ខេត្ដសៀមរាប៖ ការប្រកួតសំណេរអង្គរ ជាការប្រកួតប្រជែងសរសេរតាមអានអក្សរខ្មែរកម្រិតថ្នាក់ជាតិ បានត្រឡប់មកវិញសម្រាប់រដូវកាលទីពីរដែលនឹងក្លាយជាព្រឹត្ដិការណ៍ដ៏គួរឱ្យចងចាំមួយទៀតនៃមរតកអក្សរសាស្ត្រដ៏សម្បូរបែបរបស់ព្រះរាជាណាចក្រកម្ពុជា។
គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅលើស្ពានហាលនៃប្រាសាទអង្គរវត្ត ការប្រកួតនឹងបង្ហាញជាថ្មីម្តងទៀតនូវការលើកតម្កើងអក្សរសាស្ដ្រជាតិ និងកេរមរតកភាសាខ្មែរ។
លោក លឹម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលរៀបចំកម្មវិធីនេះ បានឱ្យដឹងថា៖ «យើងមានមោទនភាពក្នុងការចែករំលែកថា អ្នកដាក់ពាក្យចូលរួមប្រកួត ដែលមានវ័យចំណាស់ អាយុ ៨១ ឆ្នាំ ខណៈអ្នកក្មេងជាងគេមានអាយុត្រឹមតែ ៦ ឆ្នាំប៉ុណ្ណោះ»។
លោកបានបន្ដថា៖ «គួរឱ្យកត់សម្គាល់ នេះឆ្លុះបញ្ចាំងពីការរួមបញ្ចូល និងការទាក់ទាញរបស់អក្សរសាស្ត្រខ្មែរចំពោះមនុស្សទាំងអស់គ្នា»។ការប្រកួតបើកឆាកក្នុងឆ្នាំ២០២៤ បានរកឃើញម្ចាស់ជ័យលាភីលេខមួយ គឺយុវជន ចេង រតនា ទទួលបានជ័យជម្នះជាអ្នកឈ្នះលើកដំបូង។
ពេលនេះមានអាយុ ២៩ ឆ្នាំ លោក រតនា បានធ្វើឱ្យអ្នកផ្ដល់ពិន្ទុ និងអ្នកទស្សនាកោតស្ញប់ស្ញែងដោយការធ្វើកំហុសអក្ខរាវិរុទ្ធតែពីរប៉ុណ្ណោះក្នុងការសរសេរតាមអានរបស់លោក។
រង្វាន់របស់លោក រួមមានសំបុត្រយន្ដហោះដោយឥតគិតថ្លៃពីភ្នំពេញទៅប្រទេសថៃ កញ្ចប់សណ្ឋាគារប្រណិតមួយ រង្វាន់សាច់ប្រាក់ ១,២ លានរៀល (៣០០ ដុល្លារ) និងពានជ័យលាភីមួយ។
លោក ប៊ុនហុក បានលើកឡើងពីសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់យុវជន រតនា ដោយបានចង្អុលបង្ហាញថា ទោះបីជាការប្រកួតមានលក្ខណៈលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែបេក្ខភាពរូបនេះបានបង្កើតកំហុសតិចតួចបំផុត។
ភាពជោគជ័យរបស់លោក រតនា គឺគួរឱ្យកត់សម្គាល់ជាពិសេសដោយសារតែបរិបទនៃព្រឹត្តិការណ៍នេះដែលបានកើតឡើងនៅលើស្ពានហាលនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញលើពិភពលោកដោយបានទាក់ទាញអ្នកចូលរួមជាង ៧០០ នាក់ដែលមានអាយុពី ៧ ទៅ ៦៧ ឆ្នាំ។
ការប្រកួតប្រជែងក្រោមប្រធានបទ «អរិយធម៌ខ្មែរអង្គរ» បានដក់ជាប់យ៉ាងខ្លាំងជាមួយប្រជាជនកម្ពុជាគ្រប់វ័យ ដោយពង្រឹងបន្ថែមនូវសារៈសំខាន់នៃអក្សរសិល្ប៍ខ្មែរនៅក្នុងក្រណាត់វប្បធម៌របស់ប្រទេស។
ខណៈដែលការរំពឹងទុកត្រូវបានបង្កើតឡើងសម្រាប់ការប្រកួតប្រជែងលើកទីពីរនេះ យុវជន រតនា បានចែករំលែកការយល់ដឹង និងមានពាក្យពេចន៍មួយចំនួនសម្រាប់អ្នកចូលរួមនៅឆ្នាំនេះ។
