​ព្រះទ័យ​ដ៏​ល្អ​បរិសុទ្ធ​របស់​ខ្មែរ​ពិតៗ»។ 

ភ្នំពេញប៉ុស្ដិ៍​ មិនអាច​សុំ​ការ​បំភ្លឺ​លម្អិតពី​ប្រធាន​សមាគម​ ដែល​បានហៅខ្លួន​ឯងថា ព្រះ​សាស្ដា ឬព្រះពុទ្ធ នោះ​ទេ ដោយសារ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​លើ​ហ្វេសប៊ុក មិន​មាន​អ្នក​ទទួល​។ 

គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​​សេចក្តីថ្លែងការណ៍ ​​ថ្កោលទោស យ៉ាង​ដាច់អហង្ការ​ចំពោះ​មេក្រុម​សមាគម​ទេវ សក្ខី ភគវន្ត ដែល​បាន​ពន្យល់​ធម៌​ប្រាសចាក​ខ្លឹមសារ​ដើម​នៃ​ព្រះពុទ្ធ​វចនៈ និង​បាន​ព្យាយាម​និយាយ​បំភាន់​កិច្ច​បដិបត្តិ​របស់​ពុទ្ធ​សាសនិក​ខ្មែរ​។ 

សេចក្ដី​ថ្លែងការណ៍បាន​ពន្យល់ថា​៖ «​ទង្វើ​នេះ ធ្វើឱ្យប៉ះពាល់​យ៉ាង ធ្ងន់ធ្ងរ​ដល់​ព្រះ​រតនត្រ័យ​ទាំងបី គឺ​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ និង​តម្លៃ​ដ៏​ល្អ​ផូរផង់​របស់​ព្រះពុទ្ធសាសនា​ខ្មែរ ដែលជា​សាសនា​របស់​រដ្ឋ​»។ 

គណៈសង្ឃ​នាយក បានបន្ដថា​៖ «​បុគ្គល​នេះ មានគំនិត​ទុច្ចរិត បាន​និយាយ​បកស្រាយ​បំភាន់ ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ព្រះសង្ឃ ថា​ជា បុគ្គល​កំពុង​ពេញកម្លាំង​ហើយ​រស់នៅ​ជា​បន្ទុក​រប​ស់​ពុទ្ធបរិស័ទ និង​បាន​ពោល​ត្មះតិះដៀល​ថា ព្រះ​ត្រៃបិដក​ខ្មែរ ជា​ព្រះ​ត្រៃបិដក​មិន​គ្រប់ទឹក ជាដើម​»៕