សៀមរាបៈ យ៉ាងហោចណាស់ឈើខុសច្បាប់ជិត៣០ម៉ែត្រគូប ត្រូវបានរកឃើញ និងរឹបអូសពីឃ្លាំងឈើ២កន្លែងផ្សេងគ្នា ក្នុង សង្កាត់សាលាកំរើក និងសង្កាត់ជ្រាវ ក្នុងកុ្រងសៀមរាប កាលពីចុងសប្តាហ៍មុន ខណៈដែលម្ចាស់ទីតាំងបាន រត់គេចខ្លួន។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកទា គឹមសុទ្ធបានឱ្យដឹងនៅថ្ងៃចន្ទ ទី៦ ខែមករានេះថា ឈើខុសច្បាប់ ដែលត្រូវបានរកឃើញ ហើយត្រូវបានរឹបអូស នៅទីតាំងទី១ មានឈើចំនួន២១ម៉ែត្រគូបកន្លះ។ រីឯ នៅទីតាំងទី២ វិញមានឈើចំនួន៨,២ ម៉ែត្រគូបផងដែរ។
ឈើទាំងនោះ គឺស្ថិតក្នុងចំណោមឈើក្តារ និងឈើដុំ ដែលមានច្បាប់អនុញ្ញាតមួយចំនួនផ្សេងទៀត។ វត្ថុតាងបទល្មើសជាច្រើនផ្សេងទៀត ក៏ត្រូវបានធ្វើការរឹបអូសផងដែរ។ ទោះយ៉ាងណា លោកយិន ស្រាង អ្នកនាំពាក្យតុលាការសាលាដំបូងខេត្តសៀមរាបបានឱ្យដឹងថា លោកមិនទាន់បានទទួលសំណុំរឿងពាក់ព័ន្ធទៅនឹងបទល្មើសនេះនៅឡើយទេ។
ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ លោក តាន់ គឹមសួរ ដែលបានស្រាវជ្រាវ និងស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ចខេត្តសៀមរាប ឱ្យជួយបង្រ្កាបបទល្មើសនេះ បានឱ្យដឹងថា ម្ចាស់ទីតាំងនេះត្រូវបានគេស្គាល់ថា ឈ្មោះចាន់ណា។ បុគ្គលឈ្មោះចាន់ណាបានរត់គេចខ្លួនបាត់ មុនពេលដែលកម្លាំងសមកិច្ចប្រឆាំងបទល្មើសកិច្ចខេត្តចុះទៅដល់។
ក្រោយពីការបង្រ្កាប វត្ថុតាង ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត។ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបជាប់ រវល់មិនអាចមានប្រសាសន៍បានទេនាថ្ងៃចន្ទ ទី៦ ខែមករានេះ។
ទាក់ទងទៅនឹងបទបទល្មើសព្រៃឈើនេះដែរ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២ ខែមករានេះបានប្រកាសដាក់ឱ្យដេញថ្លៃជាសាធារណៈ នូវអនុផលព្រៃឈើ ដែលជាវត្ថុតាងនៃបទល្មើស រឹបអូសនាពេលកន្លងមក ជាង៥ពាន់ម៉ែត្រគូប នៅដើមខែកុម្ភៈខាងមុខនេះ។ ឈើទាំងនោះ មានតម្លៃជាមូលដ្ឋានស្មើនឹងទឹកប្រាក់ជិតកន្លះលានដុល្លារអាមេរិក៕