កំពង់ធំៈ បែរចិញ្ចឹមត្រីបណ្ដែតទឹកចំនួន១០បន្ថែមទៀតកំពុងតែត្រូវបានរៀបចំបង្កើតឡើង សម្រាប់ប្រជានេសាទ​១០​គ្រួសា​រនៅ​លើ​បឹ​ង​ទន្លេសាប ដើម្បីបង្កើតមុខរបរបន្ថែម ដែលជួយកាត់បន្ថយការពឹងផ្អែកទាំង​ស្រុងទៅលើធនធានជល​ផល ក៏ដូច​ជា​ជួ​យ​អ​ភិរក្សជីវចម្រុះនៅបឹងទន្លេសាប។

គម្រោងពង្រីកបន្ថែមនេះ គឺបន្ទាប់ពីបែរត្រីចំនួន១៣រួចហើយត្រូវបានបង្កើតឡើង ដោយអង្គការជីវិតធម្មជាតិនៅ​កម្ពុជា ក្រោម​ថវិការគាំទ្រពីមូលនិធិភាពជាដៃគូសម្រាប់ប្រព័ន្ធអេកូឡូស៊ី ដែលរងការគម្រាមកំហែង (Critical Ecosystem Partnership Fund​-CEPF)នៅក្នុង​សហគមន៍​តំបន់​ការ​ពា​រធ​ម្ម​ជា​តិទួ​ល​នាង​សាវផ្លូវហ្លួង ស្ថិតក្នុង ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ដែលបានចាប់ផ្តើមកាល​ពីខែ​មិ​ថុនា​​កន្លង​​មក។ ស​មាជិកសហគមន៍ ក៏បានទទួល ពូជ​ត្រី ចំណីត្រី និងការបណ្ដុះ​បណ្ដាលបច្ចេក​ទេសចិញ្ចឹម​ត្រី​ផង​ដែរ​។

លោកសាន ស៊ីនាង អ្នកគ្រប់គ្រងគម្រោង នៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងថា​ ការ​ចិញ្ចឹមត្រីនេះ គឺគម្រោងបានផ្តោតទៅលើការអភិរក្សជាធំ ដែលមានប្រើគោលការណ៍អភិរក្សបរិស្ថាន និងមាន​ប​ដិភា​គ​របស់សហគមន៍។ 

លោកថ្លែងថា៖«យើងមានបង្កើតជាគោលការណ៍ក្នុងការចូលរួម៩ចំណុច ដែលយើងចង់កាត់បន្ថយការនេសាទ និង​ស​ក​ម្មភាព​ ដែលបង្កជាសម្ពាធទៅដល់ការដកហូតខុស នៃជីវចម្រុះក្នុងតំបន់របស់ពួកគាត់។ ក្រៅពីនោះ ក៏មាន​ការជំរុញ ការល្បាត និងការតាមដានជីវចម្រុះក្នុងតំបន់ពួកកាត់បន្ថែមទៀតផងដែរ»។ 

ក្រៅពីកែច្នៃត្រី ដែលនេសាទបានពីបឹងធម្មជាតិ សហគមន៍ កំពុងរៀប​ចំប្រភព​ត្រី​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ដល់​តម្រូវ​ការ​ទីផ្សារ រួមទាំងកាត់បន្ថយការនេសាទហួសប្រមាណ ដែលប៉ះពាល់ដល់ជីវចម្រុះ និង​ប្រព័ន្ធអេកូឡូស៊ី​របស់​បឹង​ទន្លេ​សាបដែរ។ 

បន្ថែមលើការគាំទ្រនេះ សហគមន៍ក៏បានរួម​ចំណែក​លើ​ការ​រៀបចំបែរផ្ទាល់ខ្លួន និងវិភាគទានចំនួន ៣០​ភាគរយ នៃការចំណាយរួម ដែលជាផ្នែក​មួយ​នៃការជំ​រុញចូល​រួម​របស់​សហគមន៍ផ្ទាល់។ 

ក្រុមសហគ្រាសស្ត្រី នៃពលរដ្ឋទាំង១៣​​​គ្រួ​សារ ​បាននឹងកំពុងតែផលិតត្រីឆ្អើរ ដែលមានឈ្មោះថា«ត្រីទន្លេ» (Tonle Fish) ជា​ផលិត​ផល​មេត្រីភាពជីវចម្រុះ ដើម្បី​ផ្គត់​ផ្គង់លើទីផ្សារក្នុង​សហគ​មន៍ និង​ហាង​ម៉ាត​មួយចំនួន​ក្នុងរាជ​ធានី​ភ្នំពេញ។ 

