ភ្នំពេញៈ មន្រ្តីអាវុធហត្ថខេត្តតាកែវ ចំនួន៣នាក់ ដែលរួមមានទាំងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តម្នាក់ផង កំពុងតែត្រូវបានធ្វើការសាកសួរ នៅបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តកណ្តាល ពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀន បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួនរួចមក។
ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង ទៅតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះ ហើយត្រូវបានបញ្ជូនទៅ
សាកសួរនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តកណ្តាល រហូតមកដល់ព្រឹកថ្ងៃសុក្រ ទី៣ ខែមករានេះ។
មន្រ្តីអាវុធហត្ថមួយរូបបានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រនេះថា៖«គេកំពុងតែបន្តនីតិវិធី សួរនាំ នៅអាវុធហត្ថខេត្តកណ្តាលនៅឡើយទេ។ មិនទាន់ដឹងយ៉ាងម៉េចនោះទេ ចាំមើលសិន»។
មន្ត្រីអាវុធហត្ថដែលត្រូវបានឃាត់ខ្លួនទាំង៣នាក់នោះ មានឈ្មោះ លោកវរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងអាវុធហត្ថខេត្តតាកែវ, លោកលុយ សារ៉ុម នាយសេនាធិការអាវុធហត្ថស្រុកត្រាំងកក់ និងលោក ស៊ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត។
មន្រ្តីកងរាជអាវុធហត្ថ ដែលទទួលទូរស័ព្ទប្រចាំបញ្ជានៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តតាកែវមា្នក់ សុំមិនធ្វើអត្ថាធិប្បាយលើករណីនេះនោះទេ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឱ្យដឹងថា មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ បាននឹងកំពុងអនុវត្តនីតិវិធី ស៊ើបអង្កេតពាក់ព័ន្ធនឹងបទល្មើស ទៅលើនាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ទាំង៣រូបនេះ បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួន ដោយមានការសម្របសម្រួលពីតំណាងអយ្យកា។
លោកបានបញ្ជាក់នាថ្ងៃទី២ ខែមករាថា៖«ករណីស៊ើបអង្កេតនេះ មិនទាន់បានបញ្ចប់ ហេតុដូច្នេះការផ្តល់ព័តមានជាសាធារណៈ មិនអាចបានទេ។ កងរាជអាវុធហត្ថ នឹងធ្វើសេចក្តីប្រកាសព័ត៌មានជូនសាធារណៈ បន្ទាប់ពីអនុវត្តនីតិវិធីបានបញ្ចប់»។
ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៤០៦ ករណី។ ក្នុងនោះ មានជនសង្ស័យចំនួន១ ១៤៦នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ៨៧៦ នាក់។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍”។
មានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