អ្នកឃ្លាំមើលសង្គមគាំទ្រផែនការបង្កើនចំនួនកម្លាំងនគរបាលនៅរដ្ឋបាលប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ឲ្យដល់១០នាក់ ដើម្បីផ្ដល់សេវាកាន់តែរលូន និង សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ ការបែងចែកការងារត្រូវច្បាស់លាស់។
ការគាំទ្រនេះធ្វើឡើងក្រោយពេលលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសកាលពីថ្ងៃទី៣១ ខែធ្នូថា ចំនួនកម្លាំងមន្ត្រីនគរបាលនៅតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ នឹងត្រូវបង្កើនចំនួនយ៉ាងហោចណាស់ ១០នាក់ នៅឆ្នាំ២០២៥ និងឆ្នាំ ២០២៦។ នេះបើតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ។
បើតាមក្រសួងមហាផ្ទៃ ពេលបច្ចុប្បន្ន តាមបណ្តាប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់មួយចំនួន មិនទាន់មានមន្ត្រីគ្រប់គ្រាន់ និងសមមូលទៅនឹងចំនួនប្រជាពលរដ្ឋ ក៏ដូចជាភូមិសាស្ត្រដែលត្រូវគ្រប់គ្រងនៅឡើយនៅឡើយ។
ហេតុដូច្នេះ មន្ត្រីបានខិតខំលះបង់ពេលវេលាលើសម៉ោងដែលច្បាប់កំណត់ បម្រើសេវាជូនប្រជាពលរដ្ឋ ទាំងការងារសន្តិសុខ និងការងាររដ្ឋបាល ព្រមទាំងសេវាសាធារណៈ ផ្សេងៗទៀត មិនថាថ្ងៃសម្រាកនោះទេ។
ក្រសួងបន្តថា ផែនការនៃការបង្កើនចំនួននគរបាលជាតិនេះក៏ដើម្បីទប់ស្កាត់បទល្មើសនានាដែលកើតឡើងក្នុងសហគមន៍ ដូចជាក្មេងទំនើងជាដើម។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព គាំទ្រផែនការបង្កើនចំនួននគរបាលតាមប៉ុស្តិ៍រដ្ឋបាល ដោយលោកថ្លែងថា បច្ចុប្បន្ននេះ សមត្ថកិច្ចនៅតាមប៉ុស្ត៍មានប្រមាណតែ ៥នាក់ប៉ុណ្ណោះ ហើយមានការងារច្រើន ហើយពេលខ្លះពួកគាត់ក៏ត្រូវបានចាត់ចែងឲ្យទៅជួយការងារនៅក្រៅឃុំសង្កាត់របស់ខ្លួនទៀត។
លោកថា ប៉ូលិសឃុំក៏មានការងារច្រើនដែរ ដូចជាសម្រួលចរាចរណ៍ រក្សាសណ្ដាប់ធ្នាប់ បង្ក្រាបក្មេងទំនើងនិងគ្រឿងញៀន ជាដើម។ ប៉ុន្តែ លោកស្នើថា បើសិនជាមានការបង្កើនចំនួននេះមែន គួរមានការបែងចែកតួនាទីឲ្យបានច្បាស់លាស់។
លោកបន្តថា៖ «ប្រសិនបើអត់មានលទ្ធភាពបង្កើនចំនួនទេ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងភាពជោគជ័យនៃការលើកកម្ពស់ភូមិ-ឃុំមានសុវត្ថិភាព ហាក់ដូចជានៅឆ្ងាយ។ ខ្ញុំអត់លើកទឹកចិត្តឲ្យរើសមន្ត្រី ឬ ប៉ូលិសកិច្ចសន្យាទេ ដូចជាករណីប៉ូលិសចរាចរណ៍ជាដើម។ បើខ្វះកម្លាំង រើសពេញសិទ្ធិតែម្ដង ដើម្បីកុំឲ្យមានការប្រទូស្តសារាយជាមួយប្រជាពលរដ្ឋ»។
លោកបន្តថា «ការជ្រើសរើស និងបង្កើនចំនួនប៉ូលិសនៅឃុំ សង្កាត់ គឺជារឿងល្អ ជាជាងការរើសនៅថ្នាក់ស្រុក ពីព្រោះឃុំសង្កាត់គឺជារដ្ឋបាលនៅជាប់នឹងពលរដ្ឋ។ ដូច្នេះរឿងនេះ ខ្ញុំឯកភាព និងសាទរ»៕