លោកបាននិយាយថា៖ «ខ្ញុំចូលចិត្ដមុខវិជ្ជាអក្សរសាស្ដ្រខ្មែរតាំងពីរៀនថ្នាក់បឋមសិក្សាមក រហូតដល់ថ្នាក់វិទ្យាល័យ ហើយខ្ញុំក៏ធ្លាប់ចូលរួមការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសាស្ត្រខ្មែរក្នុងឆ្នាំ២០១២ ផងដែរ»។
និស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច លោក រតនា បានឱ្យដឹងថា លោកនៅតែស្រឡាញ់អក្សរសាស្ដ្រខ្មែរ ដោយចាប់យកអាជីពទីពីរជាអ្នកនិពន្ធរឿងខ្លី ប្រលោមលោក និងកំណាព្យ រួមទាំងអត្ថបទផ្សេងៗ ដូចជា សាច់រឿងកុនថែមទៀត។
លោកបានចែករំលែកថា លោកមានទម្លាប់ក្នុងការអាន ដែលជួយលើការចងចាំ ការប្រើប្រាស់ពាក្យពេចន៍ ហើយលោកមិនភ្លេចត្រួតពិនិត្យពាក្យពេចន៍តាមវចនានុក្រម ដោយយោងតាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត និងក្រុមប្រឹក្សាជាតិភាសាខ្មែរ។
លោក រតនា ដែលត្រៀមខ្លួនចូលប្រកួតប្រជែងរដូវកាលទីពីរនេះ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ការប្រកួតប្រជែង ខ្ញុំមិនសូវរំពឹងខ្ពស់ពេកនោះទេ ដោយធ្វើចិត្ដសប្បាយ ព្យាយាមធ្វើអារម្មណ៍តាមសម្រួល កុំដាក់សម្ពាធលើខ្លួនឯង»។
លោកបានបន្ដថា៖ «នៅពេលស្ដាប់ការអានអត្ថបទប្រកួតរបស់ [មេប្រយោគ ដែលកាលពីឆ្នាំមុន អានដោយលោកស្រី រដ្ឋមន្ដ្រីក្រសួងវប្បធម៌] យើងត្រូវស្ដាប់ឱ្យបានច្បាស់លាស់ និងសរសេរឱ្យទាន់»។
ដោយមើលឃើញពីចំនួនបេក្ខជនចូលរួមប្រកួតច្រើនជាងឆ្នាំមុនអតីតម្ចាស់ជ័យលាភីឆ្នាំមុនរូបនេះ បានពន្យល់ថា ទោះបីជាបេក្ខជនច្រើនប៉ុនណា បុគ្គលម្នាក់ៗត្រូវមានអារម្មណ៍ស្ងប់ ដោយផ្ដោតលើការសរសេររបស់ខ្លួនឯងឱ្យបានល្អឱ្យបានត្រឹមត្រូវ និងសរសេរឱ្យបានស្អាត។
សម្រាប់ការប្រកួតរដូវកាលទីពីរ ដែលមានបេក្ខជនជាង ១២០០នាក់ អ្នកចូលរួមនឹងត្រូវបែងចែកជាពីរក្រុម៖ ក្រុមទីមួយ សម្រាប់អ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំចុះក្រោម និងក្រុមទីពីរ សម្រាប់អ្នកចូលរួមដែលមានអាយុចាប់ពី ១៩ ឆ្នាំឡើងទៅ។
ការផ្លាស់ប្តូរនេះមានគោលបំណងពង្រឹងបន្ថែមទៀតនូវសមាហរណកម្ម ដោយធានាថា អ្នកដែលមានទំនុកចិត្តលើជំនាញសរសេរភាសាខ្មែររបស់ពួកគេមានឱកាសប្រកួតប្រជែង។
កម្មវិធីឆ្នាំនេះ «សំណេរអង្គរ» ត្រូវបានគេរំពឹងថានឹងទាក់ទាញការយកចិត្តទុកដាក់កាន់តែច្រើនទៅលើសារៈសំខាន់នៃវប្បធម៌ និងប្រវត្តិសាស្ត្រនៃភាសាខ្មែរ ដោយទាក់ទាញអ្នកចូលរួមយ៉ាងច្រើន។
ការប្រកួតគូសបញ្ជាក់ពីសារៈសំខាន់នៃអក្ខរក្រមខ្មែរ និងការអភិរក្សរបស់វា។ អ្នកចូលរួម រួមមានសិស្ស និស្សិត អ្នកជំនាញ និងអ្នកចូលនិវត្តន៍ ទាំងអស់បានរួបរួមគ្នាក្នុងចំណង់ចំណូលចិត្តរបស់ពួកគេចំពោះអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ខ្មែរ។
លោក ប៊ុនហុក បានថ្លែងថា៖ «បុគ្គលម្នាក់ៗក្លាយជាឯកអគ្គរាជទូតនៃមរតកអក្សរសាស្ត្ររបស់យើង»៕