ភ្នំពេញ៖ នៅពេលកម្ពុជារៀបចំប្រារឰទិវាជ័យជម្នះ ៧ មករា ជាព្រឹត្ដិការណ៍នៃការផ្ដួលរំលំនៃរបបខ្មែរក្រហមនៅឆ្នាំ ១៩៧៩ ប្រទេសជាតិបានឆ្លុះបញ្ចាំងពីដំណើរនៃការជាសះស្បើយ និងការផ្សះផ្សា។
អស់រយៈពេលជិតកន្លះសតវត្សរ៍មកហើយ ដែលប្រជាជនកម្ពុជាបានរងគ្រោះនៃអំពើប្រល័យពូជសាសន៍ដែលបានបំផ្លិចបំផ្លាញដល់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។
យ៉ាងណាក៏ដោយ នៅពេលដែលស្លាកស្នាមនៃអតីតកាលចាប់ផ្តើមរសាត់ទៅ ផ្លូវទៅកាន់អនាគតដ៏សុខសាន្ត និងវិបុលភាពនៅតែជាប់ពាក់ព័ន្ធជាមួយនឹងការគិតគូរពីប្រវត្តិសាស្ត្ររបស់ប្រទេស។
អង្គការមួយក្នុងចំណោមស្ថាប័នសំខាន់ៗដែលជំរុញដំណើរការលប់ស្លាកស្នាមអតីតនៅកម្ពុជាគឺមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam)។
នៅពេលដែលប្រទេសអភិវឌ្ឍទៅមុខ ផែនការសកម្មភាពរបស់ DC-Cam សម្រាប់ឆ្នាំ២០២៥ មានគោលបំណងពង្រឹងដំណើរការផ្សះផ្សាជាតិ និងដាក់កម្ពុជាជាប្រទេសនាំមុខគេក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មដ៏ឃោរឃៅជាសាកល។
បើតាមលោក ឆាង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បានឱ្យដឹងថា៖ «DC-Cam កំណត់អាទិភាពបីសម្រាប់ការងាររបស់ខ្លួន៖ សន្តិភាព និងសុខុមាលភាព ការចងចាំ និងយុត្តិធម៌ រួមទាំង ការផ្លាស់ប្តូរ និងការរីកចម្រើន»។
លោកបន្ដថា៖ «សន្តិភាព និងសុខុមាលភាព រួមគ្នាសម្រាប់ការធានាអនាគតរបស់ប្រទេសកម្ពុជា ហើយបន្ទាប់ពីរយៈពេលជិតកន្លះសតវត្សរ៍មក ប្រទេសកម្ពុជានៅតែបន្ដបន្សាបស្រមោលរបបខ្មែរក្រហមប្រល័យពូជសាសន៍ ដែលបានជះឥទ្ធិពលដល់គ្រប់ក្រុមគ្រួសារ សហគមន៍ និងស្ថាប័នរបស់កម្ពុជា»។
លោក ឆាង យុ បាននិយាយថា សន្តិភាព និងសុខុមាលភាពពិតប្រាកដគឺមិនអាចសម្រេចបានសម្រាប់អ្នកមិនបានទទួលស្គាល់ការពិត និងប្រឈមអតីតកាលទេ ព្រោះភាពល្ងង់ខ្លៅ ឬភាពព្រងើយកន្តើយចំពោះវា រារាំងវឌ្ឍនភាព។
គំនិតផ្តួចផ្តើមផ្នែកសុខភាព និងសេវាសង្គមដ៏សំខាន់ ដែលផ្តល់មូលនិធិដោយទីភ្នាក់ងារ (USAID) កំណត់គោលដៅអ្នករស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហមរបស់កម្ពុជា។
កម្មវិធីនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសិទ្ធិ និងជីវភាពរស់នៅរបស់អ្នករស់រានមានជីវិតប្រមាណ ៥,១ លាននាក់ ដែលស្មើនឹងជាង ៣១ភាគរយនៃប្រជាជនកម្ពុជា។ នេះបើយោងតាមទិន្នន័យជំរឿនឆ្នាំ ២០១៩។
អ្នករស់រានមានជីវិតទាំងនេះ ស្ថិតនៅ ១៩៦ ស្រុកទូទាំងប្រទេស ប្រឈមមុខនឹងបញ្ហាក្នុងការទទួលបានសេវាសំខាន់ៗ ជាពិសេសតំបន់ជនបទ។
យោងតាម DC-Cam បានឱ្យដឹងថា៖ «ទិន្នន័យប្រជាសាស្ត្របន្ថែមទៀត បានបង្ហាញថា ប្រជាជនកម្ពុជាមានចំនួនលើសពី ១៥,៥ លាននាក់ ដែលមានតំណាងជាស្ត្រីចំនួន ៥១ភាគរយ»។
នគរូបនីយកម្មនៅមានកម្រិតនៅឡើយ ដោយមានប្រជាជនត្រឹមតែ ២១ភាគរយ ប៉ុណ្ណោះដែលរស់នៅក្នុងទីក្រុង ខណៈដែលអ្នកផ្សេងទៀតរស់នៅក្នុងតំបន់ជនបទ។
តួលេខទាំងនេះបង្ហាញពីបញ្ហាប្រឈមផ្នែកភ័ស្តុភារក្នុងការផ្តល់នូវការថែទាំសុខភាព និងសេវាសង្គមប្រកបដោយសមធម៌ ជាពិសេសនៅក្នុងសហគមន៍ដែលនៅដាច់ពីគេ។
ការចងចាំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងាររបស់ DC-Cam ហើយវាមានសារៈសំខាន់សម្រាប់អនាគតនៃប្រទេសកម្ពុជា។ ការចងចាំ និងយុត្តិធម៌មិនអាចត្រូវបានញែកដាច់ពីគ្នាបានទេ ដោយវាត្រូវបានផ្សារភ្ជាប់គ្នាដើម្បីជំរុញការព្យាបាលផ្លូវចិត្ដដ៏ពិតប្រាកដ។
សម្រាប់ប្រទេសកម្ពុជា វាមានន័យថា វាជាការទទួលស្គាល់អតីតកាលដ៏ឈឺចាប់ ក្នុងពេលហោះជំហានទៅរកយុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីតម្រូវការ និងសេចក្តីថ្លៃថ្នូររបស់អ្នករស់រានមានជីវិត។
លោក ឆាង យុ បានបន្ដថា៖ «យុត្តិធម៌សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអាច (និងត្រូវតែ) មានច្រើនវិធី»។
វិធីទាំងនោះរួមមានការដោះស្រាយនៅតុលាការតាមផ្លូវច្បាប់ ការផ្សព្វផ្សាយសំឡេងរបស់អ្នករស់រានមានជីវិត និងក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាការស្វែងរកមធ្យោបាយដើម្បីគាំទ្រដល់ដំណើរការជាសះស្បើយឡើងវិញ និងសមត្ថភាពក្នុងការឆ្ពោះទៅមុខ ដោយធានាការទទួលបានសេវាសុខភាព និងសុខុមាលភាពជាដើម។
លោក ឆាង យុ បាននិយាយថា ការតស៊ូមតិដើម្បីតម្លាភាព និងការទទួលស្គាល់អតីតកាល ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការព្យាបាលផ្លូវចិត្ដកាន់តែទូលំទូលាយ ដោយធានាថា អតីតកាលមិនអាចត្រូវបានបំភ្លេចឡើយ។
អង្គការ DC-Cam ទទួលស្គាល់ថា កម្ពុជាត្រូវតែមើលឱ្យហួសពីអតីតកាលដ៏ឃោរឃៅរបស់ខ្លួន ដើម្បីធានាបាននូវអនាគតគ្មានឧក្រិដ្ឋកម្ម និងអំពើប្រល័យពូជសាសន៍។
លោក ឆាង យុ បានលើកឡើងថា៖ «ប្រទេសជាតិនីមួយៗ ដែលងើបផុតពីជម្លោះត្រូវតែមានឆន្ទះដោយខ្លួនឯង ហើយប្តេជ្ញាយ៉ាងសកម្មក្នុងដំណើរឆ្ពោះទៅកាន់អនាគតដោយគ្មានអំពើហិង្សា ឧក្រិដ្ឋកម្ម ឃោរឃៅ និងប្រល័យពូជសាសន៍»។
អង្គការ DC-Cam បាននិងកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងទាំងនេះ តាមរយៈការងាររបស់ខ្លួនជាមួយប្រទេសរវ៉ាន់ដា និងស៊ូដង់ដែលបានប្រឈមនឹងអំពើឃោរឃៅផងដែរ។
តាមរយៈការជំរុញកិច្ចសហការរវាងអ្នករស់រានមានជីវិត និងអ្នកអប់រំនៅក្នុងប្រទេសទាំងនេះ DC-Cam កំពុងជួយបង្កើតបណ្តាញអន្តរជាតិនៃសំឡេងតស៊ូមតិសម្រាប់ការទប់ស្កាត់អំពើឃោរឃៅនាពេលអនាគត។
ទិដ្ឋភាពសំខាន់មួយទៀតគឺការបង្កើតសារមន្ទីរ-វិទ្យាស្ថានអចិន្ត្រៃយ៍ដែលឧទ្ទិសដល់ប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម។
បណ្ណាល័យហ្លួងម៉ែ ដែលនឹងបម្រើជាសារមន្ទីរ និងមជ្ឈមណ្ឌលស្រាវជ្រាវ នឹងមានបណ្ណសារសក្ខីកម្ម ឯកសារ និងវត្ថុបុរាណដ៏មានតម្លៃពីសម័យខ្មែរក្រហម។
បណ្ណាល័យនេះក៏នឹងបម្រើជាមជ្ឈមណ្ឌលសម្រាប់ការអប់រំបង្ការឧក្រិដ្ឋកម្មដ៏ឃោរឃៅសម្រាប់ប្រទេសកម្ពុជា អាស៊ីអាគ្នេយ៍ និងពិភពលោកផងដែរ។
នៅពេលដែល DC-Cam ប្រារឰខួបលើកទី ៣០ របស់ខ្លួននៅឆ្នាំ ២០២៥ អង្គការត្រៀមបញ្ចប់គម្រោងដ៏មានមហិច្ឆតានេះ។
បណ្ណាល័យហ្លួងម៉ែ នឹងក្លាយជាបង្គោលនៃក្តីសង្ឃឹម និងការរៀនសូត្រសម្រាប់មនុស្សជំនាន់ក្រោយ ដោយធានាថា មេរៀនពីអតីតកាលរបស់កម្ពុជាមិនបាត់បង់ទៅតាមពេលវេលាឡើយ៕