លទ្ធផល​នៃ​ការ​ធ្វើ​ជំរឿន​សត្វ​ក្រៀល​នៅ​តំបន់​ដី​សណ្ដ​មេគង្គ​ក្រោម​នៃ​ប្រទេស​កម្ពុជា​ បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ចំនួន​សត្វ​ក្រៀល​ ១៥ ក្បាល ពី​ ៦៧​ក្បាល​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០២៣ មក​នៅ​ត្រឹម​ ៥២ក្បាល នៅ​ខែ​ធ្នូ​ឆ្នាំ​២០២៤។

ការ​ធ្វើ​ជំរឿន​សត្វ​ក្រៀល​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣០ និង​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា មន្ទីរ​បរិស្ថាន​ខេត្តតាកែវ មន្ទីរ​បរិស្ថាន​ខេត្ត​កំពត នៅ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ ខេត្ត​តាកែវ និង​តំបន់​ការពារ​ទេសភាព​អន្លង់​ព្រីង ខេត្ត​កំពត។ ​

ការ​ជំរឿន​នេះ មាន​ការ​ចូលរួម​ពី មន្ត្រី​ឧទ្យានុរក្ស មន្ត្រី​កង​រាជ​អាវុធហត្ថ សហគមន៍​មូលដ្ឋាន ​អ្នកស្ម័គ្រ និង​បុគ្គលិក​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា សរុប​ចំនួន ​១៣រូប។

ក្នុង​ចំណោម​សត្វ​ក្រៀល​ទាំង ៥២ ក្បាល​នេះ ​សត្វ​ក្រៀល​ចំនួន​៤៤​ក្បាល (ជំទង់​ចំនួន​១១)​ មាន​វត្តមាន​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ និង​ចំនួន​ ៨​ក្បាល ​មាន​វត្តមាន​ក្នុង​តំបន់​ការពារ​ទេសភាព​អន្លង់​ព្រីង។

យ៉ាងណា​ក៏ដោយ នេះ​ជា​ការ​ធ្វើ​ជំរឿន​លើក​ដំបូង ខណៈ​ដែល​ជំរឿន​បែប​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​៤​ដង​ទៀត​មុន​នឹង​ទទួល​លទ្ធផល​ជំរឿន​សរុប​ប្រចាំ​ឆ្នាំ​២០២៤-២០២៥។

អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​ បាន​ថ្លែង​ថា៖ «ការ​ថយ​ចុះ​នេះ​បណ្ដាល​មក​ពី​កត្តា​ប្រឈម​មួយ​ចំនួន​ដូចជា ការ​ប្រែ​ប្រួល​ទីជម្រក ការ​រំខាន​ពី​សកម្មភាព​មនុស្ស​ចូល​នេសាទ​ក្នុង​តំបន់​ការពារ និង​ការ​លែង​សត្វ​ក្របី​ច្រើន​ពាស​វាល​ពាស​កាល​ក្នុង​តំបន់​ការពារ​ជាដើម។

អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា សំណូមពរ​ដល់​សហគមន៍ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ចូលរួម​ការពារ​តំបន់​ដី​សើម​នេះ និង​និយាយ​ថា​ទេ​ចំពោះ​ការ​បរិភោគ​សាច់​សត្វព្រៃ​គ្រប់​ប្រភេទ។

អង្គការ​ដដែល​នេះ សរសេរ​ថា៖ «រួម​ទាំង​អស់​គ្នា ​យើង​អាច​ការពារ​បក្សី​ដ៏​កម្រ​នេះ និង​ទីជម្រក​របស់​វា»៕