ខេត្ដ​ពោធិ៍សាត់៖ រដ្ឋមន្ដ្រី​ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ផែនការ​ផ្ដល់​ពានរង្វាន់​​ស្តង់ដាសាលារៀន​គំរូ​ចំនួន ១៣០​ ពង្រីក​ការ​ប្រើ​ប្រាស់​​បច្ចេកវិទ្យាឌីជីថល​ និង​ផ្សព្វផ្សាយ​គំនិត​ផ្ដួចផ្ដើម​​សាលារៀន​គ្មាន​សំរាម​ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ​។

សេចក្ដី​ប្រកាស​នេះ ត្រូវបា​នធ្វើឡើង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប វាយតម្លៃ​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០២៣-២០២៤ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​សិក្សា ២០២៤-២០២៥ របស់​អប់រំ យុវជន និង​កីឡា​​ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី​៣០ ខែមករា​​។ 

លោក ណា​រ៉ុ​ន បាន​សង្កត់ធ្ងន់ថា កម្មវិធី​ស្តង់ដា​សាលារៀន​​គំរូ​នឹង​បន្ត​ជា​មូលដ្ឋានគ្រឹះ​នៃ​គោលនយោបាយ​អប់រំ​រប​ស់រាជ​​រដ្ឋាភិបាល ដោយនឹង​ផ្ដល់​​សាលារៀន​ថ្មី​ចំនួន ១៣០ ទៀត​​ឆ្នាំនេះ​។​ ​នាពេល​កន្លងមក ក្រសួង​អប់រំ បាន​វាយតម្លៃ និង​ប្រគល់​ពានរង្វាន់​ជូន​សាលារៀន​គំរូ​ចំនួន​១២០​រួចមកហើយ។

សម្រាប់​ឆ្នាំ​សិក្សា​ ២០២៣-២០២៤ សាលារៀន​ចំនួន​៧៩៣ ត្រូវបាន​ជ្រើសរើស​ជា​សាលារៀន គោលដៅ​អនុវត្ត​ស្តង់ដា​សាលារៀន​គំរូ ដើម្បី​ធ្វើ​អធិការកិច្ច ផ្ដល់​ការគាំទ្រ និង​ជំរុញ​ការអនុវត្ត ក្នុងនោះ​សាលា​ម​ត្តេ​យ្យ​សិក្សា​៩៦ សាលាបឋមសិក្សា ៣៤៨ និង​សាលា​មធ្យមសិក្សា ៣៤៩​។​

លោក​បាន​ថ្លែងថា​៖ «​ដើម្បី​សម្រេចបាន​ស្តង់ដា​សាលារៀន​គំរូ​ក្នុង​ឆ្នាំ​សិក្សា ២០២៤-២០២៥ ស្របតាម​ស្តង់ដា​ទាំង ៥៖ (​ស្តង់ដា​ទី​១) លទ្ធផល​សិក្សា​របស់​សិស្ស​ (​ស្តង់ដា​ទី​២)​ ការបង្រៀន​និង​រៀន​ (​ស្តង់ដា​ទី​៣)​ ការចូលរួម​របស់​ស​ហគ​មន៍​ (​ស្តង់ដា​ទី​៤)​ ដំណើរ​ប្រតិបត្តិការ​និង​រដ្ឋបាល​សាលារៀន និង​(​ស្តង់ដា​ទី​៥)​ គណនេយ្យភាព​របស់​សាលារៀន»​។​

ស្របតាម​និន្នាការ​នៃ​ការអប់រំ​ជាស​កល ក្រសួង​ក៏​កំពុងផ្តល់​អាទិភាព​ដល់​ការផ្លាស់ប្តូរ​ឌីជីថល​នៅក្នុង​សាលារៀន​ផងដែរ​។ គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ ​រួមមាន​ការបង្កើត​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​នៅក្នុង​ខេត្តពោធិ៍សាត់ ក្នុង​គោលបំណង​លើកកម្ពស់​អក្ខរកម្ម​ឌីជីថល និង​ការសិក្សា​ផ្អែកលើបញ្ញា​សិប្បនិម្មិត​ AI​។​​គម្រោង​នេះ​ចាប់ផ្តើម​ពី​ដំណាក់កាល​សាកល្បង ​ដើម្បី​ពង្រឹង​ការរៀន​និង​បង្រៀន ឆ្លើយតប​នឹង​យុគសម័យ​ឌីជីថល​​។​

រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផែនការផ្ដល់ពានរង្វាន់ស្តង់ដាសាលារៀនគំរូចំនួន ១៣០ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

​លើសពីនេះ បណ្ណាល័យ​សតវត្សរ៍​ទី ២១ នឹងត្រូវ​បង្កើតឡើង ដើម្បី​គាំទ្រ​ដល់​ការអប់រំ​បែប​ឌីជីថល ដោយ​ភ្ជាប់​ស្ថាប័ន​នានា ដូចជា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ជាមួយ​សាលារៀន​ផ្សេងទៀត​ទូទាំងប្រទេស​។​

