ជប៉ុនផ្ដល់ជំនួយឥតសំណងជាង ៤៤ម៉ឺនដុល្លារសម្រាប់ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រមួយនៅខេត្តតាកែវ និងស្ពាននៅខេត្តកំពង់ធំ និងសៀមរាប ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។
ពិធីចុះហត្ថលេខាសម្រាប់ផ្ដល់ថវិកាគម្រោងនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែមករានេះ រវាងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងបី។
គម្រោងទី១គឺគម្រោងស្ដារប្រព័ន្ធធារាសាស្ត្រ (អាងស្តុកទឹក) ត្រពាំងក្រែកក្នុងខេត្តតាកែវ ដែលនឹងចំណាយទឹកប្រាក់ជាង ១៨ម៉ឺនដុល្លារ ដែលនឹងអនុវត្តការស្ដារដោយមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត។ ការកែលម្អប្រព័ន្ធអាងស្តុកទឹកនេះរំពឹងថានឹងផ្ដល់ផលប្រយោជន៍ដល់មនុស្ស ៣ពាន់នាក់ ដែលអាចផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្មបានពេញមួយឆ្នាំ។
គម្រោងទី២ គឺការសាងសង់ស្ពានបេតុងថ្មីមួយនៅក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្នុងទឹកប្រាប់ជាង ១៥ម៉ឺន៤ពាន់ដុល្លារ ដែលនឹងអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ។ មនុស្សជាង ១ម៉ឺននាក់ត្រូវរំពឹងថានឹងទទួលបានផលប្រយោជន៍ពីគម្រោងនេះ ជាមួយនឹងការធ្វើដំណើរដោយសុវត្ថិភាព។
ចំណែកគម្រោងទី៣ គឺការសាងសង់ស្ពានបេតុងថ្មីមួយជំនួសឲ្យស្ពានឈើចាស់ទ្រុឌទ្រម នៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលស្ពាននេះមានសារៈសំខាន់សម្រាប់ការធ្វើដំណើររបស់ទៅសាលារៀន កន្លែងធ្វើការ និងមន្ទីរពេទ្យ និងដឹកជញ្ជូនកសិផលរបស់កសិករ។ ស្ពានបេតុងនេះនឹងផ្ដល់ផលប្រយោជន៍ដល់មនុស្សប្រមាណ ១ម៉ឺន ៥ពាន់នាក់។
ជំនួយគូសាណូណិ របស់ជប៉ុនបានផ្ដល់ដល់កម្ពុជាតាំងពីឆ្នាំ១៩៩១ ដែលមកទល់ពេលនេះមានទឹកប្រាក់សរុបជាង ៧០លានដុល្លារ សម្រាប់រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ក្នុងការអនុវត្តគម្រោងចំនួន ៦៩៤គម្រោង។លោកឯកអគ្គរាជទូតជប៉ុន អ៊ូអិណុ បានថ្លែងថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានសង្កេតឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជានាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមជាច្រើន ដែលជប៉ុនអាចជួយបានដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន។ ជប៉ុននឹងបន្តចូលរួមចំណែកក្នុង ការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំងជំនួយ គូសាណូណិ ផងដែរ»៕