ស្ទឹងត្រែងៈ ឈើ២៨៥សន្លឹក ដែលស្មើនិង៩ម៉ែត្រគូប ត្រូវបានមន្រ្តីឧទ្យានុរក្សបរិស្ថាន និងមន្រ្តីយោធារកឃើញ នៅក្នុងប្រតិបត្តិការចុះបង្រ្កាបបទល្មើសព្រៃឈើ រយៈពេល៤ថ្ងៃ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ប៉ុន្តែជនល្មើសបានរត់គេចខ្លួនបាត់។
ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដល់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ កម្លាំងបរិស្ថាន និងយោធាបានសហការគ្នា ចុះប្រតិបត្តិការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស ការកាប់ឈើ ខុសច្បាប់ ក្នុងភូមិសាស្ត្រ ឃុំសៀមបូក ស្រុកសៀមបូក។
ជាលទ្ធផល នៃកិច្ចប្រតិបត្តិការនេះ ក្រុមមន្រ្តីបាន ប្រទះឃើញឈើប្រភេទឈើដួងចែម ដែលត្រូវបានកាត់គល់ផ្ដួលរំលំ ចំនួន៣៥គល់ ឈើក្តារ ដែលអារជ្រៀករួច ចំនួន២៨៥សន្លឹក ស្មើនិង ចំនួន៩ម៉ែត្រគូប។ នេះបើយោងតាម កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃ សុក្រ ទី៣ ខែមករានេះ។
ក្រៅពីនោះ គោយន្តកន្ត្រៃសណ្តោងរឺម៉ក ចំនួន ៣គ្រឿង និងរណាយន្តចំនួន ១គ្រឿងក៏ត្រូវបានរកឃើញ និងរឹបអូសផងដែរ។
ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោកស្រេង ជាហេងបានឱ្យដឹងថា ជនល្មើសមិនត្រូវបានចាប់ឃាត់ខ្លួនបាននោះទេ។ ពួកគេបានរត់គេចខ្លួនបាត់អស់ ពេលដែលកម្លាំងចុះទៅបង្រ្កាបនោះ។
លោកបានបន្តថា ពួកជនល្មើសមកពីទឹកដីខេត្តកំពង់ធំ ដោយឆ្លងព្រំប្រទល់ចូលទឹកដីខេត្តស្ទឹងត្រែង ប្រហែលជា១គីឡូម៉ែត្រ ដើម្បីប្រព្រឹត្តបទល្មើសកាប់ឈើនេះ។
លោកបញ្ជាក់ថា៖«ជនល្មើសរត់បាត់ហើយ។ វាមិននៅឱ្យយើងចាប់នោះទេ។ តាមមើលទៅ ឈើដែលកាប់នេះ គឺសម្រាប់យកទៅធ្វើផ្ទះរបស់ប្រជាជន។ ភាគច្រើនអត់មានក្រុមហ៊ុនអីឯណាទេ មានតែធ្វើផ្ទះ។ វត្ថុតាងយើងយកមកបានខ្លះ ដោយសារតែវាឆ្ងាយ»។ លោកបានបន្ថែមថា កម្លាំងជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមផ្លូវច្បាប់។
លោកជាហេង ក៏បានឱ្យដឹងផងដែរថា សំណុំរឿងជាង៧០ករណី ត្រូវបានបញ្ជូនទៅតុលាការ ក្នុងឆ្នាំ២០២៤កន្លងមក។ ក្នុងនោះ ភាគច្រើនពាក់ព័ន្ធទៅនឹងការកាប់រានដីព្រៃរដ្ឋយកធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់។
ប្រតិបត្តិការនេះ ត្រូវបាន ដឹកនាំដោយ លោកវរសេនីយ៍ឯក ហួត សុក្រា នាយសេនាធការរងយោធភូមិភាគទី១ សហការជាមួយកម្លាំងតំបន់ ប្រតិបត្តិការ សឹករង ស្ទឹងត្រែង ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ ជិន ហេង នាយសេនាធិការរង តំបន់ប្រតិបត្តិការ សឹករងស្ទឹងត្រែង និងកម្លាំងមន្ត្រីឧទ្យានុរក្សបរិស្ថាន នៃ ដែនជម្រកសត្វព្រៃ ព្រៃឡង់ សរុបចំនួន១៣នាក់។ លោក គាន គឹមសាន ប្រធានស្នាក់ការរងអន្លង់ជ្រៃ បានដឹកនាំក្រុមមន្រ្តីបរិស្ថានចូលរួមធ្វើការល្បាតរុករកបទល្មើសនេះ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១។
កាលពីសប្តាហ៍មុន មន្រ្តីឧទ្យានុរក្ស ប្រចាំស្នាក់ការល្បាតវាលពីរ នៃការិយាល័យដែនជម្រកសត្វព្រៃតាតៃសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការបង្រ្កាបការដឹកជញ្ជូនវល្លិ៍រមៀត តាមរថយន្តសាំយ៉ុងមួយករណី ដោយខុសច្បាប់ផងដែរ នៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង។ នេះបើយោងតាម ក្រសួងបរិស្ថាន។
វល្លិ៍រមៀតចំនួន២០បាវ ដែលស្មើនិង១ ៣០០គីឡូក្រាម និងជនសង្ស័យចំនួន២នាក់ ត្រូវបានរឹបអូស និងឃាត់ខ្លួន។ វត្ថុតាងត្រូវបានយកទៅរក្សាទុកនៅស្នាក់ការវាលពីរ ជាបណ្តោះអាសន្ន ហើយ ជនសង្ស័យត្រូវបានក្រុមការងារ បញ្ជូនទៅមន្ទីរបរិស្ថានខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