ក្រុមហ៊ុន Eco-Bricks ដែលបានកែច្នៃសំរាមប្លាស្ទិករាប់តោនទៅជាឥដ្ឋអេកូទទួលបានការគាំទ្រច្រើន និងបានពង្រីកខ្លួនយ៉ាងឆាប់រហ័សតាមរយៈការលក់គំរូអាជីវកម្មទៅឱ្យក្រុមហ៊ុនប្រមាណ ១០ ដើម្បីបំពេញតម្រូវការអតិថិជន ក៏ដូចជាបង្កើនការប្រើប្រាស់សំរាមប្លាស្ទិកក្នុងវិស័យគ្រឿងសំណង់។
លោក សុខ ធី ស្ថាបនិកក្រុមហ៊ុន Eco-Bricks បានប្រាប់ ភ្នំពេញប៉ុស្តិ៍ ថា ការលក់គំរូអាជីវកម្មបានបង្កើនបរិមាណផលិតចែកចាយឥដ្ឋអេកូ ក៏ដូចជាបានរួមចំណែកកាត់បន្ថយបញ្ហាសំរាមប្លាស្ទិករាប់តោន ដែលត្រូវបានបោះចោល ឬដុតដែលបង្កជាផ្សែងពុលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ ព្រមទាំងបំពុលបរិយាកាសថែមទៀតផង។
ស្ថាបនិក Eco-Bricks បានលើកឡើងថា៖ «ខ្ញុំបង្រៀនពួកគេពីរបៀបដំឡើងគ្រឿងចក្រដែលពួកគេត្រូវការដើម្បីឱ្យពួកគេអាចផលិតឥដ្ឋអេកូមានគុណភាពដូចគ្នានឹងឧបករណ៍ដែលក្រុមហ៊ុនមេបង្កើត»។
សិប្បកម្មផលិតឥដ្ឋអេកូមានទីតាំងស្ថិតនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សិប្បកម្មនេះ បានចាប់ផ្តើមដំណើរការកាលពីឆ្នាំ២០១៩ ដោយប្រមូលកាកសំណល់ប្លាស្ទិកពី ៥ ទៅ ១០ តោនក្នុងមួយខែៗពីអង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដើម្បីផលិតជាឥដ្ឋអេកូ សម្រាប់បម្រើដល់វិស័យសំណង់។
ស្ថាបនិកក្រុមហ៊ុនបានចាប់ផ្តើមពីការសិក្សាស្រាវជ្រាវការធ្វើឥដ្ឋអេកូពីបរទេស ដោតប្រមូលកាកសំណល់ប្លាស្ទិកប្រមាណ ៥ ទៅ ១០តោនក្នុងមួយខែៗពីបណ្ដាក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាល។
ស្ថាបនិកក្រុមហ៊ុន Eco-Bricks លោក ធី បានរំឭកប្រាប់ថា៖«មុនពេលខ្ញុំបើកសហគ្រាសកែច្នៃប្លាស្ទិកនេះខ្ញុំបានសិក្សាពីបច្ចេកទេសជាច្រើននៅក្នុងប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន ចិន និងឥណ្ឌាថែមទាំងរៀនមេរៀនតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ»។
លោកបានរៀបរាប់ថា ក្រុមហ៊ុនផលិតឥដ្ឋអេកូបានចាប់ផ្តើមប្រតិបត្តិការដំបូងនៅឆ្នាំ ២០១៩ ដោយមិនមានដើមទុន និងវត្ថុធាតុដើមគ្រប់គ្រាន់ទេ។ ដោយសារមិនមានម៉ាស៊ីនកិនប្លាស្ទិក ក្រុមការងាររបស់លោកត្រូវប្រើកន្ត្រៃ និងកាំបិត ដើម្បីកាត់ប្លាស្ទិក ជាបំណែកតូចៗល្មមសម្រាប់ដំណើរការ។
លោក ធី បានឱ្យដឹងថា៖ «ប្លាស្ទិកទម្ងន់ ២ គីឡូក្រាមគឺគ្រប់គ្រាន់សម្រាប់ផលិតឥដ្ឋបានមួយដុំហើយឥដ្ឋមួយដុំមានតម្លៃ ១០០០រៀលហើយអតិថិជនក៏អាចជ្រើសរើសប្រភេទឥដ្ឋអេកូទៅតាមការចង់បានផងដែរដោយមាន ៣ ប្រភេទគឺឥដ្ឋឡាំតូ ឥដ្ឋសម្បកឈើ និងឥដ្ឋធម្មតា»។
អាជីវកម្មរបស់លោកបានកែច្នៃកាកសំណល់ប្លាស្ទិកចន្លោះពី ២ ទៅ ៣ តោនក្នុងមួយខែៗ ដោយធ្វើការកិនកម្ទេចប្លាស្ទិកទាំងនោះឲ្យម៉ដ្ឋរួចលាយជាមួយនឹងវត្ថុធាតុដើមដូចជា ដី ខ្សាច់ ស៊ីម៉ង់ មុននឹងយកទៅសង្កត់ក្នុងពុម្ពដើម្បីផលិតចេញជាឥដ្ឋអេកូ។ក្រៅពីការប្រើប្រាស់សំរាមប្លាស្ទិកក្នុងវិស័យសំណង់ លោកក៏បានព្យាយាមកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានក្នុងដំណើរការផលិតផងដែរ។។
លោក សុខ ធី បានបញ្ជាក់ថា៖ «សម្រាប់ការសម្ងួតឥដ្ឋយើងមិនបានប្រើឈើដុតសម្ងួតនោះទេ ដោយសង្វាក់ផលិតកម្មរបស់យើងធ្វើតាមបច្ចេកទេសដោយគ្រាន់តែស្រោចទឹកប៉ុណ្ណោះ»។
លោកលើកហេតុផលថា៖ «នេះក៏ជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនិងកាត់បន្ថយថ្លៃដើមផងដែរ។ ឥដ្ឋរបស់យើងមានអាយុកាលជាង១០០ ឆ្នាំ និងមានកម្លាំងខ្លាំងជាងឥដ្ឋដីឥដ្ឋក្រហមស្តង់ដារពី ៥ ទៅ ៦ ដង»។
រហូតមកដល់ពេលនេះ ក្រុមហ៊ុន Eco-Bricks បានឈ្នះពានរង្វាន់ចំនួន ៤ សម្រាប់សហគ្រិនឆ្នើមប្រចាំឆ្នាំ។ Eco-Bricks បានបំផុសគំនិតឲ្យប្រជាជនខ្មែរយល់ដឹងពីលទ្ធផលកែច្នៃប្រើប្រាស់សំរាម និងបានធ្វើឲ្យពួកគេបានប្លាស់ប្តូរផ្នត់គំនិតពីការបោះចោលសំរាម ឬដុតប្លាស្ទិក។
យោងតាមក្រសួងបរិស្ថាន សំរាមជាង ១ម៉ឺនតោន ត្រូវបានប្រមូលក្នុងរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។ ២០ ភាគរយនៃកាកសំណល់គឺជាប្លាស្ទិច ដែលក្នុងនោះមានតែ ១០ ភាគរយប៉ុណ្ណោះ ដែលត្រូវបានកែច្នៃឡើងវិញ៕