មនុស្ស ២​ នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​មករា​ នេះ​នៅ​ក្នុង​ភូមិសាស្ត្រ​ភូមិត្រាច ឃុំ​កាហែង ស្រុក​សំរោងទង ខេត្តកំពង់​ស្ពឺ រវាង​រថយន្ត​លុចស៊ីស RX300 និង​រថយន្ត​ដឹក​ទំនិញ។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​ជិត​៤​ព្រឹក នៅ​លើ​កំណាត់​ផ្លូវ​ល្បឿន​លឿ​ន K39​+200 ទិស​ដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ។

សមត្ថកិច្ច​បញ្ជាក់​ថា យោង​តាម​ទិន្នន័យ​ពី​កាមេរា​សុវត្ថិភាព ​ផ្ដល់​ដោយ​ក្រុម​ហ៊ុន​ផ្លូវ​ល្បឿន​លឿន​ បង្ហាញ​ថា រថយន្ត​ទាំង​ពីរ​ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​ដូចគ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ត​ម៉ាក់​ លុចស៊ីស RX300 ដែល​ដឹក​ជនជាតិ​ចិន​២​នាក់​ក៏​បាន​បុក​ពី​ក្រោយ​រថយន្ដ​ដឹកទំនិញ​មួយ​គ្រឿង ម៉ាក​ហ៊ីយ៉ិនដាយ។

ហេតុការណ៍​នេះ​បណ្ដាល​ឲ្យ​អ្នកបើ​ក​បរ​រថយន្ត RX300 ​ឈ្មោះ ​លី ហ៊ូវ ភេទប្រុស អាយុ ៤០ឆ្នាំ និង អ្នក​ដំណើរ​ជន​ជាតិ​ចិន​ម្នាក់​ឈ្មោះ​ YIN CHAOYANG ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ដែល​អ្នក​ដំណើរ​ជា​ជនជាតិ​ចិន​ម្នាក់​ទៀត​រង​របួស​ធ្ងន់។ ចំណែក​អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ​បាន​រត់​គេច​ខ្លួន។

សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ដើម្បី​ដោយ​បាន​យក​រថយន្ត​ទាំង​ពីរ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំងគង នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង៕