ភ្នំពេញៈ ជនបរទេសចំនួន៥៧នាក់ ដែលជាបុគ្គលិកនៅកាស៊ីណូអូរស្មាច់រីសត ក្នុងខេត្តឧត្តរមានជ័យ ត្រូវ​បាន​បញ្ជូន​ទៅ ស្នាក់ការ នៃ​អគ្គ​នាយ​កដ្ឋានអន្តោប្រវេសន៍ប្រចាំ ខេត្តសៀមរាប ក្រោយពី ពួកគេ​បានចេញតវ៉ា រឿងថៅ​កែជន​ជាតិ​ចិនបង្ខំ ឱ្យ​ធ្វើកា​រ​គ្មា​ន​ថ្ងៃសម្រក និងបារម្ភរឿងមិនបើកប្រាក់ខែ។

អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងនៅថ្ងៃអង្គារ ទី៧ ខែមករាថា បុគ្គលិកជនជាតិបរទេសរបស់ ក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត ចំនួន ៥៧នាក់ ដែល មានជនជាតិ ប៉ា​គី​ស្ថាន៥៣នាក់(ស្រី ០២នាក់) និង ណេប៉ាល់៤ នាក់ បានធ្វើការតវ៉ា និងនាំគ្នាដើរចេញពីក្រុមហ៊ុននៅថ្ងៃទី៥ ខែ​មករា​។ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបាន ចុះទៅសម្របសម្រួល និងនាំពួកគាត់ទាំង៥៧ នាក់ទៅ សាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត។

ជនជាតិបរទេសទាំងនោះ បានមកធ្វើការនៅប្រទេសកម្ពុជា ក្នុងក្រុមហ៊ុនមួយ នៅខេត្តព្រះសីហនុ រយៈពេលពី២ ទៅ​៣ ខែមកហើយ ប៉ុន្តែ ពួកគេមិនទទួលបានប្រាក់ខែនោះទេ និងត្រូវបានក្រុមហ៊ុនបញ្ជូនពួកគាត់ ឱ្យទៅធ្វើ ការ​នៅក្រុ​ម​ហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត ក្នុងខេត្តឧត្តរមានជ័យវិញ។

ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបញ្ជាក់ថា៖«ក្រោយពីពួកគាត់បានមកធ្វើការនៅក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត បានរយៈពេល ១០ ថ្ងៃ ត្រូវអ្នក គ្រប់គ្រងជនជាតិចិន (មិនស្គាល់ឈ្មោះ) ឱ្យពួកគាត់ធ្វើការគ្មានថ្ងៃសម្រាក និង​ដោយ​​​ភ័យខ្លាចថា ខ្លួនមិនបានទទួលប្រាក់ខែ ដូចក្រុមហ៊ុននៅខេត្តព្រះសីហនុ ទើបពួកគាត់នាំគ្នាតវ៉ា»។

ពួកគេបានដើរចេញពីក្រុមហ៊ុន ដោយក្នុងដៃមានកាន់ដំបងឈើ ក្នុងគោលបំណង តវ៉ា​ឱ្យមា​នពេ​លឈ​ប់​សម្រាកគ្រប់​គ្រាន់ ខ្លះចង់បន្តការងារនៅកន្លែងដដែល ខ្លះចង់ទៅធ្វើការនៅក្រុមហ៊ុន ក្នុងខេត្តព្រះសីហនុវិញ ហើយ ខ្លះ​ទៀត​ចង់​ត្រ​ឡប់​ទៅ​ប្រទេ​សកំណើតវិញ។

បន្ទាប់ពីធ្វើការសាកសួរទៅលើជនបរទេសទាំងនោះរួច ស្នងការនគរបាលខេត្ត បានបញ្ជូនពួកគេទៅ​ស្នាក់ការ នៃ​អគ្គ​នាយ​កដ្ឋានអន្តោប្រវេសន៍ប្រចាំ ខេត្តសៀមរាប ដើម្បីបន្តនីតិវិធី។ ជាគោលការណ៍ ក្រោយពីការសួរនាំ និងបំពេញ​សំណុំបែប​បទ​រួចហើយ ជនបរទេសនឹងត្រូវបណ្តេញចេញពីកម្ពុជា។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនអាចទាក់​ទងសុំអត្ថាធិប្បាយ​ចំ​ពោះ​ករណីនេះបានទេ នាថ្ងៃពុធ ទី៨ ខែមករានេះ៕