សហ​គ្រាស«ត្រីទន្លេ» ​នេះស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍តំបន់ការពារ ធម្មជាតិទួលនាង​សាវផ្លូវ​ហ្លួង ដែល​ជាសហគមន៍​ប​ណ្តែតទឹក ហើយទទួលបានការស្គាល់ពីក្រសួងបរិស្ថាន ក្នុងការជំរុញ និងលើក​កម្ពស់ការ​ចូល​រួមរបស់​សហគមន៍​មូល​ដ្ឋាន ការពារ និងអភិរក្សធនធានធម្មជាតិដ៏កម្រក្នុងបឹងទន្លេសាប។

ការផ្តល់វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមត្រីអណ្ដែង និងត្រីឆ្ពិន ដល់សមាជិកក្រុមសហគ្រាសសហគមន៍អភិរក្សទន្លេសាប។ រូបថត អង្គការជីវិតធម្មជាតិនៅកម្ពុជា

អង្គការជីវិតធម្មជាតិនៅ​កម្ពុជាបានលើកឡើងថា សហគ្រាសនេះ បានរួមចំណែកលើការងារអភិ​រក្សបឹង​ទន្លេ​សាប តាមរយៈ បដិភាគ ៥ភាគរយ នៃប្រាក់ចំណេញចូលក្នុងសហគមន៍តំបន់ការពារធម្មជាតិ និង​​បាន​ជួយ​លើក​កម្ពស់​ការ​ចូល​រួម​របស់​ស្ត្រី និងភាពជាអ្នក ដឹកនាំស្ត្រី ដែលជាប្រធាន និងសមាជិកជាង៧០ភាគរយជាស្ត្រី។ 

បន្ថែម​ពីនោះ ត្រីទន្លេ ក៏​ជួយ លើក​កម្ពស់ការកែច្នៃត្រី ប្រកបដោយនិរន្តភាព និងផលិតផលក្នុងស្រុក និង​ជំរុញការ​ប្រើ​ប្រាស់​ទឹកស្អាត និង​អ​នាម័​យខ្ពស់ក្នុងតំបន់បឹងទន្លេសាប។ 

ក្រៅពីនោះ ត្រីទន្លេ​កំពុង​ផ្លាស់​ប្តូរ​ជាវិ​ជ្ជមា​ន​ក្នុង​សហគមន៍ ដែល​មាន​អត្រាភាព​ក្រីក្រ​រហូតដល់ ៨៣ភាគរយ ហើយ៩០ភាគរយ កំពុងពឹងផ្អែកទាំងស្រុងលើការនេសាទត្រី។ 

លោកសាន ស៊ីនាងបានក៏បានឱ្យដឹងផងដែរថា គម្រោងបានសិក្សាទៅលើជម្រើសមុខរបរ អាទិភាពសម្រាប់បែរ​​​​ចិ​ញ្ចឹមត្រីទាំងនោះ។ គម្រោងបានកំណត់ជ្រើសរើសមុខរបរ ការកែច្នៃឆ្អើរត្រីនោះ ជាជម្រើសមុខរបរ​ទី១ ទៅតាមស្ថាន​ភាព​ជាក់ស្តែង។ 

សហគមន៍ក៏បានជ្រើសរើសប្រភេទត្រីចំនួន២ប្រភេទ គឺត្រីអណ្ដែង និងឆ្ពិន ដែលជាតម្រូវការ​សម្រាប់​​ការកែច្នៃឆ្អើរ និងងាយស្រួលក្នុងការចិញ្ចឹមក្នុងសហគមន៍។

លោកស៊ីនាង បានបន្តថា គម្រោងនេះទទួលបានថវិកាគាំទ្រពីមូលនិធិ CEPF ដែលមានរយៈពេល២ ឆ្នាំ ពីខែមិថុនា ឆ្នាំ២០២៤ រហូតដល់ ខែឧសភា ឆ្នាំ២០២៥ ខាងមុននេះ។​ សកម្មភាពជំរុញការចិញ្ចឹមត្រីនេះជាផ្នែកមួយ​នៃគម្រោង​ដែលបានចាប់​ផ្ដើមសាងសង់ពី​ខែវិ​ច្ឆិកា ឆ្នាំ២០២៤។ 

លោកបានបញ្ជាក់ថា បន្ថែមទៅលើការគាំទ្របែរត្រីទាំង១៣គ្រួសារ ​នាពេលបច្ចុប្បន្ននេះ អង្គការកំពុង​រៀបចំពង្រីក​បន្ថែម ១០គ្រួសារទៀត ក្រោមថវិកាគាំទ្រពីអង្គការOxfam។

ដើម្បីចូលរួមអភិរក្សត្រី កាត់បន្ថយការពឹងផ្អែកទាំងស្រុងទៅលើធនធានជលផល ក៏ដូចជាការនេសាទខុសច្បាប់​ក្នុង​បឹងទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំឱ្យមន្រ្តីជំនាញធ្វើ​ការសិក្សាមួយចំនួន ក្នុងការ​រៀប​ចំជាការចិញ្ចឹមត្រី បន្ថែម​ឱ្យ​ប្រ​ជានេសាទផងដែរកាលពីខែធ្នូ កន្លងមក៕