​លោករដ្ឋមន្ដ្រី​បានថ្លែងថា៖ «​​បច្ចេកវិទ្យា​កំពុង​ផ្លាស់ប្តូរ​ការអប់រំ​យ៉ាង​ឆាប់រហ័ស ហើយ​យើង​ត្រូវតែ​សម្រប​ខ្លួន​ដោយ​ការបញ្ចូល AI និង​ឧបករណ៍​ឌីជីថល​ដើម្បី​បង្កើន​ការរៀន និង​ការបង្រៀន»​។​

​គំនិត​ផ្តួចផ្តើម​គួរឱ្យកត់សម្គាល់​មួយទៀត​ដែល​ត្រូវបាន​ណែនាំ​នៅក្នុង​ស​ន្និបាត​​គឺ​ការប្រកួតប្រជែង​សាលារៀន​គ្មានសំរាម​​ដែលមាន​គោលបំណង​លើកកម្ពស់​ការទទួលខុសត្រូវ​បរិស្ថាន​ក្នុងចំណោម​សិស្ស​។​

លោក ណារ៉ុន បាន​ឱ្យដឹងថា សម្រាប់​វិទ្យាល័យ​ក្នុង​ខេត្តពោធិ៍សាត់​ទាំងអស់ ជាពិសេស​អាច​ប្រែក្លាយ​សាលារៀន​ដែលមាន​ធុងសំរាម​ទៅជា​សាលារៀន​គ្មាន​ធុងសំរាម។

ជាផ្នែកនៃកំណែទម្រង់វិស័យអប់រំដែលកំពុងបន្ត ក្រសួងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធសាលារៀន គុណភាពគ្រូបង្រៀន សុខុមាលភាពសិស្ស និងការចូលរួមរបស់មាតាបិតា។

លោក ណារ៉ុន បានលើកឡើងពីកត្តាសំខាន់ៗចំនួនបួនដែលចាំបាច់សម្រាប់ការជំរុញកំណែទម្រង់ការអប់រំប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា។

ដំបូង កត្តា​សាលារៀន​ ដែល​ត្រូវតែមាន​អគារ​ហេដ្ឋារចនាសម្ព័ន្ធ​សមស្រប បន្ទប់ពិសោធន៍ បន្ទប់​កុំព្យូទ័រ រៀបចំ​បរិស្ថាន​សាលារៀន​ស្អាត ជាពិសេស​ការដឹកនាំ​គ្រប់គ្រង​បានល្អ​ពី​សំណាក់​នាយក នាយិកា​សាលារៀន ដែល​ជំរុញ​បាន​នូវ​អភិបាលកិច្ច​សាលារៀន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

លោក​បាន​ថ្លែងថា​៖ «ចំពោះ​កត្តា​សិស្ស​ ពួកគេ​​ត្រូវមាន​សុខភាព​រឹងមាំ​ល្អ ខួរក្បាល​ឆ្លាត​វៃ មានការ​ខិតខំ​ប្រឹងប្រែង​ក្នុងការ​រៀនសូត្រ ចេះ​ស្វ័យ​សិក្សា​ និង​ត្រិះរិះ​ពិចារណា និង​មាន​វិធីសាស្ត្រ​រៀន​ច្បាស់លាស់»។ 

​ក្រសួង​អប់រំ បាននិងកំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការបណ្ដុះបណ្តាល​គ្រូបង្រៀន ការបង្កើន​ប្រាក់បៀវត្ស​គ្រូបង្រៀន ទាក់ទាញ​អ្នកមាន​សមត្ថភាព​ចូលធ្វើ​គ្រូបង្រៀន លើកស្ទួយ​កិត្តិយស និង​តួនាទី​របស់​គ្រូបង្រៀន​នៅក្នុង​សង្គម ដោយ​ពង្រឹង​ការបណ្ដុះបណ្ដាល​គ្រូ​ប្រកបដោយ​គុណវុឌ្ឍិ ចំពោះ​កត្តា​គ្រូបង្រៀន។

លោក​បាន​បញ្ជាក់ថា សម្រាប់​កត្តា​ឪពុកម្តាយ អ្នកអាណាព្យាបាល​​ ពួកគេ​ត្រូវមាន​ការចូលរួម​ជំរុញ​កូន​ឱ្យទៅ​រៀន និង​ប្រឹងប្រែង​សិក្សា​ពី​អ្នកអាណាព្យាបាល​។ ទន្ទឹមនឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់​សិស្ស​ផ្ទាល់ ក៏ត្រូវ​មានការ​គាំទ្រ​ទាំង​ផ្នែក​ស្មារតី និង​ធនធាន​ពី​សំណាក់​ក្រុមគ្រួសារ ឪពុកម្តាយ អ្នកអាណាព្យាបាល និង​សហគមន៍​ផងដែរ៕