ភ្នំពេញៈ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តកាកែវ លោកង៉ែត ចាន់ធី និងលោកស៊ិន សុវណ្ណារិទ្ធជំនួយការការិយាល័យគ្រឿងញៀនខេត្តត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ នាថ្ងៃទី៥ ខែមករាពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសគ្រឿងញៀន និង ល្បែងស៊ីសងខុសច្បាប់។នេះបើយោងតាមលោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃចន្ទ ទី៦ ខែមករានេះ។
ចំណែកឯ មន្រ្តីអាវុធហត្ថម្នាក់ទៀត ឈ្មោះលុយ សារ៉ុម នាយសេនាធិការអាវុធហត្ថស្រុកត្រាំងកក់ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវវិញ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម ក្រោយពីមន្រ្តីទាំង៣នាក់ត្រូវបានឃាត់ខ្លួនយកទៅសួរនាំ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះ ទៅតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ការឃាត់ខ្លួនរបស់មន្រ្តីទាំង៣រូបគឺ យោងទៅតាមសេចក្តីរាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកណ្តាល អំពីការស្រាវជ្រាវ ស៊ើបអង្កេតករណីឃាតកម្ម និងបទល្មើសគ្រឿងញៀន ដែលបានប្រព្រឹត្ត នៅខេត្តកណ្តាល កំពង់ឆ្នាំង រាជធានីភ្នំពេញ និងខេត្តតាកែវ។
លោកអេង ហ៊ីបានឱ្យដឹងថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការស៊ើបអង្កេតករណីឃាតកម្ម នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ហើយក៏បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន៤នាក់ ពាក់ព័ន្ធ នឹងការធ្វើទារុណកម្ម អំពើឃោរឃៅរហូតដល់ស្លាប់ និងពាក់ព័ន្ធនឹងអំពើចែកចាយ ជួញដូរ គ្រឿងញៀនដោយខុសច្បាប់។
មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកណ្តាល បានចាប់យកវត្ថុតាងគ្រឿងញៀនចំនួនប្រមាណ៧គីឡូក្រាម អាវុធវែងកែច្នៃចំនួន១ដើម អាវុធខ្លីចំនួន១ដើម កាំភ្លើងបាញ់សត្វចំនួន១ដើម សម្ភារៈពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួន និងជនសង្ស័យទាំង៤នាក់ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល។
ដោយផ្អែកលើការស្រាវជ្រាវ និងស្តាប់ចម្លើយជនសង្ស័យ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ បានសុំគោលការណ៍ដឹកនាំពី លោកនាយឧត្តមសេនីយ៍សៅ សុខា ដើម្បីបន្តអនុវត្តនីតិវិធី ដោយធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់ធ្វើការឃាត់ខ្លួននាយទាហាន នៃកងរាជអាវុធហត្ថខេត្តតាកែវទាំង៣រូប។
លោកអេងហ៊ីបានបញ្ជាក់ថា៖«តាមចម្លើយ សារភាពរបស់ជនសង្ស័យ និងផ្អែកតាមឯកសារភស្តុតាង មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជ អាវុធហត្ថខេត្តកណ្តាល នៅថ្ងៃទី៥ ខែមករា បានបញ្ជូនជនសង្ស័យឈ្មោះ ង៉ែត ចាន់ធី និងឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត) ទៅអង្គភាពប្រឆាំងអំពើពុករលួយ»។
ដោយឡែក ចំពោះឈ្មោះ លុយ សារ៉ុម (ហៅលុយ សារុំ) មិនមានពាក់ ព័ន្ធនឹងបទល្មើសស៊ីសំណូក ប៉ុន្តែបុគ្គលនេះគ្មានការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវវិញ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម។
អ្នកនាំពាក្យ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) លោកសយ ច័ន្ទវិចិត្តបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់កំពុងតែស្ថិតនៅក្នុងនីតិវិធីរបស់អ.ប.ពនៅឡើយ។ហេតុនេះ ចំណាត់ការបន្តទៀតយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយនោះទេ។
លោកបញ្ជាក់ដូច្នេះថា៖«អត់ទាន់ទេ។ ទាល់តែចប់នីតិវិធីសិន ទើបបានដឹងថា បន្ទាប់មកទៀតយ៉ាងម៉េច»។
អ.ប.ព ក្នុងឆ្នាំ២០២៤ បានទទួលពាក្យប្តឹងចំនួន៥២០ ក្នុងនោះពាក្យប្ដឹងអនាមិកមាន ១៤១ (២៧,១២ ភាគរយ)។ ក្រៅពីនោះ ពាក្យប្ដឹងចំនួន ១៣២ មិនពាក់ព័ន្ធអំពើពុករលួយ ហើយក្រោយពីវិភាគ ស្រាវជ្រាវ សុំការបំភ្លឺ ពាក្យប្ដឹងចំនួន ១៨៥ ក៏រកឃើញថា មិនពាក់ព័ន្ធអំពើពុករលួយផងដែរ។
អ.ប.ព អន្តរាគមន៍ឱ្យជួយដោះស្រាយចំនួន ៧ពាក្យប្ដឹង កសាងសំណុំរឿងបញ្ជូនទៅតុលាការ១៤សំណុំរឿង កំពុងបន្តនីតិវិធីស្រាវជ្រាវ ១៦១ ពាក្យប្ដឹង និងរក្សាទុកតាមដាន២០ ពាក្យប្ដឹងផងដែរ។
អ.ប.ព ក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែធ្នូកន្លងមកសរុប ចំនួន ៤៥ពាក្យប្ដឹងផងដែរ៕